(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំងចំពោះក្រុមកីឡាមកពីខេត្តត្បួងឃ្មុំ ដែលដណ្ដើមមិនបាន មេដាយសូម្បីតែ១គ្រឿងពីការប្រកួតកីឡាជាតិ លើកទី១ ដែលទើបប្រកាសបញ្ចប់ការប្រកួតជាផ្លូវការកាលពីយប់មិញ ហើយសម្ដេចតេជោ បានដាស់តឿនលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ រួមទាំងមន្ដ្រីគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើវិស័យនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើន។
ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់កិត្តិយសអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាជាតិ លើកទី១ នៅលើទីលានពហុកីឡដ្ឋានជាតិ នៅយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយមានការចូលរួមពីមន្ដ្រីគណៈកម្មការបច្ចេកទេស និងកីឡាករ-កីឡាការិនី មកពីរាជធានី-ខេត្តទូទាំងប្រទេសប្រមាណ ៥ពាន់នាក់ រួមទាំងប្រជាពលរដ្ឋ និងយុវជនចូលរួមគាំទ្រជាច្រើនទៀត ។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការកោតសរសើរ ចំពោះគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ដ្រនេះ ទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា រួមទាំងមន្ដ្រីបបច្ចេកទេស ដែលបានសហការបំពេញការងារសម្រេចបាននូវលទ្ធផលយ៉ាងល្អ ហើយក្រុមកីឡាមកពី រាជធានី-ខេត្តភាគច្រើនក៏ទទួលបានលទ្ធផលល្អពីការប្រកួតប្រជែងនេះដែរ ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺខេត្តត្បួងឃ្មុំ ដែលគ្មានមេដាយសោះតែម្ដង ។
សម្ដេចបានមានប្រសាសន៍ថា «ខេត្តត្បួងឃ្មុំ គឺជាខេត្តធំមួយ ដោយមានប្រជាជនជិត ១លាននាក់ឯណោះ ប៉ុន្ដែបែរជាគ្មានមេដាយសោះតែម្ដង។ នេះជាការ ដាស់តឿនចំពោះអភិបាល គណៈអភិបាលខេត្តត្បូងឃ្មុំ ដែលត្រូវយកចិត្តទុកដាក់ចំពោះកិច្ចការទាំងអស់នេះ ហើយក៏ជាការដាស់តឿខេត្ដដទៃទៀត ដែលដណ្ដើមបានមេដាយត្រឹមតែ ១គ្រឿង ឬគ្មានមេដាយមាស ដើម្បីចូលរួមការងារអភិវឌ្ឍន៍វិស័យកីឡាក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកច្រើនបន្ថែមទៀត» ។
សម្ដេចនាយករដ្ឋមន្ដ្រី សង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំគ្រប់បណ្ដាខេត្តទាំងអស់ នឹងធ្វើការខិតខំ ដើម្បីហ្វឹកហាត់កីឡាគ្រប់ប្រភេទ ដើម្បីត្រៀមចូលរួមប្រកួតកីឡាជាតិ លើកទី២ នៅឆ្នាំ២០១៨ ហើយទទួលយកមេដាយឲ្យបានច្រើន ។ ជាងនេះទៅទៀត សម្ដេចក៏បានជំរុញក្រសួង និងស្ថាប័នរដ្ឋទាំងអស់ ក្រៅពីក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ដែលពុំទាន់មានកីឡា ត្រូវបណ្ដុះបណ្ដាល និងបង្កើតក្រុមកីឡាយ៉ាងតិចមួយប្រភេទ ឬច្រើនប្រភេទ ដើម្បីចូលរួមការប្រកួតលើកក្រោយ រហូតដល់ការត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើក៣២ នាឆ្នាំ២០២៣៕