(ភ្នំពេញ)៖ ការប្រកួតកីឡាជាតិ លើកទី១ នឹងប្រារព្ធពិធីបិទការប្រកួតជាផ្លូវការ នាល្ងាចថ្ងៃទី០៥ ខែវិច្ឆិកានេះ ក្រោមអធិបតីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ ទន្ទឹមជាមួយគ្នានេះ មន្ដ្រីជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមទស្សនា និងគាំទ្រពិធីបិទព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ដ្រនេះឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវិស័យកីឡា ឲ្យកាន់តែរីកចម្រើន សម្រាប់ធ្វើម្ចាស់ផ្ទះកីឡា SEA Games នាឆ្នាំ២០២៣ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា ពិធីបិទនេះ នឹងរៀបចំកាន់តែអស្ចារ្យ ដោយមានការចូលរួមពីតារាចម្រៀងដ៏ល្បី មកពីផលិតកម្មសាន់ដេលោក ខេមរៈ សេរីមន្ដ និងក្រុមកំប្លែងនាយ ពែកមី រួមទាំងការសម្ដែងភ្លើងពណ៌ អមដោយការបាញ់កាំរស្មីឡាស៊ែរ(Laser) ដ៏អស្ចារ្យបង្ហាញពីសកម្មភាពកីឡាទាំង ១៥ប្រភេទ ដែលចូលរួមប្រកួតកីឡាជាតិ លើកទី១ នេះទៀតផង ។ ដូច្នេះសូមកុំភ្លេចចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដោយការចូលរួមបើកជំហរដោយសេរី ពុំមានការលក់សំបុត្រឡើយ ខណៈកម្មវិធីនឹងចាប់ផ្ដើមពីវេលាម៉ោង ៣៖៣០នាទីរសៀលតទៅ ។

លោកបន្ដថា ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីផ្ដល់កម្លាំងចិត្ដដល់កីឡាករ-កីឡាការិនីទូទាំងប្រទេស ពិសេស គណៈកម្មការរៀបចំការប្រកួត និងពិធិបើក-បិទដោយមានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡាជាអាណាព្យាបាល កាន់តែមានឆន្ទៈចូលរួម និងរៀបចំជាបន្ដបន្ទាប់តាមផែនការយុទ្ធសាស្ដ្ររយៈពេល ២ឆ្នាំម្ដង ក្រោមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ដើម្បីឆ្ពោះទៅឆ្នាំ២០២៣ សម្រាប់ការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡា SEA Games ជាប្រវត្តិសាស្ដ្រតែម្ដង ។

គួរបញ្ជាក់ថា ការប្រកួតកីឡាជាតិ លើកទី១ បានចាប់ផ្ដើមប្រកួតពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី០៤ ខែវិច្ឆិកាម្សិលមិញ គឺបានបញ្ចប់គ្រប់វិញ្ញាសាលើ ១៥ប្រភេទកីឡាហើយ រួមមានកីឡាអត្តពលកម្ម ហែលទឹក វាយកូនឃ្លីលើតុ វាយសី វាយកូនបាល់ ប៉េតង់ តេក្វាន់ដូ ចំបាប់ ល្បុក្កតោ ប្រដាល់ បាល់ទាត់ បាល់បោះ បាល់ទះ  កាយសម្ព័ន្ធ និងកីឡាសូរិនហ្សិកាំប៉ូ ។

សម្រាប់លទ្ធផលបច្ចេកទេស គឺក្រុមកីឡារាជធានីភ្នំពេញ កីឡាក្រសួងមហាផ្ទៃ កីឡាក្រសួងការពារជាតិ មានចំណាត់ថ្នាក់លើគេ ក្នុងតារាងចំណាត់ថ្នាក់មេដាយ ពិសេសក្រុមកីឡារាជធានីភ្នំពេញ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១០២គ្រឿង គឺមានមេដាយមាស ៤១, ប្រាក់ ៣៤ និងសំរឹទ្ធ ២៧ ហើយមានក្រុមកីឡា មកពីខេត្តសមិនមានមេដាយមាសសោះ គឺមាន ១០ខេត្ត ខណៈខេត្តគ្មានមេដាយសោះ គឺខេត្តកូនពៅ ត្បូងឃ្មុំ ៕

">