(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយប្រតិភូតំណាងសាកលវិទ្យាល័យចំនួន២៥ នៃខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំកម្ពុជា-ក្វាងស៊ី។

កិច្ចពិភាក្សានេះ បានធ្វើឡើងដោយផ្តោតលើ ពង្រឹងទំនាក់ទំនងវិទ្យាសាស្ត្រអប់រំ, ការផ្លាស់ប្តូរអន្តរជាតិរវាងសាកលវិទ្យាល័យនិងសាកលវិទ្យាល័យ, កិច្ចព្រមព្រៀងលើវិស័យអប់រំ បច្ចេកវិទ្យា និងភាសា, ផ្លាស់ប្តូរអាហារូបករណ៍ចិន-កម្ពុជា, ជំរុញកិច្ចសហប្រតិបត្តិការអប់រំផ្នែកបញ្ញាសិប្បនិម្មិត (Ai), សហការបង្កើតមជ្ឈមណ្ឌលកសាងបញ្ញាសិប្បនិម្មិតចិន-អាស៊ាន, ផ្លាស់ប្តូរធនធានមនុស្ស និងការផ្ទេរបច្ចេកវិទ្យាគ្នាទៅវិញទៅមក និងសហការបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមជម្រាបថានៅក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីររំពឹងថា នឹងសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀតលើវិស័យសិក្សាធិការ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការផ្លាស់ប្តូរបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Ai) ពីគ្នាទៅវិញទៅមក។ ក្នុងនោះ ភាគីចិនក៏គ្រោងអញ្ជើញអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ទៅចូលរួមវេទិកាវិទ្យាសាស្ត្រនៅខេត្តក្វាងស៊ី នាពេលខាងមុខនេះផងដែរ៕