(ព្រះសីហនុ)៖ តិរវិថីសម្តេចតេជោ ហ៊ុន សែន ដែលផ្តើមគំនិត និងឧបត្ថម្ភកសាងដោយលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ តាំងពីទសវត្សន៍ទី៨០ សំរាប់តភ្ជាប់ពីក្រុងព្រះសីហនុ ទៅស្រុកស្ទឹងហាវ ដែលជាផ្លូវសេដ្ឋកិច្ចមួយយ៉ាងសំខាន់ សំរាប់ប្រជាពលរដ្ឋធ្វើដំណើរ រហូតមកដល់បច្ចុប្បន្ននេះ កំពុងត្រូវបានបំផ្លាញដោយក្រុមឡានដឹកដី ដែលអាងមេរបស់ខ្លួនជាមន្រ្តីធំ នៅទីស្តីការគណៈរដ្ឋមន្រ្តី។
ប្រជាពលរដ្ឋបានសំដែងការខឹងសម្បារយ៉ាងខ្លាំងចំពោះឡានដឹកដីរាប់សិបគ្រឿង ដែលមួយថ្ងៃៗបានដឹកដីពីតំបន់រំដួលជើងភ្នំយកទៅចាក់ក្នុងកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ បានធ្វើអោយជ្រុះដីប្រលាក់ពេញថ្នល់ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរ និងសុខភាពរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ព្រមទាំងធ្វើឲ្យខូចផ្លូវ ដោយអន្លើផងដែរនារដូវវស្សានេះ។ ប្រជាពលរដ្ឋស្នើឲ្យអភិបាលខេត្ត ជួយចាត់វិធានការលើក្រុមឡានដឹកដីនេះផង។
ជុំវិញបញ្ហានេះមន្ទីរសាធារណៈការធ្លាប់បានកោះហៅមេការរថយន្តដឹកដីមកសាកសួរដែរ ប៉ុន្តែមេការរូបនេះប្រាប់ថា មានច្បាប់ ហើយថៅកែគេជាមន្ត្រីធំ នៅគណៈរដ្ឋមន្ត្រីហើយក៏ត្រឡប់ទៅវិញទៅ។
ដោយឡែកលោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ពាក់ព័ន្ធការរិះគន់របស់ប្រជាពលរដ្ឋ រឿងរថយន្តដឹកដីយកមកចាក់នៅកំពង់ផែ បំផ្លាញតិរវិថីសម្តេចតេជោ ហ៊ុន សែន មិនអាចសុំការបំភ្លឺបានទេនារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះដោយទូរស័ព្ទចូលតែគ្មានអ្នកលើក៕