(ក្រចេះ)៖ គិតត្រឹមព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនសំណង់សៀងហៃ (SCG) បានដំឡើងធ្នឹមស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រឡោះទី២៦រួចហេីយ ដើម្បីភ្ជាប់តួស្ពានទាំងមូល។នេះបេីតាមការបញ្ជាក់ពីលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ។
លោក ផន រឹម បានបញ្ជាក់ទៀតថា ចំពោះស្ពានទាំងមូលចែកចេញជា ៣ផ្នែក គឺផ្នែកខាងកើត ជាប្រភេទធ្នឹមរាងជាអក្សរ(T)មានចំនួន ២០ប្រឡោះ, ផ្នែកកណ្តាល ជាប្រភេទធ្នឹមប្រអប់ មានចំនួន៦ប្រឡោះ និងផ្នែកខាងលិចជាប្រភេទធ្នឹមរាងជាអក្សរ(T)មានចំនួន ១០ប្រឡោះ។
គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៩៤,១០% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១៧៦១ម៉ែត្រ, ផ្លូវមេតភ្ជាប់មានប្រវែងសរុប១៥,៤៩០ គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤គ.ម និងត្រើយខាងលិចប្រវែង ៧,៨០៦គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០៨ គ.ម សម្រេចលទ្ធផល ៦៩,៩១%។
បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។
លោក ផន រឹម បានបន្ថែមថា ជាការពិតណាស់ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន។
គម្រោងស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជំជន។
គម្រោងនេះគឺជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ ដូចជាត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវខេត្តលេខ២៧៩ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ចំណែកឯត្រើយខាងកើតវិញនោះ គឺតភ្ជាប់ផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ដោយឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែរ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅកាន់ផ្លូវជាតិលេ៧ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ឬខេត្តព្រៃវែង រួចបន្តឆ្ពោះទៅរាជធានីភ្នំពេញ៕