(ភ្នំពេញ)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា. បានរៀបចំកិច្ចជំនួបសហគ្រិនវ័យក្មេងលើកទី២ ឆ្នាំ២០២៥។ កម្មវិធីនេះគឺជាកិច្ចជំនួបលើកទី២ ក្នុងចំណោមកិច្ចជំនួប ៤ ដងជាប្រចាំឆ្នាំរបស់សមាគម ដែលជាកម្មវិធីជួបជុំពិសេស និងដ៏សំខាន់មួយសម្រាប់សមាជិកសហគ្រិន និងម្ចាស់អាជីកម្ម ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងបណ្តាញគាំទ្រអាជីវកម្មរវាងសមាជិកនិងសមាជិក ព្រមទាំងជាវេទិកាសម្រាប់ចែករំលែកនូវបទពិសោធន៍ បញ្ហាប្រឈម ឬដំណោះស្រាយផ្សេងៗ ក៏ដូចជាការផ្សារភ្ជាប់បណ្តាញអាជីវកម្ម និងបង្កើតឱកាសគាំទ្រគ្នាទៅវិញទៅមក។
សហគ្រិន និងម្ចាស់អាជីវកម្មដែលបានអញ្ជើញចូលរួមប្រមាណជា ១៨០ នាក់ក៏បានទទួលនូវការចែករំលែកព័ត៌មានស្ដីពីច្បាប់ និងគោលនយោបាយសំខាន់ៗសម្រាប់គាំទ្រអាជីវកម្ម ជាពិសេសកាំគាំទ្រហិរញ្ញវត្ថុ ពីវាគ្មិនជំនាញដែលពាក់ព័ន្ធ និងដែលទាក់ទងនឹងធុរកិច្ចនៅកម្ពុជា។
សមាគមសហគ្រិនវ័យក្មេងកម្ពុជា តែងតែខិតខំប្រឹងប្រែងស្វែងរកគ្រប់មធ្យោបាយ និងវិធីសាស្ត្រ ធ្វើយ៉ាងណាដើម្បីជួយគាំទ្រដល់សមាជិកសមាជិការបស់សមាគម ដែលជាសហគ្រិន និងម្ចាស់សហគ្រាស ទទួលបានឱកាសពង្រីកទីផ្សារពង្រឹងបណ្ដាញ បង្កើនសមត្ថភាព លើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងលើកកម្ពស់ប្រព័ន្ធអេកូសហគ្រិននៅកម្ពុជាឱកាន់តែមានសក្ដានុពល និងភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់។
ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងថា «លទ្ធភាពទទួលបានហិរញ្ញប្បទានគឺជា អាទិភាពទី១ របស់សមាគម ក្នុងចំណោមអាទិភាពទាំង ៦ ដូច្នេះហើយសមាគមតែងតែយកចិត្តទុកដាក់រៀបចំកម្មវិធីផ្សេងៗជាមួយស្ថាប័នជាដៃគូ ដូចជាជំនួបសហគ្រិនវ័យក្មេង លើកទី២ នេះជាដើម ដើម្បីជួយដល់សមាជិកឱ្យទទួលបាននូវឱកាសវិនិយោគ ឬ កម្ចីអាជីវកម្មប្រកបដោយប្រសិទ្ធភាពនិងហានិភ័យទាប។ ម៉្យាងទៀត យុទ្ធសាស្ត្រទី១ អំពីលទ្ធភាពទទួលបានហិរញ្ញប្បទាននេះ ត្រូវបានដាក់ចេញដោយមានការប្រឹក្សាយោបល់យ៉ាងម៉ត់ចត់ពីអ្នកជំនាញផ្នែកហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលរបស់សមាគម និងតាមរយៈការទទួលបានមតិយោបល់ និងអនុសាសន៍ល្អៗ ពីសិក្ខាសាលាពិគ្រោះយោបល់ដែលសមាគមបានរៀបចំប្រមូលពីភាគីពាក់ព័ន្ធដែលបានចូលរួមក្នុងអង្គសិក្ខាសាលា និងមតិយោបល់របស់សមាជិកសមាគមតាមរយៈការស្ទង់មតិអនឡាញ»។
ឧកញ៉ាបានបន្ដថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ក្រោមកិច្ចសហការក្នុងភាពជាដៃគូយុទ្ធសាស្រ្តជាមួយសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៥» ដើម្បីលើកកម្ពស់ការទទួលបានហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុ អ្នកវិនិយោគ និងការកសាងសមត្ថភាព តាមរយៈវគ្គបណ្តុះបណ្តាលផ្សេងៗដែលទាក់ទងនឹងការគ្រប់គ្រងសាច់ប្រាក់ ការធ្វើផែនការអាជីវកម្ម ទុនបង្វិល ការរៀបចំឯកសារ និងការត្រៀមខ្លួនសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មក្នុងការទទួលបានហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុ និងអ្នកវិនិយោគ។
សមាគមដៃគូទាំង៣នឹងសហការរៀបចំនូវវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពសហគ្រិននិងម្ចាស់អាជីវកម្មដើម្បីឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានហិរញ្ញប្បទាន និងបង្កលក្ខណៈឱ្យសហគ្រិនអាចមានឱកាសក្នុងការជួបជាមួយស្ថាប័នហិរញ្ញវត្ថុ និងអ្នកវិនិយោគដោយផ្ទាល់តាមរយៈការផ្គូផ្គងរវាងម្ចាស់អាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុក្នុងព្រឹត្តិការណ៍រាត្រី ជំនួបជាមួយស្ថាប័នហិរញ្ញវត្ថុ និងការផ្គូផ្គងរវាងម្ចាស់អាជីវកម្មជាមួយអ្នកវិនិយោគដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ រាត្រីជំនួបជាមួយអ្នកវិនិយោគ។
បន្ថែមលើនេះ ម្ចាស់អាជីវកម្មដែលចូលរួមក្នុងកម្មវិធីនេះ នឹងមានឱកាសទទួលបានជំនួយបច្ចេកទេស ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុផងដែរ។
លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានមានប្រសាសន៍ថា «សហគ្រាសនៅកម្ពុជាជាច្រើននៅមានតម្រូវការឥណទានក្នុងទំហំធំ ដែលតម្រូវឱ្យមានការចូលរួមយ៉ាងសកម្មពីតួអង្គពាក់ព័ន្ធ ជាពិសេសការផ្ដល់ហិរញ្ញប្បទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឯកជន ដើម្បីគាំទ្រសហគ្រាសក្នុងការអភិវឌ្ឍខ្លួនទៅជាសហគ្រាសធុនមធ្យម និងធំ ដែលនឹងគាំទ្រដល់ការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និង ២០៥០ របស់រាជរដ្ឋាភិបាល ក្នុងការក្លាយខ្លួនជាប្រទេសមានចំណូលមធ្យម និងចំណូលខ្ពស់»។
លោកបណ្ឌិតក៏បានអរគុណដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលបង្កើតឱ្យមានកម្មវិធីនេះឡើង ដែលជាថ្នាលដ៏មានសារៈសំខាន់មួយសម្រាប់សហគ្រិន អាចទទួលបាននូវព័ត៌មានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ទាក់ទងនឹងការទទួលបាននូវហិរញ្ញប្បទាន និងការគាំទ្រនានា ព្រមទាំងការពង្រីកទំនាក់ទំនង សម្រាប់ជំរុញនូវប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពទាំងមូល។
ជំនួបសហគ្រិនវ័យក្មេង លើកទី២ នេះក៏មានកិច្ចពិភាក្សាតុមូលដ៏សំខាន់មួយស្ដីពីការស្វែងយល់ជម្រើសហិរញ្ញប្បទានដើម្បីទ្រទ្រង់អាជីវកម្ម ដោយមានវាគ្មិនជំនាញៗចូលរួមចែករំលែករួមមាន លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា(ABC) លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) លោក ខុម ច័ន្ទតារា នាយកប្រតិបត្តិការក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ ខេមបូឌា(CBC) លោក ស៊ឹម ចាន់គីរីរ័ត្ន អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាស្ថាបនិក និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន Banhji ព្រមទាំងមានការសម្របសម្រួលដោយ លោកស្រី ឈុន សុថានី សមាជិកក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជានាយិកាប្រតិបត្តិក្រុមហ៊ុន អិមវីយូ អ៊ិនវេសម៉ិន៕