(ឧត្តរមានជ័យ)៖ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់»។
ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ស្ថិតក្រោមវត្តមានលោក ហួន វ៉ាន់និត អភិបាលរងឧត្ដរមានជ័យ តំណាងលោក មាន ចាន់យ៉ាដា អភិបាលខេត្ត ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ម៉ូតសុខ មេសា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្ដរមានជ័យ បានថ្លែងថា សហគ្រាស-គ្រឹះស្ថាន និងសិប្បកម្មនានាក្នុងខេត្តឧត្តរមានជ័យសរុប៦០៥សហគ្រាស មានកម្មករនិយោជិតចំនួន ៧,២៥១នាក់ ស្រីចំនួន៣,០៨៨នាក់ និងមានកម្មករនិយោជិត បរទេសសរុបចំនួន១៧៤ នាក់ ស្រី៤៤ នាក់។
យ៉ាងណាមិញ ក្នុងខេត្តក៏មានគ្រឹះស្ថានសិក្សាឯកជនសរុបចំនួន៣គ្រឹះស្ថាន និងមាននិស្សិតសរុបចំនួន១,១០២នាក់ ស្រីចំនួន៦១៦នាក់ ក្នុងនោះ និស្សិតមានការងារធ្វើសរុបចំនួន៧៨១នាក់ ស្រីចំនួន ៤១៣នាក់ផងដែរ។
បន្ទាប់ពីស្តាប់នូវសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជារួចមក លោក ហួន វ៉ាន់និត បានថ្លែងលើកឡើងបន្តថា ដើម្បីអនុវត្តតាមសារលិខិត និងអនុសាសន៍របស់សម្តេចធិបតី និងដើម្បីបន្ត ស្មារតីទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» គ្រប់អង្គភាពស្ថាប័ន ភាគីពាក់ព័ន្ធ អាជ្ញាធរមាន សមត្ថកិច្ច និយោជក និងកម្មករនិយោជិត ត្រូវបន្តរួមគ្នាថែរក្សា ការពារសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គម ដែលជាលក្ខខណ្ឌចាំបាច់ក្នុងការបន្តការអភិវឌ្ឍមូលធនមនុស្សពោរពេញដោយ ជំនាញ និងសមត្ថភាព ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ច ខ្ពស់ ការបង្កើតការងារថ្មីកាន់តែល្អ និងរក្សាការងារដែលមានស្រាប់សំដៅបន្តទៅ ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង៕