(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការចោទប្រកាន់លើក្រុមក្មេងទំនើងពាក់ព័ន្ធនឹងករណីប្រើប្រាស់អាវុធកាប់ទៅលើជនរងគ្រោះ និងកាប់យកផ្លាកលេខម៉ូតូដោយបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ប្រព្រឹត្តនៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០២ និង ១០នាទីរំលងអាធ្រាត មានក្មេងទំនើងមួយក្រុមមានគ្នាចំនួន ២១នាក់ ជិះម៉ូតូចំនួន ១០គ្រឿង បានធ្វើសកម្មភាពជិះម៉ូតូទៅរារាំងពីមុខ និងពីក្រោយ ម៉ូតូរបស់ជនរងគ្រោះចំនួន ០១ គ្រឿងដែលកំពុងជិះគ្នាពីរនាក់នៅចំណុចមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បន្ទាប់មកបក្ខពួកនៃក្រុមក្មេងទំនើងខាងលើក៏បានចុះពីលើម៉ូតូ និងប្រើប្រាស់កាំបិតផ្គាក់ចំនួន ០១ដើម កាំបិតប៉័ងតោចំនួន ០១ដើម និងដាវកែច្នៃចំនួន ០១ ដើម កាប់ ទៅលើជនរងគ្រោះម្នាក់ចំខ្នងចំនួន ០១ កាំបិត ទើបជនរងគ្រោះទាំងពីរនាក់បានផ្ដួលម៉ូតូចោលរួចរត់ចូលទៅក្នុងស្ថានីយប្រេងឥន្ធនៈមួយកន្លែង ហើយភ្លាមនោះបក្ខពួកនៃក្រុមក្មេងទំនើងក៏បានបន្តប្រើប្រាស់ដាវកែច្នៃចំនួន ០១ដើម ដេញកាប់ទៅលើជនរងគ្រោះ ត្រូវចំក្បាលចំនួន ០១ដាវទៀត បណ្តាលឱ្យរយះហូរឈាមរងរបួសធ្ងន់ធ្ងរ ចំណែក ជនរងគ្រោះម្នាក់ទៀតក៏បានរត់ចូលទៅក្នុងកំពង់ផែស្ងួតតេងឡាយ ដើម្បីឱ្យគេជួយ។
ឃើញដូច្នេះ បក្ខពួកក្រុម ក្មេងទំនើងនោះក៏បាននាំគ្នាកាប់ទៅលើម៉ូតូរបស់ជនរងគ្រោះ បណ្តាលឱ្យខូចខាតជាច្រើនកន្លែង ព្រមទាំងបាន កាប់ផ្តាច់កន្ទុយម៉ូតូដែលជាប់ផ្លាកលេខ រួចក៏បានយកផ្លាកលេខនោះជិះម៉ូតូគេចខ្លួនបាត់អស់។ រហូតមកដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៥ កម្លាំងសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ ១.ឈ្មោះ តុប សុធា ភេទប្រុស អាយុ១៨ឆ្នាំ ២.ឈ្មោះ សារ៉ន ចាន់តុង ភេទប្រុស អាយុ ១៨ឆ្នាំ និង៣. ឈ្មោះ ប៊ុត ជារដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង០៣ នាក់ខាងលើ និងបក្ខពួកពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធ ឬដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាតប្រព្រឹត្តនៅចំណុចមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៣៥៣ មាត្រា ៣៥៧ មាត្រា ២១៨ មាត្រា ៤១១ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ៕