Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ា ហុង ពីវ៖ ទារិកា ដែលពិការភ្នែកទាំងសងខាង មានឱកាសព្យាបាលជា ៥០ភាគរយ ថ្លៃព្យាពាលចាប់ពី ១២ម៉ឺនដុល្លារ

06-11-2016 09:42

(ភ្នំពេញ)៖ បន្ទាប់ពីការពិនិត្យរបស់ក្រុមគ្រូពេទ្យជំនាញសិង្ហបុរី ឧកញ៉ា ហុង ពីវ បានឲ្យដឹងថា ទារិកា ម៉ីម៉ី ដែលមានពិការភ្នែកទាំងសង ខាងតាំងពីកំណើតនោះ មានឱកាសព្យាបាលឲ្យនាងមើលឃើញពិភពលោកឡើងវិញ ៥០ភាគរយ ដោយចំណាយថ្លៃព្យាបាលចាប់ពី ១២ម៉ឺនដុល្លារ។

លោកឧកញ៉ា បានបញ្ជាក់នៅលើទំព័រ Facebook របស់លោកថា ការព្យាបាលបាលត្រូវធ្វើឡើងជាពីរដំណាក់កាល ដំណាក់កាលទី១ ត្រូវវះកាត់ដូចកញ្ចក់ភ្នែកម្ខាងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ហើយម្ខាងទៀត ត្រូវវះកាត់ដូរនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧។ រាល់ការវះកាត់ម្តងៗ ត្រូវស្នាក់នៅរយៈពេល ១៥ថ្ងៃ។

បន្ទាប់ពីវះកាត់រួច នៅអំឡុងឆ្នាំទី១ ត្រូវទៅពិនិត្យរាល់ ៣ខែម្តង ហើយចាប់ពីឆ្នាំទី២ រហូតដល់ពេញមួយជីវិត ត្រូវទៅពិនិត្យទៅរាល់ ៦ខែម្តង។

សូមបញ្ជាក់ថា ទារិកា ធឿន ម៉ីម៉ី អាយុប្រមាណទើបជាង ២ខែ បានកើតជំងឺឡើងបាយប្រស្រីភ្នែក ដែលអាចប្រឈមនិងការពិការពេញមួយជីវិត។ ធឿន ម៉ីម៉ី ជាកូនទី២ ក្នុងគ្រួសារក្រីក្រមួយនៅស្រុកបាទី ខេត្តតាកែវ មានឪពុកជាកម្មករចុះទូកនៅថៃ ទាំងមិនទាន់បានមើលមុខកូនផង។

ទោះបីជាយ៉ាងណាទារិកា ធឿន ម៉ីម៉ី ពិតជាមានភ័ព្វសំណាងបានជួបជាមួយឧកញ៉ា ហុង ពីវ ដែលត្រូវបានមហាជនឲ្យរហស្សនាមថា ឧកញ៉ាពោរពេញដោយទឹកចិត្តសប្បុរសធម៌នៅកម្ពុជា បានជួយជ្រោមជ្រែង និងធានាជួយរកគ្រូពេទ្យព្យាបាល ម៉ីម៉ី រហូតដល់ជា និងអាចមើលឃើញពិភពលោកនេះ។

ឧកញ៉ា ហុង ពីវ បាននាំយកទារិកា ធឿន ម៉ីម៉ី និងម្តាយបង្កើតរបស់ទារិកានេះ ទៅកាន់ប្រទេសសិង្ហបុរីកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ ដើម្បីជួបក្រុមគ្រូពេទ្យជំនាញពិនិត្យ និងធ្វើការវិនិច្ឆ័យ។

ឧកញ៉ា ហុង ពីវ ធ្លាប់បានសន្យាថា នឹងប្រឹងប្រែងជួយឧបត្ថម្ភដល់ការព្យាបាលភ្នែកទារិការហូតជាសះស្បើយ។ ឧកញ៉ា ហុង ពីវ ក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឲ្យជួយបួងសួង និងបន់ស្រន់ ឲ្យការព្យាបាលភ្នែករបស់ទារិកា ម៉ីម៉ី ទទួលបានជោគជ័យបានមើលឃើញ ពិភពលោកដ៏ស្រស់បំព្រងនេះដូចមនុស្សទូទៅ៕