(បាត់ដំបង)៖ លោក សុខ លីហួត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ និងជាប្រធានក្រុមការងារចុះជួយឃុំចែងមានជ័យ បានអះអាងថា កម្លាំងយុវជនគ្រប់រូបគឺជាកម្លាំងដ៏រឹងមាំនិងជាអ្នកទទួលស្នងបន្តវេណការងារប្រទេសជាតិ ទៅថ្ងៃក្រោយ នៅក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងឃុំចែងមានជ័យ ចំនួនជិត១០០នាក់ នាព្រឹកថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៦ នៅទីស្នាក់ការបក្សឃុំចែងមានជ័យស្រុកបាណន់។ ក្នុងឱកាសនោះដែរ លោក សុខ លីហួត បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រធានក្រុមការងារចុះជួយខេត្ត ជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង ដល់សកម្មជនយុវជនបក្សមូលដ្ឋាន គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននាំមកនូវសុខសន្តិភាពនិងការ អភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យរហូតមកទល់បច្ចុប្បន្ន។
បន្ថែមពីនេះលោក សុខ លីហួត បានលើកឡើងថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចក្រឡាហោម ស ខេង តែងតែយកចិត្តទុក្ខដាក់គិតគូពីសុខទុក្ខ និងស្ថានភាពជីវភាពរស់នៅរបស់ បងប្អូនជានិច្ចរហូតមក ហើយនេះជាវប្បធម៌ចែករំលែកដ៏ល្អ ក៏ដូចជាគោលនយោបាយដឹកនាំល្អមួយរបស់គណបក្សប្រជាជនកម្ពុជាដែរ។
លោកប្រធានក្រុមការងារបានបញ្ជាក់ថា មានតែកម្លាំងយុវជនគ្រប់រូបទេគឺជាអ្នកទទួលស្នងបន្តវេណកិច្ចការងារប្រទេសជាតិទៅថ្ងៃក្រោយ (ជាទំពាំងស្នងឬស្សី) នៅក្នុងពិធីប្រកាសទទួលស្គាល់សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងឃុំចែងមានជ័យ ចំនួន៨២នាក់ ដែលពីសាខាបក្ខភូមិទាំង៨ ក្នុងឃុំចែងមានជ័យ ក្នុងឱកាសនេះផងដែរ លោកប្រធានក្រុមការងារបានបញ្ជាក់ប្រាប់សកម្មជនយុវជនបក្សឃុំចែងមានជ័យក្នុងស្រុកបាណន់ថា យុវជនមានកម្លាំងគ្រប់គ្រាន់ហើយរឹងមាំ ត្រូវមានសាមគ្គីភាពគ្នាឲ្យបានល្អ សូមប្អូនៗទាំងអស់ធ្វើយ៉ាងណា ខិតខំរក្សាកម្លាំងចាស់និងពង្រីកកម្លាំងថ្មីឲ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាពយុវជនបក្សយើងក្នុងឃុំដែលគ្រប់អាយុបោះឆ្នោត សម្រាប់ត្រៀមរៀបចំខ្លួន និងជម្រុញឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យមានក្នុងបញ្ជីបោះឆ្នោតបានគ្រប់ៗគ្នា និងត្រូវចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ចាប់ពីពេលនេះទៅ ធ្វើការឃោសនា ចលនាបក្ស ដើម្បីទាញយកសម្លេងឆ្នោតបោះឆ្នោតឃុំ សង្កាត់នាឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦នាឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីយកបានសំឡេងឆ្នោត បានឈ្នះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយើង ដើម្បីមានឱកាសបន្តដឹកនាំ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិបន្ថែមទៀត។
លោក សុខ លីហួត បានបញ្ជាក់ប្រាប់ដល់ប្អូនៗទាំងអស់ថា ថ្វីត្បិតតែប្អូនៗខ្លះ មិនបានកើតទាន់សម័យសង្គ្រាម ពិសេសរបបខ្មែរក្រហមប្រល័យពូជសាសន៍ ប៉ុល ពត ក៏ពិតមែន តែឪពុកម្តាយ ជីដូនជីតា ក្មួយៗបានកើតរស់រានមានជីវិតដល់សព្វថ្ងៃពីពួកគាត់ដែរ បើគ្មានពួកគាត់បង្កើតយើងទេ ក៏គ្មានប្អូនៗជាយុវជនដល់ពេលនេះដែរ នេះគឺដោយសារគុណថ្ងៃ៧មករា១៩៧៩ ជាថ្ងៃកំណើតទី២ទេ ទើបមានថ្ងៃនេះ ។
ដូច្នេះក្នុងនាមប្អូនៗជាយុវជនបក្សមូលដ្ឋានត្រូវនាំគ្នា ឃោសនានៅគ្រប់ទីកន្លែង ឬតាមខ្នងផ្ទះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សេងៗ ឬផ្ទាល់មាត់ក្តី ធ្វើឲ្យប្រជាពលរដ្ឋមានជំនឿជឿជាក់លើបក្សយើងពិតៗ ដើម្បីឲ្យពួកគាត់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយកុំឲ្យពួកគាត់ជឿឃោសនាបក្សផ្សេងៗ ដែលគ្រាន់តែបានដើរឃោសនា បោកប្រាស់ ភូតកុហក់ សន្យាខ្យល់ ដូចអណត្តិមុនៗទៀត។ ពិសេសមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍ជាតិកាន់តែរីកចម្រើនដល់សព្វថ្ងៃ។
លោកបានបន្ថែមទៀតថា ឥស្សរជន វីរជន ថ្នាក់ដឹកនាំជាន់ខ្ពស់បក្សគ្រប់លំដាប់ថ្នាក់ បានកសាងជាតិនិងធ្វើអ្វីៗមានការរីកចម្រើនប៉ុណ្ណឹងហើយ ពេលដែលចាស់ជំនាន់មុនត្រូវបានចូលនិវត្តន៍បណ្តើរៗបន្តបន្ទាប់ សមិទ្ធិផលដែលមានស្រាប់ទាំងនេះ ប្អូនៗជំនាន់ក្រោយត្រូវចេះថែករក្សាការពារឲ្យបានល្អ ត្រូវទប់ស្កាត់ឲ្យបានរាល់សកម្មភាពបក្សណាដែលមានចេតនាបំផ្លាញជាតិ ធ្វើអ្វីត្រូវគោរពច្បាប់រដ្ឋធម្មនុញជាធំ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតផងដែរ។