(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ បានរៀបចំពិធីដង្ហែក្បួនអបអរសាទរ ម្ចាស់ជ័យលាភីលេខ១ ផ្នែកអក្សរសិល្ប៍ខ្មែរ ក្នុងកម្មវិធីប្រឡងសិស្សពូកែថ្នាក់ជាតិ ឆ្នាំ២០២៥ ដល់បេក្ខនារី ណា មុន្នីចន្ទកន្និកា សិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុន សែន ក្នុងស្រុកអន្លង់វែង។ ពិធីនេះស្ថិតក្រោមវត្តមានលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ជាច្រើនរូបទៀត។

អភិបាលខេត្តឧត្ដរមានជ័យ បានថ្លែងលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត លោកមានចិត្តរំភើបរីករាយក្រៃលែងចំពោះ បេក្ខនារី ណា មុន្នីចន្ទកន្និកា ដែលបានខិតខំប្រឹងប្រែង ព្យាយាមរៀនសូត្រ រហូតទទួលបានលទ្ធផលមួយជូនខេត្ត គួរជាទីមោទនៈ ហើយក៏ជាធនធានមនុស្សសម្រាប់គ្រួសាររបស់ប្អូន សម្រាប់ខេត្ត ក៏ដូចជាសង្គមជាតិ ទាំងមូលផងដែរ។

អភិបាលខេត្តឧត្តរមានជ័យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ដែលបានខិតខំលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ក្នុងការបង្ហាត់បង្រៀន ជាមួយនឹងការផ្ទេរចំណេះដឹង វិធីសាស្ត្រនិងបទពិសោធន៍ល្អៗ ដល់ប្អូនៗ សិស្សានុសិស្សកន្លងមក និងពេលបច្ចុប្បន្ន ដោយប្រើប្រាស់គ្រប់មធ្យោបាយ ក្នុងការបង្ហាត់បង្រៀន ដែលនេះជាការលះបង់ដ៏ធំធេងបំផុត ដើម្បីឱ្យប្អូនៗក្មួយៗសិស្សានុសិស្សរបស់យើង ឱ្យទទួលចំណេះដឹង និងជំនាញ ព្រមទាំងឥរិយាបថ សម្រាប់យកទៅអនុវត្ត ក្នុងជីវភាពរស់នៅរបស់ពួកគេផងដែរ។

សូមបញ្ជាក់ថា ការរៀបចំពិធីដង្ហែនេះ គឺក្នុងគោលបំណង គឺដើម្បីលើកស្ទួយស្មារតីប្រកួតប្រជែងក្នុងវិស័យអប់រំ បណ្តុះបណ្តាលយុវជនឲ្យខិតខំសិក្សាស្រាវជ្រាវ ដើម្បីក្លាយជាកម្លាំងមនុស្សគុណភាពខ្ពស់ សម្រេចបាននូវជោគជ័យលើកមុខមាត់និងផ្តល់កិត្តិយសដល់ខេត្ត និងសង្គមជាតិជាតិ ជាពិសេសជម្រុញការលើកទឹកចិត្តដល់សិស្សានុសិស្សផ្សេងទៀតឲ្យមានគំនិតខិតខំប្រឹងប្រែង និងបន្តដំណើរការសិក្សាឱ្យពូកែដូចបេក្ខនារី ណា មុន្នីចន្ទកន្និកា៕