(ព្រះសីហនុ)៖ ជនប្លន់ប្រដាប់អាវុធ ៤ករណីទៀត ដែលធ្លាប់បានធ្វើសកម្មភាពប្លន់យ៉ាងសកម្មក្នុងខេត្តព្រះសីហនុនោះ នៅពេលនេះត្រូវបានកងកម្លាំងនគរបាលតាមស្រាវជ្រាវ និងបង្ក្រាបបានហើយ ហើយជនដល់ ៣នាក់ ក៏ត្រូវបានចាប់វាយខ្នោះរៀបចំបញ្ជូនទៅកាន់តុលាការឲ្យចាត់វិធានការតាមនីតិវិធីផងដែរ។
ប្រតិបត្តិការស្រាវជ្រាវតាមវែកមុខជនប្លន់ប្រដាប់អាវុធ ដើម្បីនាំមកនូវសន្តិសុខសុវត្ថិភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកងកម្លាំងនគរបាលទូទាំងរាជធានី ខេត្ត បន្ដស្រាវជ្រាវករណីប្លន់ប្រដាប់អាវុធនៅសេសសល់ឲ្យអស់នោះ។
លោកឧត្តសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា ក្នុងឆ្នាំ២០១៦នេះ សកម្មភាពប្លន់ដោយអាវុធខ្លីក្នុងខេត្តព្រះសីហនុកើតឡើងចំនួន ៤លើក ក្នុងនោះប្លន់យកម៉ូតូ ៣លើក សម្រេច២លើក និងភ្ជង់ប្លន់យកទូរស័ព្ទដៃ បានសម្រេច ១លើក ហើយក្រុមជនសង្ស័យបានបាញ់ឲ្យជនរងគ្រោះរបួសផងដែរ។
លោកស្នងការបន្ដថា ករណីទី១ កើតឡើងនៅយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ មានជនសង្ស័យ ២នាក់ បានប្លន់យកម៉ូតូម៉ាក C១២៤ ស៊េរីឆ្នាំ ២០១៥ បានសម្រេច ដោយបាញ់ឲ្យរបួសភ្លៅជនរងគ្រោះផងដែរ, ករណីទី២កើតឡើងនៅយប់ថ្ងៃទី១៩ ខែ២០១៦ ស្ថិតក្នុងភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ មានជនសង្ស័យ ២នាក់ បានបាញ់គំរាម ១គ្រាប់ យកម៉ូតូC១២៥ ស៊េរីឆ្នាំ ២០១៦បានសម្រេច, ករណីទី៣ កើតឡើងនៅទៀបភ្លឺថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ មានជនសង្ស័យ៣នាក់ បានធ្វើសកម្មភាព ប្លន់ភ្ជង់យកម៉ូតូ តែមិនបានសម្រេច និងករណីទី៤ កើតឡើងនៅទៀបភ្លឺ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ មានជនសង្ស័យ២នាក់ បានធ្វើសកម្មភាពប្លន់ភ្ជង់យកទូរស័ព្ទដៃម៉ាក iPhone 5s ១គ្រឿង។
លោកឧត្តមសេនីយ៍ទោស្នងការ បញ្ជាក់ថា ក្រោយពីបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងជំនាញរបស់លោកបង្ក្រាបបានជនសង្ស័យ ៣នាក់ ដែលបានធ្វើសកម្មភាពប្លន់ខាងលើ ដោយទី១- ឈ្មោះ វី ដា អាយុ២០ឆ្នាំ មេខ្លោងកាន់កាំភ្លើងភ្ជង់បាញ់ ទី២- ឈ្មោះ ផល ពិសិដ្ឋ អាយុ ១៦ឆ្នាំ និងទី៣- ឈ្មោះ វេង រិន អាយុ ១៨ឆ្នាំ ដោយឡែកពីរនាក់ទៀតឈ្មោះ ញឹម ប៊ុនថេរ អាយុ ១៦ឆ្នាំ បច្ចុប្បន្នកំពុងឃុំខ្លួន នៅពន្ធនាគារ ចាប់ខ្លួននៅថ្ងៃទី២៥ ខែ១០ ឆ្នាំ២០១៦ ពីបទចោរកម្ម ហើយជនសង្ស័យនេះ បានសារភាពថា ខ្លួនបានចូលរួមធ្វើសកម្មភាពប្លន់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ រីឯម្នាក់ទៀត កម្លាំងជំនាញកំពុងបន្ដតាមចាប់ខ្លួន។
ក្រោយប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញដកហូតបាន ម៉ូតូម៉ាក C១២៥ ស៊េរីឆ្នាំ២០០៣ ឡើងស៊េរីឆ្នាំ២០១៤ ជាមធ្យោបាយសម្រាប់ធ្វើសកម្មភាពប្លន់ ទាំង៤លើក, ទូរស័ព្ទដៃ iPhone 5s ១គ្រឿង ដែលប្លន់បានកន្លងមក ដោយឡែកកាំភ្លើងខ្លីម៉ាក K59 ជនសង្ស័យជាមេខ្លោងបានទិញនៅម្ដុំផ្លូវផ្សារដីហុយ រាជធានីភ្នំពេញ ក្នុងតម្លៃ ៥០០ដុល្លារ ប៉ុន្ដែជនសង្ស័យបានបោះចោលពេលសមត្ថកិច្ចកំពុងតាមចាប់។
បច្ចុប្បន្នជនសង្ស័យដែលឃាត់ខ្លួនសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការបន្ដតាមនីតិវិធី៕