(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តស្វាយរៀង សមាជិកសភាមណ្ឌលស្វាយរៀង អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានបន្តចុះ សួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាកសិករដាំបន្លែ ធម្មជាតិ នៅភូមិឃ្លាំងសង្កាត់ចេក ក្រុងស្វាយរៀង។

ការចុះសួរសុខទុក្ខកសិករដាំបន្លែធម្មជាតិនេះដែរ ក៏មានការចូលរួមពី លោក ប៊ុន សាវ៉ាន់ សមាជិក គណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងក្រុមការងារ គណបក្សថ្នាក់ខេត្ត ថ្នាក់ក្រុង ថ្នាក់សង្កាត់ និងថ្នាក់ភូមិ។

ក្នុងឱកាសនោះ លោកបណ្ឌិត សម តារា បានកោតសរសើរកសិករ នៅភូមិឃ្លាំង សង្កាត់ចេក ដែលបានចាប់យកមុខរបរដាំបន្លែធម្មជាតិជាច្រើនមុខ និងសូមបន្តពង្រីកការដាំដុះបន្លែធម្មជាតិឱ្យបានច្រើនបន្ថែមទៀត ដើម្បីលើកស្ទួយជីវភាពគ្រួសារផង និងលើកកម្ពស់សុខមាលភាពអ្នកប្រើប្រាស់ផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិតបានណែនាំកសិករបន្តចែករំលែកបទពិសោធន៍ដែលខ្លួនមាន ក្នុងការដាំដុះបន្លែធម្មជាតិ ដល់កសិករដទៃទៀត ដើម្បីមានលទ្ធភាពដាំដាំដុះបន្លែឱ្យបានច្រើននិងមានថវិកាផ្គត់ផ្គង់គ្រួសារ ព្រោះបន្លែធម្មជាតិ កំពុងតែមានតម្រូវការខ្លាំងក្នុងទីផ្សារបច្ចុប្បន្ន ដោយសារពលរដ្ឋមួយចំនួនធំបានគិតគូរអំពីសុខភាពជាចម្បង និងបានជ្រើសរើសបន្លែធម្មជាតិសម្រាប់បរិភោគប្រចាំថ្ងៃផងដែរ។

លោកបណ្ឌិត សម តារា បានជំរុញឱ្យប្រជាកសិករបន្ទាប់ពីដាំបន្លែ ក៏ត្រូវចិញ្ចឹមសត្វបន្ថែម និងធ្វើកសិកម្ម ដោយជៀសវាងកុំប្រើជីគីមី គឺត្រូវប្រើជីសរីរាង្គដើម្បីការពារសុខភាពអ្នកទទួលទាន។

ជាមួយគ្នានេះលោកបណ្ឌិត សម តារា បានណែនាំបន្ថែមឱ្យអាជ្ញាធរបន្តចូលរួមសហការជាមួយប្រជាពលរដ្ឋឱ្យបានល្អ ក្នុងការអប់រំកូនចៅឱ្យខិតខំរៀនសូត្រ និងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ គោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងកុំប្រព្រឹត្តិអំពើទាំងឡាយណាដែលខុសច្បាប់នាំឱ្យមានទោសទណ្ឌដល់ខ្លួន។

សូមបញ្ជាក់ថា ក្នុងឱកាសនោះ លោកបណ្ឌិតបានចំណាយថវិកា សរុបចំនួន ១.៩០០.០០០រៀល ដើម្បីឧបត្ថម្ភគ្រួសារកសិករ ក្រុមការងារ និងអ្នកចូលរួមផងដែរ៕