(សៀមរាប)៖ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជួសជុលរចនាសម្ពន្ធទបង្ហូរទឹក នៅទិសខាងលិច នៃប្រាសាទនាគព័ន្ធ ដោយជោគជ័យ។
លោក អ៊ិច ស្រេង បុគ្គលិកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រចនាសម្ពន្ធរបស់ទបង្ហូរទឹកនៅទិសខាងលិច នៃប្រាសាទនាគព័ន្ធ បានប្រែក្លាយពីការខូចខាត ទៅជាមានភាពរឹងមាំ និងមានសោភ័ណភាពឡើងវិញ។ រចនាសម្ពន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ បានរងការខូចខាតជាច្រើនកន្លែង ដោយសារតែកត្តាអាយុកាល ទឹកហូរច្រោះ និងរុក្ខជាតិដុះចាក់ឬសចូលសំណង់។
លោក អ៊ិច ស្រេង បានបញ្ជាក់ទៀតថា ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានជួសជុលរចនាសម្ពន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ ចំនួន២ទីតាំងរួចមកមកហើយ។ ទី១៖ គឺរចនាសម្ពន្ធទបង្ហូរទឹកនៅទិសខាងកើត និងទី២៖ រចនាសម្ពន្ធទបង្ហូរទឹកនៅទិសខាងជើង។
ក្រុមអ្នកជំនាញរំពឹងថា បន្ទាប់ពីការជួសជុលរចនាសម្ពន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ ដែលធ្លាប់តែរងហានិភ័យ គឺរចនាសម្ពន្ធទាំងនោះ នឹងមានភាពរឹងមាំ មានសោភ័ណភាព ព្រមទាំងមានភាពទាក់ទាញឱ្យអ្នកទេសចរអាចទៅទស្សនាកើនឡើងផង៕