(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ប័ណ្ណកម្មសិទ្ធិ គឺជាមាសប្រាក់ និងជាកេរ្តិ៍មរតកតកូនតចៅរបស់សម្តេចតេជោ ហេតុនេះសូមឲ្យបងប្អូនប្រជាពលរដ្ឋត្រូវចេះថែរក្សាការពារកុំឲ្យបាត់បង់ និងត្រូវចេះដាំដុះ បង្កបង្កើនផលនៅលើដីនោះឲ្យអស់លទ្ធភាព ដើម្បីបង្កើនជីវភាពរស់នៅកាន់តែប្រសើរ ក្នុងការកាត់បន្ថយភាពក្រីក្រ។
ការថ្លែងបែបនេះ ធ្វើឡើងនៅបរិវេណវត្តពោធិ៍សុវណ្ណរង្សី ហៅវត្តពោធិ៍ ស្ថិតក្នុងភូមិព្រែកតាវង ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្នុងឱកាសលោកអភិបាលខេត្ត អញ្ជើញសំណេះសំណាល និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ម្ចាស់ក្បាលដី ១៨ភូមិ នៅក្នុងឃុំអន្លង់វិល ឃុំកោះជុំ និងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានជម្រាបជូនថា រយៈពេលប៉ុន្មានខែកន្លងមកនេះ មន្រ្តីក្រុមការងារអនុវិស័យរដ្ឋបាលដីធ្លីខេត្ត បានចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) ជូនប្រជាពលរដ្ឋទាំង ១៨ភូមិ នៅក្នុងឃុំអន្លង់វិល ឃុំកោះជុំ និងឃុំស្រែស្តុក មានចំនួន ១០១១៥ប័ណ្ណ ស្មើនឹង ៤៤០៧គ្រួសារ ដីលំនៅឋាន ដីកសិកម្មចំនួន ដីវត្ត សាលារៀន ទួលកប់ខ្មោច និងម្ចាស់មិនមកបំពេញទិន្នន័យមិនអាចចេញប័ណ្ណកម្មសិទ្ធិបាន។
លោក ម៉ៅ ធនិន អភិបាលខេត្ត បានថ្លែងថា ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី ជូនដល់ប្រជាពលរដ្ឋ ជាម្ចាស់ក្បាលដី ១៨ភូមិ ក្នុងឃុំអន្លង់វិល ឃុំកោះជុំ និងឃុំស្រែស្តុកនាពេលនេះ គឺជាសមិទ្ធិផលថ្មីមួយទៀត បន្ទាប់ពីសមិទ្ធផលនានាជាច្រើន របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែង ក្នុងការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លីដោយស្របច្បាប់។
លោកបានរំលឹកថា ជាច្រើនជំនាន់មកហើយ ប្រជាពលរដ្ឋនៅក្នុងតំបន់ខ្លះមិនដែលមានប័ណ្ណកម្មសិទ្ធិដីធ្លីនោះទេ កត្តានេះវាមានមូលហេតុជាច្រើន ពិសេសសង្រ្គាម ទើបតែសម័យបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានចំណាយទាំងថវិកា និងធនធានមនុស្ស ចុះធ្វើការវាស់វែង និងប្រមូលទិន្នន័យដីធ្លី តាំងពីបទបញ្ជាលេខ០១ ស្របតាមគោលនយោបាយចាស់ សកម្មភាពថ្មី ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋយើងទទួលបាននូវសិទ្ធិកាន់កាប់ ប្រើប្រាស់ និងបែងចែកដីធ្លី ដោយស្របច្បាប់គ្មានការព្រួយបារម្មណ៍។
លោកបានលើកឡើងទៀតថា ប័ណ្ណកម្មសិទ្ធិនេះ គឺជាមាសប្រាក់ និងជាកេរ្តិ៍មរតកតកូនតចៅរបស់សម្តេចតេជោ ហេតុនេះសូមឲ្យបងប្អូនប្រជាពលរដ្ឋត្រូវចេះថែរក្សាការពារកុំឲ្យបាត់បង់ និងត្រូវចេះដាំដុះ បង្កបង្កើនផលនៅលើដីនោះឲ្យអស់លទ្ធភាព ដើម្បីបង្កើនជីវភាពរស់នៅកាន់តែប្រសើរ ក្នុងការកាត់បន្ថយភាពក្រីក្រ។ ក្នុងនាមរដ្ឋបាលខេត្ត លោកបានអំពាវនាវដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមគ្នាគោរពច្បាប់ចរាចរណ៍ បង្ការទប់ស្កាត់រាល់បទល្មើស និងទៅចុះបោះឆ្នោតសារជាថ្មីឲ្យបានគ្រប់គ្នា។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានបន្តដឹកនាំក្រុមការងារចុះពិនិត្យមើលការដ្ឋានផ្លូវក្រាលកៅស៊ូ និងស្ពានមួយកន្លែង ប្រវែង១៦០០ម៉ែត្រ តភ្ជាប់ពីភូមិក្បាលរមាស ដល់ភូមិព្រែកឈើត្រាវ ក្នុងឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលស្ថាបនាសាងសង់ ដោយមន្ទីរសាធារណៈការខេត្ត៕