(ភ្នំពេញ)៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបង្ក្រាបមេក្លោង ជួញដូរគ្រឿងញៀនម្នាក់ និងបក្ខពួកសរុបចំនួន៨នាក់ នៅខណ្ឌច្បារអំពៅ ដោយដកហូតបានវត្ថុតាងគ្រឿងញៀន, កាំភ្លើងកែច្នៃ, កាំបិត, ដាវ និងពូថៅជាច្រើនទៀតដែលសុទ្ធតែអាចបង្កគ្រោះថ្នាក់។

ប្រតិបត្តិការនេះ បានធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, ស្នងការរងនគរបាលទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៧ ខែឧសភាកន្លងទៅ។

សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការជំហានដំបូងសមត្ថកិច្ច កម្លាំងជំនាញបានឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់ឈ្មោះ ម៉ូវ សុភា ហៅអាស្រម៉ូវ អាយុ៤២ឆ្នាំ ដែលជននេះមានដីកាចាប់ខ្លួនរបស់តុលាការផងដែរ។ (ពេលចាប់ខ្លួនជនល្មើសខាងលើ កម្លាំងសមត្ថកិច្ចបានចាប់យកវត្ថុតាងគ្រឿងញៀនចំនួន៤កញ្ចប់)។

ផ្អែកចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងការស្រាវជ្រាវរបស់កម្លាំងជំនាញ, សមត្ថកិច្ចបាននាំជនសង្ស័យទៅបង្អុលបង្ហាញទីតាំងរបស់ក្រុមជនសង្ស័យ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ ចំនួន៤ទីតាំង ដែលជាលទ្ធផលឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់បន្ថែមទៀត រួមមាន៖

*ទី១៖ ឈ្មោះ ផន រ៉ា អាយុ៤១ឆ្នាំ
*ទី២៖ ឈ្មោះ តូច សុភ័ក្រ្ក អាយុ៣៩ឆ្នាំ
*ទី៣៖ ឈ្មោះ មឿន និមុល អាយុ៤០ឆ្នាំ
*ទី៤៖ ឈ្មោះ សោម វណ្ណេត អាយុ៣១ឆ្នាំ
*ទី៥៖ ឈ្មោះ អ៊ាន សំណាង អាយុ៣៤ឆ្នាំ
*ទី៦៖ ឈ្មោះ ផន ណាផា អាយុ១៨ឆ្នាំ
*ទី៧៖ ឈ្មោះ សួន សាឡាង អាយុ៣៤ឆ្នាំ។

ចាប់យកវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន៨កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន៣, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន៤, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ដែកកេះជ័រ ចំនួន៥, កាំបិត៧, ដាវដែក៦, ពូថៅ២, កាំភ្លើងកែច្នៃ២ និងដំបងបីកំណាត់១។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញថា ក្រុមជនសង្ស័យខាងលើនេះ គឺជាក្រុមដែលមានការចាត់តាំង និងមានការបញ្ជាដោយមេក្លោង ម៉ូវ សុភា។ ក្រុមនេះ ជាក្រុមជួញដូរចែកចាយ គ្រឿងញៀនយ៉ាងសកម្ម និងបង្កអសន្តិសុខក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន ដោយរូបភាពជាបងតូចបងធំ អុកឡុកក្នុងមូលដ្ឋាន ប្រើហឹង្សា កាប់ចាក់ លួច ឆក់ និងប្លន់ជាដើម។

ក្រៅពីប្រតិបត្តិការនេះ នៅថ្ងៃទី៨ ខែឧសភា កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញអធិការនគរបាលបាលខណ្ឌច្បារអំពៅ ក៏បានធ្វើការបង្រ្កាបជាក់ស្ដែងនូវករណីជួញដូរ, រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិដើមចាន់ (យឿត្រី) សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

កម្លាំងនគរបាលបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ប៉េង ដារ៉ា ហៅ អាង៉ោល អាយុ៣៥ឆ្នាំ និងចាប់យកសម្ភារវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន៧កញ្ចប់, គ្រាប់អាវុធខ្លី ចំនួន៤៥គ្រាប់, ដាវដែក ចំនួន១ និងកាំបិត ចំនួន១, បំពង់កែវសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន២, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន១ និងទូរស័ព្ទដៃ ចំនួន២គ្រឿង។

ជនសង្ស័យខាងលើនេះ ជាមុខសញ្ញាជួញដូរ ចែកចាយគ្រឿងញៀនយ៉ាងសកម្ម និងជាជនទំនើងអុកឡុកក្នុងមូលដ្ឋាន។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានយកមកសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀតតាមច្បាប់៕