(ភ្នំពេញ)៖ រយៈពេល៥ថ្ងៃ ក្នុងដំណើរបំពេញទស្សនកិច្ច ក្នុងប្រទេសឥណ្ឌូនេស៊ី និងទីម័រឡេស្តេ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានគេចាត់ទុកជាដួងតារានៃសន្តិភាពមិនចេះរីងស្ងួតរបស់អាស៊ាននិងពិភពលោក។ Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅជុំវិញបញ្ហានេះ៖

ការបញ្ចប់ដ៏ត្រចះត្រចង់ នៃបេសកកម្មការទូតរយៈពេលប្រាំថ្ងៃរបស់សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសឥណ្ឌូនេស៊ី និងទីម័រឡេស្តេ គឺជាសារដ៏មានអនុភាព ដែលបញ្ជាក់ពីការគាំទ្រដ៏រឹងមាំរបស់ប្រទេស ដែលមានវប្បធម៌និងសាសនាខុសគ្នា ប៉ុន្តែមានគោលដៅរួមតែមួយគឺការចង់បានសន្តិភាព និងការអភិវឌ្ឍដែលមានស្ថិរភាព។

ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលកាន់និកាយមូស្លឹមធំជាងបង្អស់របស់ពិភពលោក ខណៈទីម័រឡេស្តេ គឺជាប្រទេសនៃនិកាយកាតូលិកធំជាងគេនៅតំបន់អាស៊ី។ ប្រទេសឥណ្ឌួនេស៊ី និងទីម័រខាងកើត ទោះបីមាននិកាយសាសនា និងវប្បធម៌ផ្សេងពីកម្ពុជាក៏ពិតមែន ប៉ុន្តែប្រទេសទាំងពីរបានបង្ហាញការគាំទ្រដ៏រឹងមាំចំពោះសារសន្តិភាព និងការអភិវឌ្ឍរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាវីរបុរសគម្រូរបស់ជាតិខ្មែរ ក្នុងការធ្វើឱ្យប្រទេសកម្ពុជាអស់សង្គ្រាមស៊ីវិល, បង្កើតសុខសន្តិភាព និងការឯកភាពទឹកដីពេញលេញ និងក្រោមម្លប់សុខសន្តិភាពនៃនយោបាយឈ្នះឈ្នះ នាបច្ចុប្បន្នបាននិងកំពុងជួយជម្រុញដល់ការអភិវឌ្ឍជាតិខ្មែរ ឱ្យកាន់តែរស់រវើកថែមទៀត។

*ប្រវត្តិពីត្រកូលកសិករ ក្លាយជារដ្ឋបុរសដ៏លេចធ្លោ

កើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ នៅភូមិពាមកោះស្នា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ នៃខេត្តកំពង់ចាម ដំណើរនៃជីវិតតស៊ូរបស់សម្តេចតេជោ ពីគ្រួសារនៃត្រកូលកសិករក្រីក្រ ក្លាយទៅជារដ្ឋបុរសលំដាប់ពិភពលោក គឺមិនមែនជារឿងឆ្លងកាត់តិចតួចទេនូវឧបសគ្គតូចធំទាំងឡាយទំរាំបានរុញប្រទេសដែលធ្លាប់កំសត់វេទនាមួយនេះ ចេញពីសង្គ្រាមស៊ីវិល និងសោកនាដកម្មកាប់សម្លាប់ក្នុងអតីតរបបខ្មែរក្រហម ក្លាយជាប្រទេសដ៏លេចធ្លោមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។

ប្រវត្តិសាស្ត្រជាតិ បានសរសេរកត់ត្រាថា ដំណើរពេញមួយជីវិតរបស់សម្តេចតេជោ បានឆ្លុះបញ្ចាំងពីភាពតស៊ូ និងភាពធន់របស់ជាតិខ្មែរខ្លួនឯងពីដំណាក់កាលមួយទៅដំណាក់កាលមួយ។ នៅឆ្នាំ១៩៧០ ក្នុងវ័យត្រឹមតែ១៨ឆ្នាំ សម្តេចតេជោ ក្នុងការឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្ដេចព្រះ នរោត្តម សីហនុ បានរត់ចូលតស៊ូនៅក្នុងព្រៃម៉ារគី បន្ទាប់ពីមានរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលបានធ្វើឱ្យប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងភ្លើងសង្រ្គាមស៊ីវិល។ ភាពតាំងចិត្តក្នុងការរំដោះជាតិ គឺមានចាប់តាំងពីពេលនោះមក និងភាពប្តេជ្ញាចិត្តនោះ មិនដែលធ្វើឱ្យសម្តេចតេជោរាថយឡើយ បើទោះបីជាលោកធ្លាប់រងរបួសយ៉ាងធ្ងន់ធ្ងរក្នុងពេលប្រយុទ្ធមួយនាខែមេសា ឆ្នាំ១៩៧៥ ដែលបណ្តាលឱ្យបាត់បង់ភ្នែកខាងឆ្វេងយ៉ាងណាក៏ដោយ។

នៅឆ្នាំ១៩៧៧ នៅពេលបានឃើញនូវភាពភ័យរន្ធត់ធ្វើទុក្ខបុកម្នេញនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម, ភាពប្តេជ្ញាចិត្ត នៃការងើបតស៊ូរំដោះជាតិសាជាថ្មី បានជំរុញស្មារតីរបស់លោក ត្រូវហ៊ានសម្រេចចិត្តរត់ចេញពីស្រុកកំណើត ទៅកាន់ប្រទេសវៀតណាមដើម្បីធ្វើការតស៊ូរំដោះជីវិតប្រជាពលរដ្ឋ។ នៅទីនោះ លោកបានក្លាយជាស្ថាបនិកនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលទទួលបេសកកម្មក្នុងការដឹកនាំកងកម្លាំងវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត ទទួលបានជ័យជម្នះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ក្រោមការដឹកនាំរបស់លោក កម្ពុជាបានជម្នះភាពលំបាកនៃការដាក់ទណ្ឌកម្ម១២ឆ្នាំ ដ៏អយុត្តិធម៌របស់សហគមន៍អន្តរជាតិ និងឈានទៅដល់ការបង្កើត និងដាក់ចេញជោគជ័យនៃនយោបាយឈ្នះឈ្នះ បំបាត់ចលនាឧទ្ទាមខ្មែរក្រហម, ធ្វើឱ្យឯកភាពទឹកដីទាំងស្រុងមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំ, ធានាបាននូវស្ថិរភាព និងការអភិវឌ្ឍជាតិអស់រយៈពេលជាង២៦ឆ្នាំរួចមកនេះទៀត។ ក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន, កម្ពុជាបានប្រែក្លាយពីភាពខ្ទេចខ្ទាំនៃសង្រ្គាម ទៅជាប្រទេសមានសន្តិភាព វិបុលភាព និងឥទ្ធិពលអន្តរជាតិកាន់តែខ្លាំងឡើងជាលំដាប់។

*ការទទួលស្វាគមន៍ពិសេសរបស់ឥណ្ឌូនេស៊ី និងទីម័រឡេស្តេ ចំពោះសម្តេចតេជោ ហ៊ុន សែន

ការស្វាគមន៍ដ៏ពិសេសដែលសម្តេចតេជោបានទទួលក្នុងអំឡុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ ទាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រទេសទីម័រឡេស្តេ បានគូសបញ្ជាក់ការទទួលស្គាល់ អំពីឋានៈរបស់សម្តេច ជារដ្ឋបុរសប្រចាំតំបន់។

នៅប្រទេសឥណ្ឌូនេស៊ី ការទទួលស្វាគមន៍របស់សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា គឺស្មើនឹងប្រមុខរដ្ឋ ដោយមានក្បួនម៉ូតូធំ១៥គ្រឿង និងការរៀបចំកងឆ្មាំកិត្តិយស ដែលជិះសេះនាពិធីដ៏កម្រមួយក្នុងទំនៀមទម្លាប់ ដែលត្រូវបានបម្រុងទុកសម្រាប់តែមេដឹកនាំកំពូលណាដែលមានកិត្តិយសខ្ពង់ខ្ពស់បំផុតតែប៉ុណ្ណោះ។ កម្រិតនៃការគោរពនេះ មិនត្រឹមតែបង្ហាញពីកិត្យានុភាពផ្ទាល់ខ្លួនរបស់សម្តេចតេជោ ហ៊ុន សែន ប៉ុណ្ណោះទេ ថែមទាំងការលើកកំពស់ជំហររបស់កម្ពុជានៅក្នុងអាស៊ាន និងលើឆាកពិភពលោកដ៏ទូលំទូលាយផងដែរ។

នៅប្រទេសទីម័រខាងកើត ពិធីស្វាគមន៍ទទួលសម្តេចតេជោ ហ៊ុន សែន ក៏មិនមែនធម្មតានោះដែរ។ លោកប្រធានាធិបតី José Ramos-Horta ដែលជាជ័យលាភីរង្វាន់ណូបែលសន្តិភាព បានថ្លែងចាត់ទុក សម្តេចតេជោថាជា «អ្នករំដោះ និងជាស្ថាបនិកនៃប្រទេសកម្ពុជាសម័យទំនើប» ដោយបានគូសបញ្ជាក់ពីតួនាទីសំខាន់របស់សម្តេចតេជោ ក្នុងការដឹកនាំប្រទេសកម្ពុជាពីអំពើប្រល័យពូជសាសន៍ទៅកាន់សន្តិភាព និងវឌ្ឍនភាព។

រូបភាពរបស់លោកប្រធានាធិបតី Ramos-Horta ដោយផ្ទាល់ ត្រូវបានគេឃើញថាលោកសុខចិត្តបន្ទាបខ្លួន ធ្វើជាអ្នកបើកបររថយន្តដឹកសម្តេចតេជោ ហ៊ុន សែន ធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុង Dili ជាមួយនឹងប្រជាពលរដ្ឋជាច្រើនតម្រង់ជួរតាមដងផ្លូវ ស្រែកជ័យឃោសន៍ទទួលកងរំពង ដែលជានិមិត្តសញ្ញាដ៏មានឥទ្ធិពលនៃមិត្តភាព និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ ដែលសុទ្ធតែមានប្រវត្តិតស៊ូប្រហាក់ប្រហែលគ្នា ដើម្បីសន្តិភាពនិងស្ថិរភាពជាតិ។

សុន្ទរកថាសំខាន់ៗរបស់សម្តេចតេជោ ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសទាំង២ បានកន្ត្រាក់អារម្មណ៍ដល់អ្នកចូលរួមទាំងឡាយ ជាពិសេសការឆ្លុះបញ្ចាំងរបស់សម្តេច ស្តីពីការតស៊ូដើម្បីទទួលបាននូវសន្តិភាពដ៏លំបាករបស់កម្ពុជា បន្ទាប់ពីសង្រ្គាមស៊ីវិលជិត៣ទសវត្សរ៍។ សាររបស់សម្តេច បានសង្កត់ច្បាស់លាស់ណាស់ថា សន្តិភាពមិនមែនគ្រាន់តែជាអវត្ដមាននៃសង្គ្រាមនោះទេ, សន្តិភាព គឺជាដំណើរការបន្តនៃការព្យាបាល ការកសាងឡើងវិញ និងអភិបាលកិច្ច ដែលសម្លឹងមើលទៅអនាគត ក្នុងភាពវិជ្ជមាននិងរុងរឿង។

ខ្លឹមសារសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ដែលបង្កប់ដោយអត្ថន័យដ៏ជ្រាលជ្រៅ គឺជាគោលនយោបាយការបរទេសរបស់កម្ពុជា ស្របតាមចក្ខុវិស័យ ដែលកម្ពុជាបានក្លាយជាគំរូនៃការចូលរួមយ៉ាងសកម្ម មិនត្រឹមតែធានាសន្តិភាពក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការរក្សាសន្តិភាព និងការផ្តួចផ្តើមការទូតនៅក្រៅប្រទេសផងដែរ។

ការស្វាគមន៍យ៉ាងកក់ក្តៅនៅប្រទេសទាំងពីរនេះ បង្ហាញថា សារសន្តិភាព និងការអភិវឌ្ឍរបស់សម្តេចតេជោ ហ៊ុន សែន មានសារៈសំខាន់និងទទួលបានការគាំទ្រពីប្រជាជននានា ដោយមិនគិតពីសាសនា ឬជនជាតិឡើយ។ ទស្សនកិច្ចនេះបានបង្ហាញដែរថា សម្តេចតេជោ ហ៊ុន សែន គឺជាតំណាងនៃសន្តិភាព និងការអភិវឌ្ឍ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជននានា ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលើសពីព្រំដែនសាសនា។

សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជាតារានៃពន្លឺសុខសាន្ត ដ៏រុងរឿងរបស់កម្ពុជាប៉ុណ្ណោះទេ សម្តេច តេជោ គឺជាពន្លឺចិញ្ចាចនៃសន្តិភាព, ជាពន្លឺនៃការបន្តជំរុញទឹកចិត្តអាស៊ាន និងពិភពលោកសម្រាប់មនុស្សជំនាន់ក្រោយដើម្បីការរក្សាចងចាំទុកជាប្រវត្តិសាស្ត្រថែមទៀត។ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោ និងការទទួលស្វាគមន៍ដ៏ពិសេសនៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសទីម័រឡេស្តេរវាងពីថ្ងៃទី៥ដល់៩ ខែឧសភា ឆ្នាំ២០២៥ ក៏សុទ្ធជាកំណត់ត្រាចារិកក្នុងក្រាំងមាសរបស់ប្រវត្តិសាស្ត្រក្នុងតំបន់ និងពិភពលោកផងដែរ៕