(តាកែវ)៖ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងលោកស្រី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីរាជការទូទាំងខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលរួមប្រារព្វពិធីបុណ្យវិសាខបូជានៅវត្តសីហៈរតនារ៉ាម នៅក្នុងក្រុងដូនកែវ ដោយពិធីនេះក៍មានការរៀបចំដង្ហែតាមដងផ្លូវមួយចំនួននៅក្នុងក្រុងដូនកែវផងដែរ។
ចំពោះមុខអង្គពិធី លោកអភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា បុណ្យវិសាខបូជា គឺជាបុណ្យប្រពៃណីសាសនាដ៏សំខាន់មួយ ក្នុងចំណោមពិធីបុណ្យផ្សារៗទៀតនៅក្នុងប្រទេសកម្ពុជាយើង។
លោកបានបន្តថា ការធ្វើពិធីបុណ្យវិសាខបូជានេះ ជាការរំលឹកដល់កាលទាំងបី របស់ព្រះសម្មាសម្ពុទ្ធ គឺទ្រង់ប្រសូត ទ្រង់ត្រាស់ដឹង និងទ្រង់បរិនិព្វាន ហើយឲ្យតែដល់ថ្ងៃ ១៥កើត ពេញបូណ៌មី ខែពិសាខ ពុទ្ធបរិស័ទ គ្រប់វត្តអារាម បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ តែងតែនាំគ្នារៀបចំពិធីបុណ្យវិសាខបូជានេះជារៀងរាល់ឆ្នាំ។
ជាមួយគ្នានេះ លោកអភិបាលខេត្តតាកែវ បានលើកឡើងបន្ថែមថា វិស័យព្រះពុទ្ធសាសនា ត្រូវបានស្ដារឡើងវិញ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ហើយរហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍន៍វិស័យសាសនា ដែលក្នុងនោះមានទាំងការគោរពសិទ្ធិសេរីភាពខាងជំនឿ សាសនា ការលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងការគាំទ្រការគោរពប្រតិបត្តិការសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ។
លោក បានបញ្ជាក់ថា ជាពិសេសរាជរដ្ឋាភិបាលបានខិតខំធ្វើឲ្យវត្តអារាម និងវិហារសាសនាផ្សេងៗទៀត ក្លាយជាមជ្ឈមណ្ឌលអប់រំផ្លូវចិត្ត ស្មារតី ដែលជាសកម្មភាពដ៏សំខាន់ក្នុងការលើកកម្ពស់សីលធម៌សង្គមផងដែរ។
សូមជម្រាបថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។
ពិធីបុណ្យនេះ ក៍ត្រូវអង្គការសហប្រជាជាតិ (UN) បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង៕