(ភ្នំពេញ)៖ កូនត្រីជិត ៦ម៉ឺនក្បាលត្រូវបានលែងចូលទៅក្នុងប្រភពទឹកមួយកន្លែងស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ស្ពឺ ក្នុងបំណងឲ្យផលត្រីក្នុងភូមិសាស្រ្តមានកាន់តែច្រើនបម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ពិធីលែងកូនត្រីនាថ្ងៃទី០៦ ខែវិច្ឆិកានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងមានការអញ្ជើញចូលរួមពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមន្រ្តីក្រសួងកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។
កូនត្រីដែលបានលែងនៅថ្ងៃនេះរួមមាន៖ កូនត្រីឆ្ពិន ៣ម៉ឺនក្បាល ត្រីប្រា ១ម៉ឺនក្បាល ត្រីព្រួល ១ម៉ឺនក្បាល និងត្រីព្រលូង ៥ពាន់ក្បាល។
រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន បានថ្លែងថា ការលែងកូនត្រីទៅក្នុងប្រភពទឹកស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជាប់ព្រំប្រទល់ជាមួយនិងខេត្តកំពង់ស្ពឺនេះ ដើម្បីឲ្យផលត្រីនៅក្នុងភូមិសាស្រ្តនេះកើតឡើងកាន់តែច្រើនបំពេញដល់សេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋ។
ទន្ទឹមនិងការលែងកូនត្រីនេះ លោករដ្ឋមន្រ្តី បានទទូចឲ្យប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់ការនេសាទខុសច្បាប់ ដូចជាការប្រើស្បៃមុងចាប់យកកូនត្រីតូចៗជាដើម។ លោករដ្ឋមន្រ្តីថា ការរួមគ្នាទប់ស្កាត់ការប្រើឧបករណ៍នេសាទខុសច្បាប់ គឺផ្តល់ឱកាសឲ្យកូនត្រីធំធាត់បានកាន់តែច្រើន៕