(ភ្នំពេញ)៖ ក្រសួងបរិស្ថាន តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កន្លងមកនេះ ក្រសួងបរិស្ថាន បានទទួលព័ត៌មានថា មានសហគមន៍តំបន់ការពារធម្មជាតិមួយចំនួន បានយកព្រៃឈើក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនទៅប្រើប្រាស់ផ្ទុយពីច្បាប់ ដោយបានធ្វើការលក់ដូរ ជួល ផ្តួលរំលំឈូសឆាយរុករានទន្ទ្រានព្រៃឈើបម្រើឱ្យគោលបំណងផ្សេងទៀត ជាហេតុធ្វើឱ្យបាត់បង់គម្របព្រៃឈើ និងជម្រកសត្វព្រៃ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិរបស់ជាតិ។
ក្រសួងបរិស្ថាន បានគូសបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពបែបនេះល្មើសទៅនឹងក្រមបរិស្ថាន និងធនធានធម្មជាតិត្រង់ មាត្រា៣៧២ ចំណុចទី១ ដែលបានចែងថា «សហគមន៍តំបន់ការពារ និង/ឬសមាជិកនៃសហគមន៍តំបន់ ការពារធម្មជាតិពុំមានសិទ្ធិកាប់គាស់ ឬឈូសឆាយដីព្រៃក្នុងសហគមន៍តំបន់ការពារធម្មជាតិ និងបង្វែរធ្វើជាដីកសិកម្ម ឬធ្វើជាកម្មសិទ្ធិបុគ្គល ឬលក់ ប្តូរ ជួល បញ្ចាំ ធ្វើអំណោយ ប្រវាស់ បែងចែក ដោះដូរ ឬធ្វើការផ្ទេរ តំបន់គ្រប់គ្រងរបស់សហគមន៍តំបន់ការពារធម្មជាតិឱ្យបុគ្គលណាមួយបានឡើយ»។
បន្ថែមពីនេះ ក្រសួងបរិស្ថានសូមធ្វើការអំពាវនាវដល់គ្រប់សមាជិក និងគណៈកម្មការគ្រប់គ្រង សហគមន៍តំបន់ការពារធម្មជាតិទាំងអស់ សូមចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ពិសេសក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិដទៃទៀតជាធរមាន ទាក់ទងនឹងការគ្រប់គ្រង និងប្រើប្រាស់តំបន់សហគមន៍តំបន់ការពារធម្មជាតិ ធ្វើយ៉ាងណារក្សាការពារធនធានធម្មជាតិជាតិយើង ប្រើប្រាស់ឱ្យមាននិរន្តភាព និងរីកចម្រើនដល់ជីវភាពរស់នៅគ្រប់សមាជិកសហគមន៍។ «ដោយឡែកក្រសួងបរិស្ថាន នឹងចាត់វិធានការចំពោះបុគ្គល និង/ឬសហគមន៍ទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដោយគ្មានការលើកលែងឡើយ»។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមក្រសួងស្ថាប័នមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរ មូលដ្ឋានជួយធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះឲ្យបានទូលំទូលាយដល់សហគមន៍តំបន់ការពារ និងសាធារណជនបង្កើនការយល់ដឹង និងចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ក្នុងនាមជាប្រជាពលរដ្ឋរស់នៅក្នុង ប្រទេសមាននីតិរដ្ឋល្អប្រសើរ៕