(ភ្នំពេញ)៖ លោក ម៉ម ប៊ុន ហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសក្រើនរំលឹកជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យបន្តចូលរួមទប់ស្កាត់កុំឲ្យមានការចម្លងវីរុស Zika ចូលមកកម្ពុជា​ ជាពិសេសអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងដើរកំសាន្តនៅតាមបណ្តាប្រទេសដែលមានករណីZika កើតមាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន​របស់ក្រសួង​សុខាភិបាល ចេញផ្សាយឲ្យដឹងនៅ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា លោក ម៉ម ប៊ុន ហេង ក៏បានអំពាវនាវឲ្យ ប្រជាពលរដ្ឋបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវកិច្ចការពារ ដូចដែលក្រសួងសុខាភិបាល ធ្លាប់បានចេញ​សេចក្តីប្រកាស ជាហូរហែរកាលពីពេលកន្លងមកនេះ។ យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលបានប្រកាសបញ្ចាក់ថា បច្ចុប្បន្ននេះ​ពុំមានករណីជំងឺ Zika កើតឡើងនៅក្នុងប្រទេសកម្ពុជានោះទេ។

ជាមួយគ្នានោះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានសម្តែងករកោតសរសើរដល់ការចូលរួមទប់ស្កាត់ការពារការចម្លងជំងឺ Zika  របស់ប្រជាពលរដ្ឋទូទៅ នឹងក្រសួងសុខាភិបាលទាំងអស់ ដែលកំពុងតែមាន ភារកិច្ចការពារ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលខិតចូលមកដល់ក្នុងពេលឆាប់ៗនេះ៕

សូមអានសេចក្តីក្រើនរំលឹករបស់ក្រសួងសុខាភិបាល​ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖