Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វត្តត្រាច ទទួលបានបច្ច័យជិត៣៨លានរៀល ពីអង្គកឋិនទាន ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ

05-11-2016 16:24

(ព្រៃវែង)៖ ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំអង្គរទ្រេត និងលោកស្រី មាស ម៉ាលីន បុត្រាបុត្រី ចៅប្រុស ចៅស្រី ព្រមទាំងសហការី ពុទ្ធបរិស័ទ្ធចំណុះជើងវត្តជិតឆ្ងាយ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានរួមគ្នាដង្ហែអង្គកឋិនទានរស្មីសាមគ្គី ដើម្បីយកបច្ច័យទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងវត្តត្រាច ស្ថិតនៅភូមិវត្តត្រាច ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ បានលើកឡើងថា ដោយមើលឃើញពីការខ្វះខាតបច្ច័យក្នុងការកសាងស្រះទឹក និងសមិទ្ធផលនានាក្នុងវត្ត ទើបលោកឧត្តមសេនីយ៍ និងលោកស្រី ព្រមទាំងសហការី ពុទ្ធបរិស័ទ្ធចំណុះជើងវត្តជិតឆ្ងាយ បានផ្តួចផ្តើមធ្វើបុណ្យកឋិនទានរស្មីសាមគ្គីនេះឡើង ដើម្បីប្រមូលបច្ច័យយកមកកសាងសមិទ្ធផលនានាក្នុងវត្ត។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ ក៏បានអំពាវនាវឲ្យ ប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងទៅដែលរស់នៅក្នុងឃុំអង្គរទ្រេតទាំងអស់ ពិសេសជួយកៀរគរ​បងប្អូនសមាជិក​គ្រួសារ និងប្រជាពលរដ្ឋដទៃទៀតឲ្យអញ្ជើញ​ទៅចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានោះអាជ្ញាធរគ្រប់លំដាប់ក៏ត្រូវជួយបង្កលក្ខណៈគ្រប់បែបយ៉ាងដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួយទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗផងដែរ។ ព្រោះថាការចុះឈ្មោះបោះឆ្នោតគិតត្រឹមថ្ងៃទី៥ ខែវិច្ឆិកានេះ មានចំនួន៦៤ថ្ងៃហើយ នៅសល់តែ២៥ថ្ងៃទៀតប៉ុណ្ណោះ។

ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ជូនដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ ដែលមានសទ្ធាជ្រះថ្លាចូលរួមក្នុងអង្គកឋិនទាននេះ ដើម្បីលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

សូមបញ្ជាក់ថា បច្ច័យដែលបានមកពីអង្គកឋិនទានរស្មីសាមគ្គីនេះ មានចំនួន ៣៧.២១០.០០០រៀល និងត្រៃមួយចំនួនធំ ដើម្បីវេប្រគេនព្រះសង្ឃទុកសម្រាប់ប្រើប្រាស់​កសាងសមិទ្ធផល​នានាក្នុងវត្ត ៕