(ភ្នំពេញ)៖ នេះជាលើកដំបូងហើយសម្រាប់កម្ពុជាក្នុងឆ្នាំ២០១៦ ដែលបានជាប់លេខ១ ក្នុងចំណោម២០ប្រទេស ក្នុងកម្មវិធីប្រលងប្រកួតប្រជែងNetRiders ជាកម្មវិធីរបស់ក្រុយមហ៊ុន ស៊ីស្កូ(Cisco) ដែលត្រូវបានដាក់ឲ្យអនុវត្ដន៍នៅតាមគ្រប់ Cisco Networking Academy ទូទាំងពិភពលោក បែងចែកការប្រកួតប្រជែង តាមតំបន់នីមួយៗ ដូចជា អាស៊ីប៉ាស៊ីហ្វិច អាមេរិក អឺរ៉ុប។
លោក កាក់ យុទ្ធាវុធ ដែលទទួលបានជយលាភីលេខ១បានថ្លែងថាឲ្យដឹងនៅថ្ងៃទី០៥ ខែវិច្ឆិកានេះថា លោកពិតជាត្រេកអរនឹងភាពជោគជ័យនេះណាស់ ព្រោះលោកតែងតែប្រឹងប្រែង ជារៀងរហូតមក ពិសេសលោក ជាកូនសិស្ស សិក្សាជំនាញ Cisco CCNA នៅវិទ្យាស្ថាន សាន់រ៉ាយ SUNRISE Institute ដែលជាCisco Networking Academy តែមួួយគត់នៅកម្ពុជា ផ្ដល់នៅកម្មវិធីសិក្សាជំនាញ IT ដែលកំពុងពេញនិយម និងត្រូវការយ៉ាងខ្លាំនៅតាមបណ្ដាល ក្រុមហ៊ុន ទាំងនៅក្នុងស្រុក និងក្រៅប្រទេស។
លោក ថ្លែងឲ្យដឹងថា កម្មវិធីនេះ ត្រូវបានអនុវត្ដជារៀងរាល់ឆ្នាំតាំងឆ្នាំ២០០៧ ហើយបែងចែកការប្រកួតប្រជែង ជា៣កម្រិត មានកម្រិតITE, កម្រិតCCNA ១-២ និងកម្រិតជំនាញខ្ពស់ CCNA ប៉ុន្ដែកម្ពុជាយើងតែងតែជាប់បានត្រឹមលេខរៀងទី១៣ ឬ១៤ តែប៉ុណ្ណោះ ក្នុងចំណោមប្រហែលជា២០ប្រទេសទូទាំងអាស៊ីប៉ាស៊ីហ្វិច ដោយរួមបញ្ជូលទាំងប្រទេសជប៉ុន កូរ៉េ ប្រទេសអូស្រ្ដាលី និងប្រទេសណូវែសេឡង់ តែពេលនេះលោក បានជាប់ចំណាត់លេខមួយ ក្នុងការប្រឡងប្រកួតប្រជែងលើកនេះ ហើយលទ្ធផលខ្ញុំទទួលបាននៅចុងខែតុលាកន្លងនេះ។
លោកបន្ដថា តាំងពីការសិក្សានៅមហាវិទ្យាល័យ និងការសិក្សាបន្ថែមនៅវិទ្យាស្ថាន សាន់រ៉ាយ លោកខិតខំព្យាយាម និងតាំងចិត្ដយ៉ាងម៉ុតមាំ ក្នុងការកសាងសមត្ថភាព ដើម្បីប្រកួតប្រជែង ក្នុងទីផ្សាការងារជាតិ និងអន្ដរជាតិ ហើយលោកធ្លាប់បានទទួលបានអាហារូបករណ៍ទៅសិក្សាបន្ថែមនៅប្រទេស ឥណ្ឌា កាលពីឆ្នាំកន្លងទៅផងដែរ។
លោកបន្ថែមថា ជាលទ្ធផលនៃការប្រលង NetRiders ឆ្នាំ២០១៦នេះ លោកត្រូវបានជាប់លេខ១ ជាបេក្ខជនតែមួយគត់ តំណាងឲ្យប្រទេសកម្ពុជា នឹងត្រូវបានជ្រើសរើសឲ្យធ្វើទស្សនកិច្ចសិក្សា ទៅសហរដ្ឋអាមេរិក រយៈពេល១០ ថ្ងៃ នឹងក្នុងនោះ ដែលលោក នឹងត្រូវចូលទស្សនកិច្ចក្រុមហ៊ុនធំៗ លំដាប់ពិភពលោក ដូចជា ក្រុមហ៊ុន ស៊ីស្កូ។
លោកបានលើកឡើងទៀតថា «សូមផ្ដាំដល់កូនខ្មែរទាំងអស់ ត្រូវខិតខំរៀនជំនាញ ឲ្យបានច្បាស់លាស់ ត្រៀមខ្លួនជាស្រេច ដើម្បីប្រកួតប្រជែងទីផ្សារការងារទាំងក្នុងស្រុក និងនៅលើទីផ្សារអន្ដរជាតិ ។ យើងត្រូវមានជំនឿថាយើង អាចធ្វើបាន ហើយជំនឿមុនគេ គឺត្រូវជឿជាក់លើខ្លួនយើង ពិតមែន តែយើងមិនអាចនិយាយភាសាអង់គ្លេស ជាភាសាកំណើតយើងមែន នៅតែអាចរៀនអានបាន ហើយអាចប្រកួតប្រជែង បានជាមួយប្រទេសជាច្រើនទៀត ដែលនិយាយភាសាអង់គ្លេសជាភាសាកំណើតគេ ដូនេះ កូនខ្មែរត្រូវខិតខំឡើង យើងពិតជាអាចធ្វើបានមែន»។
គួរបញ្ជាក់ថា ក្រៅពីទទួលបានទៅទស្សនកិច្ចសិក្សា នៅសហរដ្ឋអាមេរិក និងក្រុមហ៊ុនធំៗជាច្រើនទៀត ក្រុមហ៊ុន ស៊ីស្កូ នឹងផ្ដល់នូវរង្វាន់លើកទឹកចិត្ដ ជាច្រើនទៀតផងដែរ ដល់អ្នកទទួលបានជយលាភីលេខ១នេះ៕