(ឡាវេហ្គាស)៖ អធិរាជប្រដាល់សកល Manny Pacquiao ដណ្តើមបានខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBO ពីកីឡាករវ័យក្មេងអាមេរិក Jessie Vargas ដែលទើបបញ្ចប់មុននេះ នៅទឹកដីអាមេរិក។
កីឡាករវ័យ ៣៧ឆ្នាំ បានប្រើពេល ៣៦នាទី ស្មើនឹង១២ៗទឹកពេញនៅសង្វៀន Thomas and Mack Center ស្ថិតក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិកនាព្រឹកថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកានេះ ដែលជាការជួបគ្នាលើកទី១របស់អ្នកទាំងពីរ។
ការប្រកួតចំនួន១២ទឹកពេញ PacMan បានធ្វើការសង្កត់ទៅលើកីឡាករអាមេរិក Vargas ដែលប្អូនជាងខ្លួនដល់ ១០ឆ្នាំតាំងពីទឹកទី១ មកម្ល៉េះ និងបានវាយអោយ Vargas អុកគូថនៅលើទីលាន ក្នុងទឹកទី២ អាជ្ញាកណ្តាលរាប់ដល់៨ថែមទៀតផង។
លើសពីនេះទៀត កីឡាករឈរនៅលំដាប់លេខ២ ពិភពលោកបច្ចុប្បន្នបានប្រើកណ្តាប់ដៃ វាយបែកចិញ្ចើមខាងឆ្វេងចេញឈាមតិចៗរបស់ Vargas ទៀត ដោយសម្រេចបានឈ្នះពិន្ទុដោយឯកច្ឆន្ទ ១១៤-១១៣ ១១៨-១០៩ និង ១១៨-១០៩ ពីសំណាក់ចៅក្រមទាំង៣៕