(ភ្នំពេញ)៖ លោក ជៀម ឡាម៉ាទីន ទីប្រឹក្សាទទួលបន្ទុកកិច្ចការពលករ នៃស្ថានទូតកម្ពុជានៅបាងកក បានថ្លៃងឲ្យដឹងថា  កាលពីយប់ថ្ងៃទី ២៥ ខែតុលា ២០១៦ ពលករខ្មែរម្នាក់ឈ្មោះ ចាន់ រស្មីម៉េងហ៊ាង (ហៅដំ​)​ អាយុ២២ឆ្នាំ​​ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ  ត្រូវបានពលករមីយ៉ាន់ម៉ាម្នាក់ ចាក់នឹងកាំបិតបណ្តាល​ឲ្យរបួសជាទម្ងន់ ហើយត្រូវបានបញ្ជូន​ទៅព្យាបាលនៅមន្ទីរពេទ្យ​ឈុលប្រាក់​ថាន ក្នុងខេត្ត​នន្ទបុរី (Nonthaburi) ។

ពលកររូបនេះចូលមកប្រទេសថៃ កាលពីខែមេសា​ ឆ្នាំ២០១៦ ដោយពុំមានឯកសារអ្វីទាំងអស់ ហើយធ្វើការខុសច្បាប់ជាមួយក្រុមហ៊ុន​ជញ្ជូនសំរាម​មួយនៅ​ជាយក្រុងបាងកក ជាមួយនឹងជនជនដៃ​ដល់ជាជនជាតិមីយ៉ាន់ម៉ា ជាពលករខុសច្បាប់ដូចគ្នា។​  

ស្ថានទូតបានចាត់មន្ត្រីទៅ​សួរសុខទុក្ខពលកររងគ្រោះ​នៅមន្ទីរពេទ្យ ដោយ​បាននាំយកអំណោយជា​ទឹកប្រាក់ចំនួន៧,៥០០បាត ឧបត្ថម្ភដល់​ជនរងគ្រោះ។​ គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ថ្លៃព្យាបាលបាន​កើន ដល់ចំនួន ១២០,០០០បាត ប៉ុន្តែឪពុករបស់សាម៉ីខ្លួន​មានលទ្ធភាព​បង់តែ៦០,០០០បាត ប៉ុណ្ណោះ​។ ជនរងគ្រោះពុំមានការធានារ៉ាប់រងសុខភាពឬការធានាសង្គមអ្វីឡើយ ព្រោះជាពលករខុសច្បាប់។​ អាស្រ័យដូចនេះតំណាង ស្ថានទូតបានស្នើទៅមន្ទីរពេទ្យយោគយល់​ដល់ជនរងគ្រោះ​ជាគ្រួសារទីទ័លក្រ។

មន្ទីរពេទ្យបានឯកភាពទទួលយកប្រាក់ដែលសាម៉ីខ្លួនមានចំនួន៦ម៉ឺនបាត និងឲ្យសាម៉ីខ្លួនសន្យាសងនៅពេល ណាដែលមានថវិកា (​តំណាងមន្ទីរ​ពេទ្យបញ្ជាក់ថា កិច្ចសន្យានេះ​គ្រាន់តែជួយ​បង្គ្រប់​កិច្ចប៉ុណ្ណោះ​មន្ទីរពេទ្យ នឹងមិនបង្ខំ​ទារប្រាក់ដែលនៅ​ខ្វះនេះឡើយ)។​​ ថ្ងៃទែ៤ ខែវិចិ្ឆកា ពលកររងគ្រោះ បានត្រូវបញ្ជូនបញ្ជូនទៅវះ​កាត់នៅមន្ទីរពេទ្យមួយ​ទៀតនៅក្រុងបាងកក។

គួរបញ្ជាក់ថា ពលករមីយ៉ាន់ម៉ា ដែល​ជាជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាម​ក្រោយពេលកើតហេតុ ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងមន្ទីរ​ឃុំឃាំងរង់​ចាំការកាត់ទោស។​ ស្ថានទូត នឹងងរកមេធាវី ដើម្បីជម្រុញ​ដំណើការ​កាត់ទោសជនល្មើសទៅតាមច្បាប់ ប៉ុន្តែមិនរំពឹងថាអាចទារ​សំណងពីជន​ល្មើសបានទេ ព្រោះជាពលករក្រីក្រ​ដែរ។ ស្ថាន ទូត នឹងខិតខំទាមទារ​ជាមួយនិយោជក​របស់ពលកររង​គ្រោះឲ្យជួយឧបត្ថម្ភថវិកាព្យាបាល៕