(កំពង់ចាម)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ និងភរិយា ព្រមទាំងក្រុមការងារមួយចំនួនទៀត នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាតំបន់មួយដែលលោករដ្ឋមន្រ្តី បានសម្ងំលាក់ខ្លួនក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត ក្រោយពេលជម្លៀសចេញពីរាជធានីភ្នំ ពេញ ១៧ មេសា ឆ្នាំ១៩៧៥។
ក្នុងជំនួបសំណេះសំណាល ដែលធ្វើឡើងក្រោមដំណក់ភ្លៀងនោះ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងភរិយា បានចែកសម្លៀកបំពាក់ នំចំណី និងថវិកាមួយចំនួនដល់កូនចៅប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋផងដែរ។
ក្នុងកិច្ចសំណេះសំណាលនោះ ក៏មានការរំលឹកពីប្រវត្តិដ៏ជូរចត់ក្នុងពេលរស់នៅក្នុងរបបវាលពិឃាត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្រោមការដឹកនាំ របស់បនប្រល័យពូជសាសន៍ប៉ុលពតផងដែរ។
តាមការរៀបរាប់របស់ លោក ទឹម ទៀង ជាមេកងនៅក្នុងសម័យកាលដ៏ឈឺចាប់នោះ និងជាអ្នកលាក់លោករដ្ឋមន្ត្រីឲ្យរត់ទៅរស់នៅព្រៃភ្នំក្រហមកំបាំងពីភ្នែកអង្គការបានឲ្យដឹងថា ឃុំទួលព្រះឃ្លាំងនេះ ត្រូវបានគេហៅថា «មូលដ្ឋានតំបន់វាលសោះខ្យល់»។
ក្រោយពេលខ្មែរក្រហមវាយកាន់កាប់រាជធានីភ្នំពេញនៅថ្ងៃទី១៧ មេសា ១៩៧៥ មិនខុសពីប្រជាពលរដ្ឋខ្មែរដទៃទៀតនោះ លោក ខៀវ កាញារីទ្ធ ក៏ត្រូវបានខ្មែរក្រហមជម្លៀសចេញពីរាជធានីភ្នំពេញផងដែរ។ បើតាមការរៀបរាប់ពីប្រវត្តវេទនាក្នុងរបបអាវខ្មៅ លោក ខៀវ កា ញារីទ្ធ បានឲ្យដឹងថា ការភៀសខ្លួនចេញពីរាជធានីភ្នំពេញ គឺលោកភៀសខ្លួនទៅតែម្នាក់ឯងប៉ុណ្ណោះ មិនបានទៅជុំជាមួយគ្រួសារនោះឡើយ ក្នុងបំណងរក្សាសុវត្ថិភាពសម្រាប់គ្រួសារ ក៏ដូចជារូបលោកផ្ទាល់ផងដែរ។
លោករដ្ឋមន្រ្តី បានធ្វើដំណើរទៅដល់មូលដ្ឋានវាលសោះខ្យល់នៅអំឡុងខែឧសភា។ លោកត្រូវបញ្ជូនទៅរស់នៅក្នុងក្រុមនិស្សិត ប្រហែល ៥០០នាក់ នៅក្នុងមូលដ្ឋានភូមិដូនទរ ឃុំទួល ព្រះឃ្លាំង ដែលសម័យនោះ គេហៅតំបន់៤២ ស្រុក ៦៤។ លុះក្រោយមក និស្សិតទាំងនោះត្រូវបានគេយកទៅកាប់សម្លាប់។ ជាសំណាងល្អមួយលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ត្រូវបានលោក ទឹម ទៀង ជាមេកងនាំរត់ទៅរស់នៅព្រៃភ្នំក្រហមកំបាំងពីភ្នែកអង្គការ ហើយក៏ចៀសផុតពីក្តីមរណាផងដែរ៕