(កំពង់ធំ)៖ ក្រោមការចង្អុលបង្ហាញពីលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស សមាជិកគណៈកម្មាធិការកណ្តាល, អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ, ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក, លោក អាន សំណាង ប្រធានកងគ្រឿងចក្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រចាំខេត្តកំពង់ធំ ដែលរៀបចំដោយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ បានចុះធ្វើសកម្មភាពជួសជុលផ្លូវលំ ១ខ្សែ មានប្រវែង ១៥គីឡូម៉ែត្រ ចាប់ពីករះ ទៅភូមិគោកត្របែក ឃុំស្រឡៅ ក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ។
ប្រតិបត្តិការចុះធ្វើសកម្មភាពជួសជុលផ្លូវលំ ១ខ្សែនេះ បានធ្វើឡើងនាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ និងដោយមានការជួយឧបត្ថម្ភប្រេងពីលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមចំនួន ១០០០លីត្រ, លោក ហ៊ុន វ៉ាន់ញ៉េ ប្រេង ៣០០លីត្រ ហើយម្ចាស់អាហារដ្ឋានដើមត្នោត បានជួយថវិកា ៥០ម៉ឺនរៀល សម្រាប់ម្ហូបអាហារ និងទឹកសុទ្ធ ១០០យួរ ដល់ក្រុមគ្រឿងចក្រផងដែរ។
គួរបញ្ជាក់ដែរថា ក្នុងចំណោមភូមិដាច់ស្រយាល គឺមានតែភូមិគោកត្របែកនេះមួយទេ ដែលមានភព្វសំណាងដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋដោយផ្ទាល់ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១១ និងបានកសាងសមិទ្ធផលដ៏ថ្លៃថ្លាជាច្រើនមានដូចជា ព្រះវិហារ មណ្ឌលសុខភាព សាលារៀន អណ្តូងទឹក ស្រះទឹក និងសមិទ្ធផលផ្សេងៗជាច្រើនទៀត។
ស្របជាមួយគ្នានោះដែរ លោកបណ្ឌិត ថោង ខុន ក៏បានជីកប្រឡាយសម្រាប់សម្រួលដល់ដឹកជញ្ជូនតាមផ្លូវទឹក និងបានកសាងផ្លូវលំភ្ជាប់ពីករះ ទៅភូមិគោកត្របែកនេះ ហើយលោកបណ្ឌិត ក៏តែងជួយសម្រួលក្នុងការជួលជុលផ្លូវជាបន្តបន្ទាប់ ភ្ជាប់ពីករះ ទៅភូមិគោកត្របែកនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ក៏ដឹកកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះផងដែរ។ ទោះជាយ៉ាងណាតំបន់នេះ ជាតំបន់ទឹកលិចនៅក្នុងខែវស្សា ដូចនេះហើយការជួលជុលផ្លូវក៏មិនអាចជាប់បានរឹងមាំឡើយ ហើយលោកតែងតែបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នា ថែរក្សាឱ្យផ្លូវថ្មីឱ្យបានគង់វង្ស ដោយមិនត្រូវធ្វើការដឹកកសិផលលើសទម្ងន់ពេកនោះឡើយ៕