(កំពង់ធំ)៖ ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ ហេង សុផល នៅតែប្តេជ្ញា និងអះអាងថា ការងាររឹតបន្តឹងច្បាប់ចរាចរណ៍តាមដងផ្លូវ ជាពិសេសដាក់គោលដៅចាប់ផាកល្បឿននេះ នៅបន្តអនុវត្តដោយមិន លើកលែងនោះឡើយ។

សម្រាប់ហេតុផលដែលជំរុញឲ្យនគរបាលចរាចរណ៍ខេត្តកំពង់ធំ ដាក់គោលដៅចា​ប់ផាកល្បឿនលឿននៅតាមផ្លូវជាតិលេខ៦ ត្រូវបានស្នងការនគរបាលខេត្តកំពង់ធំ គូសបញ្ជាក់ពីហេតុផលកើនឡើងគ្រោះថ្នាក់ចរាចរណ៍យ៉ាងខ្លាំង ដែលបានសម្លាប់ជីវិតប្រជាពលរដ្ឋ និងរងរបួសជាច្រើននាក់។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងគោលដៅចាប់ល្បឿនហ្នឹង បើយើងមិនដាក់ទេ ឡានមួយៗបើកលឿនណាស់ប្រជែងគ្នា ហើយកំពង់ធំយើងហ្នឹងមានប្រវែង ១៤៥គីឡូម៉ែត្រ គ្រោះថ្នាក់ចរាចរណ៍មានរាល់ថ្ងៃ ដូច្នេះហើយនាយកដ្ឋាននគរបាលចរាចរណ៍ និងគណៈបញ្ជាការឯកភាពខេត្ត ជំរុញឲ្យអនុវត្តច្បាប់ចរាចរណ៍ឲ្យបានរឹងបំផុត ដើម្បីកុំឲ្យមានការបាត់បង់ជីវិតបងប្អូនប្រជាពលរដ្ឋ។ មួយរយៈកាលចុងក្រោយនេះមានគ្រោះថ្នាក់ចរាចរណ៍កើនឡើងមែនទែន»

ការបញ្ជាក់របស់ស្នងការនគរបាលខេត្តកំពង់ធំខាងលើនេះ ដោយសារនៅក្នុងរយៈប៉ុន្មានថ្ងៃមកនេះ នៅតាមបណ្តាញសង្គមមានការចែកចាយ និងប្រតិកម្មយ៉ាងខ្លាំងចំពោះសកម្មភាពអនុវត្តច្បាប់ចរាចរណ៍ចាប់ល្បឿនលឿន របស់នគរបាលចរាចរខេត្តកំពង់ធំ នៅតាមផ្លូវជាតិលេខ៦៕