(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ បានផ្ញើព្រះរាជសារលិខិតអបអរសាទរ និងប្រសិទ្ធពរជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស សម្ដេចទទួលគ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយស កម្រិតខ្ពស់បំផុតរបស់រដ្ឋាភិបាលទីម័រឡេស្តេ។
ព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រមានខ្លឹមសារទាំងស្រុងដូច្នេះថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានទទួលដំណឹងដ៏ល្អប្រសើរ ស្តីពី សម្តេចអគ្គមហាសេនាបតីតេជោ បានទទួលគ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុត Grand Collar of the Order of Timor-Leste ពីឯកឧត្តមបណ្ឌិត JOSÉ RAMOS-HORTA ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ។
ខ្ញុំសូមអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ និងសូមកោតសរសើរដ៏កក់ក្តៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ជាប្រមុខដឹកនាំដែលមានការទទួលខុសត្រូវខ្ពស់លើជោគវាសនានៃអនាគតជាតិ និងមានគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត បាននាំមកនូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ ដល់ព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំសូមប្រសិទ្ធពរ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង ក្រុមគ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ»៕