Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាសូរណាស់លោកអើយ! រថយន្តដឹកម៉ាស៊ីនច្រូត បើកបុកប៉ារ៉ាស់សុវត្ថិភាព ធ្លាក់បាក់កស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

07-11-2016 06:45

(ពោធិ៍សាត់)៖ បុរសម្នាក់បានធ្លាក់បាក់កស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់​ នៅមន្ទីរពេទ្យបង្អែកបាកាន ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តដឹកម៉ាស៊ីនច្រូត បើកមិនប្រុងប្រយ័ត្នទៅបុកប៉ារ៉ាស់សុវត្ថិភាព ខណៈជនរងគ្រោះទាំងពីរនាក់កំពុងអង្គុយលើម៉ាស៊ីនច្រូត។

ហេតុការណ៍ដែលគួរឲ្យអាសូរនេះ កើតឡើងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចប៉ារ៉ាស់កាត់ទទឹងផ្លូវ ស្ថិតក្នុងភូមិក្រសាំងគ្រូ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក នាង វុធ អធិការនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក HYUNDAI ព័ណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-2298 ដឹកម៉ាស៊ីនច្រូតស្រូវពីលើ ធ្វើដំណើរពីត្បូងទៅជើង បើកបរដោយឈ្មោះ ឈិន រ៉ាន់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត លុះមកដល់ចំណុចកើតហេតុ មិនប្រុងប្រយ័ត្នបានទៅបុកនឹងប៉ារ៉ាស់កាត់ទទឹងផ្លូវ បណ្តាលឲ្យជនរងគ្រោះពីរនាក់ ដែលអង្គុយលើម៉ាស៊ីនច្រូត ឈ្មោះ ងួន ម៉ើយ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិក្រាំងរំដេញ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត (ធ្លាក់បាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ) និងឈ្មោះ ប៉ាង វៃ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិក្រាំងរំដេង ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត (រងរបួសធ្ងន់)។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានកម្លាំងនគរបាលមូលដ្ឋាន និងប្រជាពលរដ្ឋ សហការគ្នាបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកបាកាន ដោយឡែកសាកសពជនរងគ្រោះម្នាក់ទៀត រងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕