Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព័ត៌មានលំអិតជុំវិញហេតុការណ៍ប្លន់បណ្ណាគាររបស់ចិនមុខព្រលានយន្តហោះ រហូតឈានដល់បាញ់សម្លាប់បុរសម្នាក់, មានវីដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញសកម្មភាពចោរប្លន់នៅខាងក្នុង

06-11-2016 18:08

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងបុរីមួយកន្លែងស្ថិតនៅក្នុងដីឡូតិ៍ ភូមិជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ម្តុំរង្វង់មូលចោមចៅ ដោយមានក្រុមមនុស្សពីរនាក់បាននាំគ្នាបាញ់ សម្លាប់សន្តិសុខជាមន្រ្តីយោធាម្នាក់ឲ្យស្លាប់បាត់បង់ជីវិត។

ក្រោយកើតហេតុភ្លាមៗ ក៏មានបណ្តាញផ្សព្វផ្សាយខ្លះបានផ្សព្វផ្សាយថា ហេតុការណ៍នោះគឺជាការដេញបាញ់គ្នារវាងជនជាតិចិន និងជនជាតិចិន ហើយពេលឃើញខ្មែរ ក៏បាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ។ ក្រោយឃើញការចេញផ្សាយបែបនេះក្រុមសមត្ថកិច្ចក៏បានធ្វើការច្រានចោល ហើយបានអះអាងថា ករណីនេះ គឺជាករណីប្លន់ប្រដាប់អាវុធ។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ រាជធានី​ភ្នំពេញ លោក​អេង សោភា បានប្រាប់ Fresh News ពេលកំពុងដឹកនាំកម្លាំងចុះឡោម ព័ទ្ធកន្លែងក្រុមចោរចូលលាក់ខ្លួនថា នៅវេលាម៉ោងជិតមួយរសៀលថ្ងៃអាទិត្យនេះ ក្រុមចោរក្រុមចោរពីរនាក់ស្លៀកពាក់ស៊ីវិល និងពាក់ម៉ាស់មុខ បានដើរចូលទៅក្នុងផ្ទះបើកលក់សៀវភៅ ប៊ិច និងសម្ភារៈសិក្សារបស់ជនជាតិចិនឈ្មោះ លូ បាយហេង អាយុ ៥៤ឆ្នាំ។ ពេលចូលទៅក្នុងផ្ទះក្រុមចោរបានទាញទ្វារបិទ ព្រមទាំងបានដកកាំភ្លើងភ្ជង់ម្ចាស់ផ្ទះ និង និយាយភាសាចិនទារលុយ ព្រមទាំងទាញយកខ្សែករមួយខ្សែផងដែរ។

លោក អេង សោភា បន្តថា ក្រោយពេលក្រុមចោរកំពុងធ្វើសកម្មភាពនោះ ភរិយារបស់ជនរងគ្រោះ ដែលនៅជាន់លើ ក៏ស្រែកជាភាសាចិនថា ចោរចូលប្លន់ ធ្វើឲ្យក្រុមចោរភ័យ ក៏បើកទ្វារផ្ទះរត់គេចខ្លួន ដោយរត់សំដៅទៅខាងរង្វង់មូលចោមចៅ។ ពេលទៅដល់រោងចក្រ PPM ក្រុមចោរបានរត់ចូលទៅក្នុងបុរី ដែលគេសាងសង់ឡើងក្នុងដីឡូតិ៍។

ភ្លាមៗនោះសន្តិសុខយាមនៅទីនោះ ដេញតាមសួរនាំក្នុងបំណងហាមឃាត់ក្រុមចោរមិនចូលទៅក្នុងបុរីនោះ ស្រាប់តែជនល្មើសបានបាញ់មួយគ្រាប់បណ្តាលឲ្យត្រូវជនរងគ្រោះឈ្មោះ យ៉េន រីណុង អាយុ ២៣ឆ្នាំ បណ្តាលឲ្យស្លាប់ ឯកម្នាក់ទៀតជាសន្តិសុខយាមនៅភូមិគ្រឹះវូហោ ដែលដេញតាមដែរនោះ ត្រូវអំបែងកញ្ចក់ចំខ្លួនបណ្តាលឲ្យរងរបួសស្រាល។

បន្ទាប់ពីបាញ់បណ្តាលឲ្យសន្តិសុខស្លាប់ និងរបួសហើយ ក្រុមចោរ ក៏បានរត់គេចខ្លួនបាត់ទៅ។ តាមការសន្និដ្ឋានក្រុមចោរប្លន់ជាអ្នកបាញ់មានអាយុប្រហែល ៣៥ឆ្នាំ កម្ពស់ប្រហែល ១.៧២ម៉ែត្រ មានមាឌស្តើង។ ជនសង្ស័យម្នាក់ទៀត អាយុប្រហែល ៣៤ឆ្នាំ មានរាងស្តើងកម្ពស់ប្រហែល ១.៦៨ម៉ែត្រ។

សមត្ថកិច្ច បានឲ្យដឹងថា ក្រុមចោរបានប្លន់យកលុយពីក្នុងបណ្ណាគាររបស់ជនជាតិចិនយកលុយ ៥០០ដុល្លារ និងខ្សែករមួយខ្សែទម្ងន់ប្រ មាណ ១តម្លឹង។

រហូតមកដល់ល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា កងកម្លាំងសមត្ថកិច្ចចម្រុះទាំងនគរបាល និងកងរាជអាវុធហត្ថ បាននិងកំពុងឡោមព័ទ្ធនៅនៅទីតាំងដីឡូតិ៍ ដើម្បីតាមចាប់ក្រុមចោរ៕