(ភ្នំពេញ)៖ នៅម៉ោង៥៖០០នាទីល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទៅដល់ពហុកីឡដ្ឋានជាតិអូឡាំពិកហើយ ដើម្បីធ្វើជាអធិបតីភាពសម្រាប់កម្មវិធីបិទការប្រកួតកីឡាជាតិលើកទី១របស់កម្ពុជា។
នៅព្រឹកថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា «សម្តេចសង្ឃឹម និងមានជំនឿជឿជាក់យ៉ាងខ្លាំងលើសមត្ថភាពរបស់កីឡាករ កីឡាការិនីកម្ពុជាគ្រប់រូបនៅក្នុងការដណ្តើមជោគជ័យធំៗ ជាច្រើនថែមទៀតសម្រាប់ជាតិ ជាពិសេសនៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា»។
បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានចូលរួមលើកទឹកចិត្តគាំទ្រវិស័យកីឡាជាតិយ៉ាងសស្រាក់សស្រាំ ហើយសម្តេចក៏បានអរគុណគ្រូបង្វឹកទាំងអស់ដែលបានយកចិត្តទុកដាក់ហ្វឹកហ្វឺនកីឡាករទាំងអស់ឲ្យមានសមត្ថភាពកាន់តែល្អខ្ពស់ឡើង។ សម្តេចតេជោថា «យើងត្រូវរួមដៃគ្នាបន្តជំរុញចលនាកីឡាជាតិ ឲ្យកាន់តែរីកចម្រើនខ្លាំងឡើងនៅក្នុងប្រទេស»។
គួរកត់សំគាល់ថា នៅថ្ងៃបិទកម្មវិធី «ប្រកួតកីឡាជាតិ» នេះសង្កេតឃើញថា មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមទស្សនា និងអបអរសាទរ នូវព្រឹត្តិការណ៍ប្រវត្ថិសាស្រ្តរបស់កម្ពុជាមួយនេះផងដែរ៕