(កំពង់ធំ)៖ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ក្នុងភូមិសាស្ត្រស្រុកតាំងគោក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ។
នាឱកាសនោះលោក ងួន រាសី បានណែនាំម្ចាស់អាជីវកម្មដែលកំពុងតែប្រកបមុខរបរទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន មុននឹងទទួលបញ្ចាំវត្ថុអ្វីមួយពីអតិថិជនក្នុងនាមជាម្ចាស់អាជីវកម្មត្រូវត្រួតពិនិត្យ ឱ្យបានច្បាស់លាស់ ដើម្បីប្រាកដថាវត្ថុដែលដាក់បញ្ចាំនោះ គឺមិនត្រូវបានជាប់ពាក់ព័ន្ធជាមួយនឹងចោរកម្មជាដាច់ខាត។
លោកបានជំរុញឱ្យម្ចាស់អាជីវកម្មទទួលបញ្ចាំដែលមិនទាន់មានអាជ្ញាបណ្ណត្រឹមត្រូវរួសរាន់ស្នើសុំអាជ្ញាបណ្ណ ប្រកបអាជីវកម្មរបស់ខ្លួនឱ្យបានស្របទៅតាមផ្លូវច្បាប់ ដើម្បីចៀសវាងពេលដែលក្រុមការងារចុះមកត្រួតពិនិត្យ ជាលើកទី២។ ម្យ៉ាងវិញទៀតហាងបញ្ចាំត្រូវមានអាជ្ញាបណ្ណ និងលើកស្លាកយីហោឱ្យបានល្អត្រឹមត្រូវ ប្រសិនបើមិនអនុវត្តតាមច្បាប់ទេហាងបញ្ចាំនឹងទទួលរងផលប៉ះពាល់ជាការពិន័យទៅតាមផ្លូវច្បាប់ជាដើម។
គួរបញ្ជាក់ថា ហាងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន នៅក្នុងស្រុកតាំងគោក មានចំនួន៦ទីតាំង និងស្រុកបារាយណ៍ចំនួន ១៤ទីតាំង៕