(ភ្នំពេញ)៖ បណ្ឌិត ញ៉ែម សារ៉េត នាយកប្រចាំប្រទេស អង្គការហេហ្វឺអន្តរជាតិ បានលើកឡើងថា អង្គការហេហ្វឺអន្តរជាតិនឹងបន្តជួយគាំទ្រ និងពង្រឹងសមត្ថភាពកសិករ និងសហគមន៍កសិកម្ម តាមរយៈការគាំទ្រថវិកា និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសកសិកម្មដល់កសិករ ដើម្បីឱ្យពួកគាត់អាចដឹកនាំស្ថាប័ន និងមានផែនការអាជីវកម្មច្បាស់លាស់ ឈានទៅដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
លើកឡើងក្នុងសិក្ខាសាសហគមន៍ប្រចាំឆ្នាំ លើកទី៦ ស្តីអំពីការពង្រឹងសមត្ថភាព នៃការគ្រប់គ្រង និងការផ្គូផ្គងធុរកិច្ចរបស់សហគមន៍កសិកម្ម និងសហគ្រិនសុខភាពសត្វសហគមន៍ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ លោកបានមានប្រសាសន៍ថា «បន្ទាប់ពីកសាងសមត្ថភាពពួកគាត់រួចរាល់ យើងចាប់ផ្តើមគាំទ្រផ្នែកអាជីវកម្ម និងខ្សែច្រវ៉ាក់តម្លៃប្រកបដោយការចូលរួមពេញលេញ មានប្រសិទ្ធភាព និងនិរន្តរភាព»។
លោកបានឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំមកនេះ អង្គការហេហ្វឺអន្តរជាតិបានផ្តល់ការគាំទ្រដល់ សហគមន៍កសិកម្មចំនួន ៧៣ សហគមន៍នេសាទចំនួន ១១ ហើយជាមួយគ្នានេះ សហភាពសហគមន៍កសិកម្មសហគ្រិនអភិឌ្ឍន៍សង្គម ក្នុងខេត្តចំនួន ១៤ ទទួលបានការបណ្តុះបណ្តាលជំនាញស្តីពី អភិបាលកិច្ច ធុរកិច្ច និងទុនវិនិយោគ និងសេវាពាក់ព័ន្ធកសិកម្ម សរុបចំនួន ៨៥។
លោកបន្ថែមថា បច្ចុប្បន្ននេះអង្គការបានបង្កើតសហគមន៍កសិកម្មមាសចំនួន ១៨ សំរាប់វិនិយោគអាជីវកម្មគម្រូ និងបានពង្រឹងសមត្ថភាពកសិករ សហគមន៍កសិកម្ម សហគមន៍នេសាទ និង សហភាពសហគមន៍កសិកម្មសហគ្រិនអភិឌ្ឍន៍សង្គមដើម្បីធានាបាននូវការដឹកនាំ និងគ្រប់គ្រងសហគមន៍កសិករ។
បើតាមលោកញ៉ែម សារ៉េត កសិករចំនួន ៤៥,៥៦០ គ្រួសារ បានទទួលការគាំទ្រផ្ទាល់ពីគម្រោង តាមរយៈសហគមន៍កសិកម្ម សហគមន៍នេសាទ និងសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍន៍សង្គម (SEUAC)។
បន្ថែមពីនេះ អង្គការហេហ្វឺអន្តរជាតិបានកសាងកសិកដ្ឋានដាំបន្លែលើដីចំនួន៤ កន្លែង កម្រិតសហគមន៍កសិកម្ម និងសហភាពសហគមន៍ ស.ស.អ.ស. កសាងផ្ទះសំណាញ់កម្រិតកសិករ និងសហគមន៍កសិកម្មចំនួន ១៤០
បានផ្តល់ទុនវិនិយោគចំនួន ជិត១លានដុល្លារ ដល់ក្រុមផលិត សហគមន៍កសិកម្ម សហគមន៍នេសាទ និង សហភាពសហគមន៍កសិកម្មសហគ្រិនអភិឌ្ឍន៍សង្គម សម្រាប់ផលិតកម្មសត្វ បន្លែ និង វារីវប្បកម្ម សរុបចំនួន ជាង៥០០គ្រួសារ។ ព្រមទាំងបានបន្ថែមថវិកាគាំទ្រមកពីដៃគូអភិវឌ្ឍជាទុនវិនិយោគសម្រាប់កសាង ទ្រុងមាន់ស្រែស្តង់ដារ បែរចិញ្ចឹមត្រីទឹកប្រៃស្តង់ដារ កន្លែងប្រមូលផលិតផលកសិកម្ម (Collection Center) ឃ្លាំងត្រជាក់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (Solar cold storage) បានទិញត្រាក់ទ័រចំនួន៣ គ្រឿងសម្រាប់សហគមន៍កសិកម្មបានផ្តល់បច្ចេកទេសសម្រាប់ការដាំដុះ ចឹញ្ចឹមសត្វ និងការប្រមូលផលកសិកម្ម។
អង្គការហេហ្វឺអន្តរជាតិ ថែមទាំងបានកសាងផ្សារសហគមន៍ចំនួន១១កន្លែងដែលជារបស់សហគមន៍កសិកម្ម, កសាងទីសត្តឃាតមាន់ចំនួន ១០កន្លែងដល់សហគមន៍កសិកម្ម,បានទិញយានយន្តដឹកផលិតផលកសិកម្មចំនួន ១១ គ្រឿង សម្រាប់សហគមន៍កសិកម្ម,បានទិញមធ្យោបាយដឹកជញ្ជូនខ្នាតតូច ម៉ូតូកង់បីចំនួន ៣៣ គ្រឿងសម្រាប់ដឹកកសិផលកសិកម្មដល់សហគមន៍កសិកម្ម។ ទន្ទឹមគ្នានេះ សហគមន៍កសិកម្ម និងសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍន៍សង្គម បានកៀគរសមាជិកដើម្បីវិនិយោគទិញ និងជួលដីសំរាប់រៀបចំកសាងកសិដ្ឋានពង្រីកការផលិតផលកម្មកសិកម្មរួមមាន មាន់ ត្រី បន្លែ និងផ្លែឈើផងដែរ៕