(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងសហការី នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានធ្វើដំណើរមកសួរសុខទុក្ខក្មួយៗសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូនៃសាលា អនុវិទ្យាល័យដូងប្រេងតានៃ ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ ព្រមទាំងនាំយកទៅជាមួយ មានសៀវភៅចំនួន៣០០ក្បាល ប៊ិចចំនួន១៥០ដើម នំប៉័ង និងថវិកាមួយចំនួន ចែកជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និង អ្នកអាណាព្យាបាលសិស្ស នៅទីនោះផងដែរ។
ក្នុងឱកាសនោះ លោកស្នងការ បានផ្តាំផ្ញើឲ្យក្មួយៗទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ស្តាប់បង្គាប់ឪពុកម្តាយ លោកគ្រូអ្នកគ្រូ និងចៀសអោយឆ្ងាយពីបញ្ហាគ្រឿងញៀន។
នៅថ្ងៃដដែលនោះ លោកស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យអ្នកបច្ចេកទេស ទិញខ្សែភ្លើងប្រវែងជាង៤០០ម៉ែត្រ ដើម្បីតចូលទៅប្រើប្រាស់ក្នុងសាលា ព្រមទាំងទិញ អំពូលភ្លើង កង្ហារ តុបុយរ៉ូ សម្រាប់គ្រូគ្រប់ បន្ទប់សិក្សាទាំង៥បន្ទប់ផងដែរ។
លោកស្នងការបាន ឧត្ថម្ភថវិកាជូនលោកគ្រូ អ្នកគ្រូចំនួន១០នាក់ ក្នុងមួយនាក់ចំនួន៥០០០០រៀល អ្នកអាណាព្យាបាលសិស្ស៦៩នាក់ ក្នុងម្នាក់ចំនួន ១០០០០រៀលនិងសិស្ស ១១៧នាក់ ក្នុងមួយនាក់ចំនួន៥០០០រៀល។
គួរបញ្ជាក់ថា កាលពី ខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ ជួន ណារិន និងលោកស្រី បានមើលឃើញពីការលំបាករបស់ក្មួយៗសិស្សានុសិស្ស នៅតំបន់នោះ ដែលមានផ្ទះឆ្ងាយៗ ពីសាលាឈរស្ទាក់សុំ រថយន្ត ធុនធំៗ គេជិះរាល់ថ្ងៃ លោកទាំងពីរ បានផ្តួច ផ្តើមបង្កើត មូលនិធិទិញ បានរថយន្តមួយគ្រឿង ដើម្បីដឹកជញ្ជូនសិស្សផ្ទះឆ្ងាយៗមករៀនសូត្ររាល់ថ្ងៃផងដែរ៕