(ភ្នំពេញ)៖ នៅព្រឹកថ្ងែទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រ ជូនគរុនិស្សិត និងនិស្សិតបច្ចេកវិទ្យាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យា ដែលបញ្ចប់ការសិក្សាឆ្នាំ ២០១១-២០១៤ ចំនួន ៣,៨២៩នាក់ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ពិធីចែកសញ្ញាបត្រនេះ ក៏នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំវិទ្យាស្ថាន ព្រមទាំងមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបផ្សេងទៀត។
សូមបញ្ជាក់ថា វិទ្យាស្ថានជាតិបច្ចេកទេស បានបង្កើតឡើងជាផ្លូវការដោយអនុក្រឹត្យលេខ ១០៩ ចុះថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០០១ ស្ថិតនៅក្រោមការគ្រប់គ្រង ក្រសួងអប់រំ យុវជន និងកីឡា តែបច្ចុប្បន្នត្រូវបានផ្លាស់ប្ដូរឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
យោងទៅលើបទពិសោធន៍ការងារចាប់តាំងពីឆ្នាំ១៩៩៩ មក វិទ្យាស្ថានបានកសាងកេរ្ដិ៍ឈ្មោះ និងគុណភាពអប់រំឲ្យទទួលបាននូវភាពល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស។ រយៈជាងមួយទស្សវត្សរ៍ វិទ្យាស្ថានបានអភិវឌ្ឍន៍ធនធានមនុស្សលើផ្នែក គ្រូបច្ចេកទេសវិជ្ជាជីវៈ ផ្នែកវិស្វកម្ម និងផ្នែកបច្ចេកវិទ្យា ដែលធនធានទាំងអស់នោះបាននឹងកំពុងបម្រើសេចក្ដីត្រូវការនៅពាសពេញផ្ទៃប្រទេស។
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បាននឹងកំពុងផ្តល់នូវការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវីជ្ជាជីវៈ កម្រិតជាន់ខ្ពស់បច្ចេក ទេស បរិញ្ញាបត្របច្ចេកវិទ្យា និង កម្រិតម៉ាស្ទ័របច្ចេកវិទ្យា ផ្នែកវិស្វកម្មសំណង់ស៊ីវិល អគ្គិសនី និងអេឡិចត្រូនិច ព័ត៌មានវិទ្យា និងស្ថាបត្យកម្ម។ លើសពីនេះទៅទៀត វិទ្យាស្ថានក៏ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគ្រូបច្ចេកទេសវិជ្ជាជីវៈ ដែលក្នុងមួយឆ្នាំៗ ធ្វើការបណ្ដុះបណ្ដាលគ្រូបច្ចេកទេសវិជ្ជាជីវៈ តម្រូវទៅតាមការអភិវឌ្ឍន៍ និងការរីកចម្រើនរបស់ប្រទេសជាតិ។
គោលបំណងរបស់វិទ្យាស្ថាន គឺផ្ដល់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានគុណភាពខ្ពស់ សុជីវធម៌ និងសីលធម៌វីជ្ជាជីវៈ ដល់សិស្ស និស្សិត ដើម្បីតម្រង់ទិស ពួកគេឱ្យចូលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ អាទិភាពដំបូងរបស់វិទ្យាស្ថាន សម្រាប់ការអភិ វឌ្ឍន៍ គឺការផ្ដល់នូវការបំពាក់សម្ភារៈទំនើបកម្ម ក្នុងមន្ទីរពិសោធន៍ និងការទទួលបាននូវសៀវភៅ សម្ភារៈសិក្សាទំនើបៗព្រមទាំងការបំពាក់នូវប្រព័ន្ធអ៊ិនធឺណេត ដើម្បីងាយស្រួលដល់ការស្រាវជ្រាវ របស់មន្ដ្រី សាស្ដ្រចារ្យ បុគ្គលិក និងសស្សិ និស្សិត៕