(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តក្រចេះ បានលើកទឹកចិត្តដល់ចាស់ទុំដែលឆ្លងកាត់ជីវិតនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (របបខ្មែរក្រហម ប៉ុល ពត) ជួយចែករំលែកពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនិងរឿងរ៉ាវដែលបានជួបប្រទះដល់យុវជនជំនាន់ក្រោយ ដើម្បីឱ្យយុវជនជំនាន់ក្រោយបានយល់កាន់តែច្បាស់ពីភាពឈឺចាប់របស់ពលរដ្ឋខ្មែរក្នុងអំឡុងនៃរបបខ្មែរក្រហម និងការឆ្លងកាត់ជីវិតក្នុងភ្នក់ភ្លើងសង្គ្រាមដើម្បីការចងចាំ និងជៀសវាងជាន់ដានអតីតកាល។
ការលើកទឹកចិត្តបែបនេះរបស់ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញសម្ពោធកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់នូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុ ជាឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ និងខណៈកម្ពុជានឹងប្រារព្ធពិធីទិវាជាតិនៃការចងចាំនាថ្ងៃទី២០ ខែឧសភា ខាងមុខ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តយ៉ាងដូច្នេះថា៖ «ខ្ញុំសុំលើកទឹកចិត្តឱ្យអ៊ុំៗ ពូ មីង ជាចាស់ទុំ ដែលបានឆ្លងកាត់របបខ្មែរក្រហម ជាសាក្សីរស់ សូមអ៊ុំៗ និយាយប្រាប់ក្មេងៗ កូន ចៅ ពីស្ថានភាពនៃរឿងរ៉ាវអតីតកាលដែលកម្ពុជាបានឆ្លងកាត់របបប្រល័យពូជសាសន៍ សង្គ្រាមស៊ីវិល ការកាប់សម្លាប់ដោយរបបខ្មែរក្រហម ដើម្បីរំឮកការចងចាំដែលបានកើតឡើងក្នុងអតីតកាលនៅកម្ពុជា ក្រោមដឹកនាំរបស់របបខ្មែរក្រហម ដែលបានកាប់សម្លាប់ប្រជាជនស្លូតត្រង់ ដើម្បីយុវជនជំនាន់ក្រោយបានចងចាំ និងចូលរួមទប់ស្កាត់កុំឱ្យរបបដ៏សាហាវយ់ងឃ្នងនេះវិលត្រឡប់មកវិញ និងចូលរួមថែរក្សាសុខសន្តិភាពដែលកម្ពុជារកបានដោយពិបាកនេះ»។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរម្លឹកថា ក្រោមការដឹកនាំរបស់ខ្មែរក្រហមរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ កម្ពុជាបានធ្លាក់ក្នុងនរកអវជ័យ ហេដ្ឋារចនាសម្ព័ន្ធសង្គមត្រូវបានបំផ្លិចបំផ្លាញ វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ជាតិត្រូវបានលុបបំបាត់ទាំងស្រុង។ ក្រៅពីការជម្លៀសប្រជាជនចេញពីទីក្រុង ក្រុមខ្មែរក្រហម ប៉ុល ពត បានបំបាត់ចោលទីក្រុងទីប្រជុំជន បង្ខំប្រជាជនឱ្យ «ហូបរួម នៅរួម» និងធ្វើពលកម្ម និងទារុណកម្មធ្ងន់ធ្ងរដូចទាសករ។ ខ្មែរក្រហមបានលុបបំបាត់វត្តអារ៉ាម សាលារៀន មន្ទីរពេទ្យជាដើម។ ប្រជាពលរដ្ឋជាង ៣លាននាក់ ត្រូវបានសម្លាប់យ៉ាងវេទនាបំផុតដោយការធ្វើទារុណកម្ម ការអត់អាហារ ការសម្លាប់ ការបោសសម្អាតផ្ទៃក្នុង និងអំពើអមនុស្សធម៌ផ្សេងទៀត។ ដូច្នេះ នៅចំពោះមុខនៃមហាសោកនាដកម្មនេះ កម្លាំងនៃអ្នកស្នេហាជាតិនៃគណបក្សប្រជាជនកម្ពុជា ដែលនៅសេសសល់ពីការកាប់សម្លាប់ បានងើបឡើងតស៊ូសង្គ្រោះជាតិ និងប្រជាជនចេញពីរបបខ្មែរក្រហមដ៏យង់ឃ្នងនេះ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ប្រជាជនកម្ពុជា មិនត្រូវការរបបដឹកនាំដែលកាប់សម្លាប់ប្រជាជនស្លូតត្រង់ ធ្វើទុក្ខបុម្នេញ បំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាងមកលើប្រជាពលរដ្ឋនោះទេ។ ពលរដ្ឋត្រូវការសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ដោយមើលឃើញពីភាពសោកសៅ ការកាប់សម្លាប់ប្រជាជនស្លូតត្រង់ពីសំណាក់របបខ្មែរក្រហម មកលើប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន, សម្តេច ជា ស៉ីម, សម្តេច ហេង សំរិន ព្រមទាំងឥស្សរជនស្នេហាជាតិមួយចំនួនទៀត បានរើបម្រាស់ប្រឆាំងនឹងការដឹកនាំរបស់ពួកខ្មែរក្រហម រហូតកសាងកម្លាំងវាយផ្តួលរំលំរបបខ្មែរក្រហម ដោយជោគជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋខ្មែរ ពីក្រញាំរបស់របប ប៉ុល ពត និងរកសន្តិភាពជូនមាតុភូមិកម្ពុជា តែប៉ុណ្ណោះទេ ប៉ុន្តែ សម្តេចបានជួយរកយុត្តិធម៌ជួយប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានពួកខ្មែរក្រហមកាប់សម្លាប់យ៉ាងសាហាវឃោឃៅ គឺការបង្កើតសាលាកក្តីខ្មែរក្រហម ដើម្បីនាំយកមេដឹកនាំរបស់របបកម្ពុជា ប្រជាធិបតេយ្យ មកកាត់ទោស ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា សន្តិភាពដែលកម្ពុជា មានបច្ចុប្បន្ននេះ គឺជាកត្តាសំខាន់បំផុតដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាល អាចកសាងសមិទ្ធផល ដូចសព្វថ្ងៃនេះបាន ហើយបើកម្ពុជាបន្តស្ថិតក្នុងភ្នក់ភ្លើងសង្គ្រាម ទំនងគ្មានឱកាសកសាងជាតិ និងស្គាល់ការរីកចម្រើនដូចសព្វថ្ងៃនេះឡើយ។ ហេតុដូច្នេះហើយបានជាអតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត តែងតែអំពាវនាវម្តងហើយម្តងទៀតឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ការពារសន្តិភាពដែលជាតម្លៃរួមរបស់ជាតិ និងសូមកុំចាំដល់ប្រទេសជាតិមានសង្គ្រាមបាននាំគ្នាស្វែងរកសន្តិភាព។
ប្រធាន គ.ជ.ប៖ សន្ទុះនៃការពិនិត្យឈ្មោះ ការចុះឈ្មោះបោះឆ្នោតថ្មី និងការមកធ្វើបច្ចុប្បន្នភាពលើរូបថត និងខ្ចៅដៃ ប្រព្រឹត្តទៅដោយរលូន (Video iniside)
(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា សន្ទុះនៃការពិនិត្យឈ្មោះ ការចុះឈ្មោះបោះឆ្នោតថ្មី និងការមកធ្វើបច្ចុប្បន្នភាពលើរូបថត និងខ្ចៅដៃ ប្រព្រឹត្តទៅដោយរលូន។
ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ចុះពិនិត្យមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅការិយាល័យចល័ត ក្នុងសាលាបឋមសិក្សាក្បាលកោះ នៃសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥, លោក ប្រាជ្ញ ចន្ទ បានឱ្យដឹងថា រយៈពេល១០ថ្ងៃ នៃការធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺដំណើរការធម្មតា មានភាពប្រក្រតី ខណៈប្រជាពលរដ្ឋកាន់តែច្រើនឡើងបាននាំគ្នាមកធ្វើបច្ចុប្បន្នភាពជីវមាត្ររបស់ខ្លួន។
បើតាម គ.ជ.ប សម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ ដែលត្រូវធ្វើបច្ចុប្បន្នទិន្នន័យជីវមាត្រទៅលើរូបថតថ្មី និងខ្ចៅដៃថ្មី មានចំនួនជាង៦លាននាក់ ខណៈប្រជាពលរដ្ឋ ដែលបានប៉ាន់ស្មានត្រូវចុះឈ្មោះថ្មីជាមានង២២ម៉ឺននាក់។
គួរដឹងថា យោងតាមលទ្ធផលបណ្ដោះអាសន្នថ្ងៃទីដប់នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅទូទាំងប្រទេស ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៧.៦៤៨នាក់, អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ៣.១៦១នាក់, អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ៦៤.២៨៧នាក់, អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ១២៦.៩៤៩នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ២.២៤៩នាក់។
*លទ្ធផលសរុបរយៈពេល ១០ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៦៣.៦៤៨នាក់, អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ២៤.៥៥៨នាក់, អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ៣៦៣.៦៤៣នាក់, អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ៦៨១.៦៤៥នាក់ និងអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥៥.០៩៨នាក់។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ មានរយៈពេល ២៦ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ ៥:៣០នាទី។
ប្រជាពលរដ្ឋអាចពិនិត្យមើលឈ្មោះរបស់ខ្លួនដែលបិទផ្សាយនៅតាមឃុំ សង្កាត់ ឬតាមអាសយដ្ឋានវេប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH។ ប្រសិនបើប្រជាពលរដ្ឋដែលមានបំណងកែតម្រូវទិន្នន័យជីវប្រវត្តិ (ប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត) ឬអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោតពីមុនមក សូមអញ្ជើញទៅការិយាល័យចុះឈ្មោះបោះឆ្នោត នៅសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ តាមការចល័តរបស់ក្រុមចុះឈ្មោះបោះឆ្នោត។
ចំពោះប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ គឺកើតមុន ឬត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០០៧ ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់៕