(បន្ទាយមានជ័យ)៖ ក្នុងជំនួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជនជិត ១ពាន់នាក់លើដែនដីអតីតសមរភូមិសង្រ្គាមរវាងខ្មែរ និងខ្មែរក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន បានរំលឹកថា ប្រសិនបើគ្មាននយោ បាយ ឈ្នះឈ្នះ ដែលដាក់ចេញដោយនាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទេនោះ សង្គមកម្ពុជាមិនអាចលុបបំបាត់សង្រ្គាម ក្រុមចោរព្រៃ ហើយស្វែងរកពន្លឺសន្តិភាព ស្ថេរភាពសង្គមបានឡើយ។
នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងថា បើទោះបីមានការអន្តរាគមន៍របស់កងកម្លាំងអង្គការសហប្រជាជាតិក្រោយកិច្ចចរចាទីក្រុងប៉ារីស ២៣ តុលា ១៩៩១ តែមិនអាចលុបបំបាត់កងកម្លាំងខ្មែរក្រហម ដែលបន្តធ្វើសកម្មភាពតស៊ូតាមទល់ដែនក្នុងខេត្តបន្ទាយ មានជ័យ បាត់ដំបង ប៉ៃលិន និងឧត្តរមានជ័យបាននោះឡើយ។
មន្រ្តីយោធាជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទរូបនេះ បានបន្តថា កងកម្លាំងតស៊ូនៅតាមជាយដែនរបស់ខ្មែរក្រហមនេះ តែងតែបង្កការអុកឡុកវាយប្រហារលើភូមិឋានប្រជាពលរដ្ឋជារឿយៗ និងបង្កការរំខាន់ជាខ្លាំងដល់ការអភិវឌ្ឍប្រទេសជាតិ រួមទាំងការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។
«តែភាពចលាចល និងការបង្កអសន្តិសុខពីកងទ័ពតស៊ូរបស់ខ្មែរក្រហម ដែលនៅសេសសល់នេះត្រូវបានបញ្ចប់ទាំងស្រុងចាប់តាំងពីឆ្នាំ ១៩៩៨មក ក្រោមការដាក់ចេញនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជានយោបាយនាំមកនូវជ័យជម្នះសម្រាប់ខ្មែរគ្រប់រូប។ មិនត្រឹមដាក់ចេញនូវនយោបាយស្វែងរកការបញ្ចប់សង្រ្គាមរវាងខ្មែរ និងខ្មែរនោះទេ តែដើម្បីបានសន្តិភាពនេះ សម្តេចតេជោ បានប្រថុយទាំងជីវិតចូលក្នុងជំរុំខ្មែរក្រហោមបើការចរចាគ្នាដោយផ្ទាល់ថែមទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់នាយឧត្តមសេនីយ៍ គន់ គីម។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានអំពាវនាវដល់អតីតយុទ្ធជនរួមគ្នាការពារនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ធ្វើយ៉ាងណាកុំឲ្យ សង្រ្គាម និងការបែកបាក់វិលមកគ្របដណ្តប់លើមាតុភូមិកម្ពុជាជាថ្មី។
បើទោះបីជាយ៉ាងណាក្នុងជំនួបសំណេះសំណាលជាមួយអតីតយុទ្ធជនលើដែនដីសមរភូមិខ្មែរ និងខ្មែរនេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានថ្លែងអំណរគុណដល់អតីតយុទ្ធជនទាំងអស់ ដែលបានពលីកម្មអស់កម្លាំងកាយចិត្ត ហើយក៏មានយុទ្ធជនជាច្រើនទៀតបានពលីជី វិត ដើម្បីនាំមកនូវសន្តិសុខ សន្តិភាព និងស្ថេរភាពសង្គមដូចពេលបច្ចុប្បន្ន។
ឆ្លើយតបនិងគុណបំណាចទាំងអស់នេះ នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ខ្លាំងទៅលើសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ហើយតែងបានជំរុញអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់ថែមទៀតទៅសុខទុក្ខរបស់អតីតយុទ្ធជននៅតាមមូលដ្ឋាននេះ។
ឈរលើស្មារតី នៃការយកចិត្តទុកដាក់ខ្ពស់នេះ សមាគមអតីតយុទ្ធជន ដែលមាននាយឧត្តមសេនីយ៍ គន់ គីម ជាអគ្គលេខាធិការ បានធ្វើដំណើរជាបន្តបន្ទាប់ចុះជួបសំណេះសំណាលជាមួយអតីតយុទ្ធជននៅតាមស្រុក និងខេត្តទូទាំងប្រទេស ដើម្បីបានជ្រាបនូវស្ថានភាព ជាក់ស្តែង នៃការរស់នៅរបស់អតីតយុទ្ធជន។
មានផ្ទះជាច្រើនខ្នង ត្រូវបានសាងសង់ជូនអតីតយុទ្ធជនជួបការលំបាកក្នុងជីវភាព ហើយក៏មានការឧបត្ថម្ភប្រាក់សម្រាប់ជួយក្រុមគ្រួសារ អតីតយុទ្ធជន ដែលជួបជំង ឬទទួលមរណភាពជាដើម៕