(ភ្នំពេញ)៖ នៅល្ងាច ថ្ងៃសៅរ៍ទី៥ ខែវិច្ឆិកា នេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងចូលរួម ពិធីបិទការប្រកួតកីឡាជាតិ លើកទី១ នៅស្តាតអូឡាំពិក។ នេះបើយោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បង្ហោះឲ្យដឹងនៅមុននេះបន្តិច។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា សម្តេចសង្ឃឹម និងមានជំនឿជឿជាក់យ៉ាងខ្លាំងលើសមត្ថភាពរបស់កីឡាករ កីឡាការិនីកម្ពុជាគ្រប់រូបនៅក្នុងការ ដណ្តើមជោគជ័យធំៗជាច្រើនថែមទៀតសម្រាប់ជាតិ ជាពិសេសនៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំនិងភរិយា នឹងចូលរួមនៅក្នុងពិធីបិទការប្រកួតកីឡាជាតិ លើកទី១ នៅស្តាតអូឡាំពិក។ តាមការប្រកួតប្រជែងអស់រយៈពេល ១០ថ្ងៃ កន្លងមកនេះ យើងសង្កេតឃើញថា កីឡាករ កីឡាការិនីមកពីតាមបណ្តាខេត្តក្រុងទាំងអស់បានបញ្ចេញនូវសមត្ថភាពក្នុងការប្រកកួតប្រជែង ប្រកបដោយដោយ ការទទួល ខុសត្រូវ គោរពវិន័យ និងក្រិតក្រម កីឡាបានល្អ (Fair Play). ច្បាស់ណាស់អ្នកដែលមានសមត្ថភាព គឺនឹងទទួលជ័យជំនះ ហើយយើងឈ្នះដោយកិត្តិយសថ្លៃថ្នូរដែលជាមោទនភាពរបស់កីឡាករខ្លួនឯងផង និងសម្រាប់ជាតិផង។ ខ្ញុំសង្ឃឹម និងមានជំនឿជឿជាក់យ៉ាងខ្លាំងលើសមត្ថភាពរបស់កីឡាករ កីឡាការិនីកម្ពុជាគ្រប់រូប នៅក្នុងការដណ្តើមជោគជ័យធំៗជាច្រើនថែមទៀតសម្រាប់ជាតិ ជាពិសេស នៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជាយើង»។
បន្ថែមពីលើនេះ ម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានចូលរួមលើកទឹកចិត្តគាំទ្រវិស័យកីឡាជាតិយ៉ាងសស្រាក់សស្រាំ ហើយសម្តេច ក៏បានអរគុណគ្រូបង្វឹកទាំង អស់ដែលបានយកចិត្តទុកដាក់ហ្វឹកហ្វឺនកីឡាករ ទាំងអស់អោយមានសមត្ថភាពកាន់តែល្អខ្ពស់ឡើង។ សម្តេចតេជោថា «យើងត្រូវរួមដៃគ្នាបន្តជំរុញចលនាកីឡាជាតិ អោយកាន់តែរីកចម្រើនខ្លាំងឡើងនៅក្នុងប្រទេស»៕