(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកបណ្តុះបណ្តាលថ្នាក់បណ្ឌិត ដែលមាន៧ជំនាញ។

ក្នុងសេចក្តីជូនដំណឹង បានឲ្យដឹងថា សាកលវិទ្យាល័យនឹងបើកបណ្តុះបណ្តាលថ្នាក់បណ្ឌិត ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥តទៅ ដែលមាន៧ជំនាញ ដូចខាងក្រោម៖

*បណ្ឌិតនីតិសាស្ត្រ (Doctor of Laws)
*បណ្ឌិតធុរកិច្ច (Doctor of Business)
*បណ្ឌិតរដ្ឋបាលសាធារណៈ (Doctor of Public Administration)
*បណ្ឌិតសេដ្ឋកិច្ច (Doctor of Economics)
*បណ្ឌិតទំនាក់ទំនងអន្តរជាតិ (Doctor of International Relations)
*បណ្ឌិតវិទ្យាសាស្ត្រនយោបាយ (Doctor of Political Science)
*បណ្ឌិតព័ត៌មានវិទ្យា (Doctor of Information of Technology)។

និស្សិតអាចជ្រើសរើសការសិក្សាជាភាសាខ្មែរ ភាសាអង់គ្លេស ឬភាសាបារាំង។

លក្ខខណ្ឌជ្រើសរើស៖

១. ឆ្លងកាត់ការសិក្សាគ្រប់ភូមិសិក្សាដែលមានលក្ខណៈជាប្រព័ន្ធ
២. មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រដែលមានតម្លៃស្មើដោយមានការទទួលស្គាល់ពីក្រសួង ឬស្ថាប័នមានសមត្ថកិច្ច
៣. ទទួលបានពិន្ទុមធ្យមភាគសរុប (GPA) នៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចាប់ពី៣.០០ឡើងទៅ ឬបានសរសេរនិក្ខេបបទក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
៤. មានសមត្ថភាពក្នុងការសិក្សាស្រាវជ្រាវ និងមានសំណើគម្រោងស្រាវជ្រាវបឋមច្បាស់លាស់
៥. មានសមត្ថភាពប្រើប្រាស់មូលដ្ឋានគ្រឹះព័ត៌មានវិទ្យាសម្រាប់ការស្រាវជ្រាវ (Word, Excel, Power Point និងInternet Search)។

៦. មានកម្រិតយល់ដឹងភាសាបរទេស៖

៦.១. ចំណេះដឹងភាសាបរទេសករណីសិក្សាជាភាសាខ្មែរ៖
*មានបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីប្រទេសក្រៅ ដែលប្រើភាសាអង់គ្លេសក្នុងការបណ្តុះបណ្តាល ឬ ភាសាបរទេសណាមួយទៀតសមស្របនឹងតម្រូវការរបស់មុខជំនាញបណ្តុះបណ្តាលតាមការសម្រេចរបស់ ក្រុមប្រឹក្សាវិទ្យាសាស្ត្រ ឬ
*មានបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅក្នុងប្រទេសដែលភាសាប្រើប្រាស់ក្នុងការបណ្តុះបណ្តាល ជាភាសាអង់គ្លេសមិនឆ្លងកាត់អ្នកបកប្រែ ឬភាសាបរទេសណាមួយ សមស្របនឹងតម្រូវការមុខជំនាញ បណ្តុះបណ្តាលតាមការសម្រេចរបស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រ ឬ
*មានបរិញ្ញាបត្រភាសាអង់គ្លេស ឬភាសាអន្តរជាតិណាមួយសមស្របនឹងតម្រូវការមុខជំនាញបណ្តុះបណ្តាល តាមការសម្រេចរបស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រ ឬ
*មានវិញ្ញាបនបត្រភាសាអង់គ្លេសចាប់ពី TOEFL IBT ៦១ពិន្ទុ ឬTOEFL ៥០០ពិន្ទុ ឬ TOEFL ITP ៥០០ ពិន្ទុ ឬIELTS ៥.០ឡើងទៅ ឬវិញ្ញាបនបត្រសមមូល។

៦.២. ចំណេះដឹងភាសាបរទេសករណីសិក្សាជាភាសាអង់គ្លេស ឬភាសាបារាំង៖
*សិក្សាជាភាសាអង់គ្លេសត្រូវមាន TOEFL ចាប់ពី៦០០ឡើងទៅ ឬIELTS ចាប់ពី៦.៥ឡើងទៅ
*សិក្សាជាភាសាបារាំងត្រូវមានវិញ្ញាបនបត្រភាសាបារាំង DELF B2 ឬDALF C1/C2 ឬវិញ្ញាបនបត្រសមមូល។

ព័ត៌មានបន្ថែម សូមទាក់ទងលោកស្រីបណ្ឌិត សៀង ស៊ីម លេខទូរសព្ទ +៨៥៥ ៩២ ៤៤៥ ៩៥៨ ៕