(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២ឥ០២៥នេះ បានអះអាងថា កន្លងទៅរហូតមកដល់ពេលបច្ចុប្បន្ន អគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានអង្គរក្ស គឺជាដៃគូសហការគ្នាយ៉ាងជិតស្និត និងរឹងមាំមិនអាចខ្វះបាន និងត្រូវជួយបំពេញឲ្យគ្នាទៅវិញទៅមក ប្រៀបដូចស្លាបទាំងគូរបស់បក្សី។
នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានអង្គរក្ស តែងធ្វើសកម្មភាពព្រមៗគ្នាក្នុងពេលតែមួយ ដើម្បីសម្រេចបានជោគជ័យ ក្នុងបេសកកម្មបម្រើជាតិ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសការពង្រឹងកិច្ចសហការ ដើម្បីធានា និងការពារឲ្យបានដាច់ខាតនូវសន្ដិសុខ សុវត្ថិភាពជូនសម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសាររបស់សម្ដេចទាំងមូល។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងអាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស ដែលកន្លងមកបានផ្ដល់កិច្ចសហការយ៉ាងស្អិតរមួតជាមួយកងកម្លាំងនគរបាលជាតិ ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ទប់ស្កាត់រាល់ចលនាប្រឆាំងនានាដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ។
ក្នុងនោះកិច្ចសហការ ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពថ្វាយព្រះមហាក្សត្រ ជូនឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ព្រះរាជពិធី និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា បានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់។
ក្នុងន័យនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានវាយតម្លៃខ្ពស់ និងសូមថ្លែងនូវការកោតសរសើរដោយស្មោះចំពោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស និងថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំបំពេញបេសកកម្មស្នូលរបស់ខ្លួន ដោយភក្តីភាព ស្មោះត្រង់ឥតងាករ មានស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈមោះមុត និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ បានសម្រេចដោយជោគជ័យ១០០% គ្រប់ពេលវេលា និងទីកន្លែង តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន។
ក្នុងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលតំណាងឲ្យកងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស នាយឧត្តមសេនីយ៍ ស ថេត ក៏បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ដូចតទៅ៖
*ទី១៖ ប្តេជ្ញាចិត្តរួមគ្នាដើម្បីបន្តការពារ និងរក្សា «សន្តិភាព» ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ឲ្យបានឋិតថេរគង់វង្ស ទោះបីក្នុងតម្លៃណាក៏ដោយ
*ទី២៖ ប្តេជ្ញាបន្តពង្រឹងកិច្ចសហការយ៉ាងជិតស្និត និងរឹងមាំជាមួយបញ្ជាការដ្ឋានអង្គរក្ស ក្នុងការធានា និងការពារសន្តិសុខ សុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ ឲ្យបានសម្រេចដោយជោគជ័យ១០០% នៅគ្រប់កាលៈទេសៈ និងទីកន្លែងដោយភក្ដីភាព
*ទី៣៖ ប្តេជ្ញាចិត្តរួមគ្នា ដើម្បីបន្តថែរក្សាឲ្យបានជាដាច់ខាតនូវស្នាដៃ និងសមិទ្ធផលដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រនានារបស់ឧត្តមវីរៈយុទ្ធជនស្នេហាជាតិជំនាន់២ធ្នូ ដ៏អង់អាចក្លាហាន ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដែលបានកសាង និងបន្សល់ទុកសម្រាប់កូនខ្មែរគ្រប់ជំនាន់
*ទី៤៖ ប្តេជ្ញាចិត្តរួមគ្នាក្នុងការប្រតិបត្តិ តាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ដោយភាពស្មោះត្រង់ និងឥតងាករ
*ទី៥៖ ប្តេជ្ញាចិត្តរួមគ្នាដើម្បីទប់ស្កាត់ និងប្រឆាំងដាច់ខាតនូវរាល់សកម្មភាពទាំងឡាយណាដែលបង្ក ភាពវឹកវរដល់សង្គម ពិសេសឧបាយកលបដិវត្តន៍ពណ៌ ចលនាផ្ការីក ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ
*ទី៦៖ ប្តេជ្ញាចិត្តរួមគ្នាដើម្បីគាំទ្រ និងចូលរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា