(ភ្នំពេញ)៖ យោងតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដែលក្នុងនោះបានកំណត់ទិសដៅពង្រឹងយន្តការគ្រប់គ្រង និងអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងអនុលោមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជម្រុញគម្រោង វិនិយោគតាមទម្រង់ភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) នារសៀលថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅសាលប្រជុំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីការបង្កើតសួនអេកូសហគ្រាសធុនតូចនិងមធ្យម (SME Eco Park) រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រុមហ៊ុន Worldbridge International Cambodia Ltd ។
ហត្ថលេខីនៃពិធីនោះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចុះហត្ថលេខាដោយលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និង ក្រុមហ៊ុន Worldbridge International Cambodia Ltd ចុះហត្ថលេខាដោយ លោក ឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន ក្រុមហ៊ុនWorldbridge International Cambodia Ltd ។
មានប្រសាសន៍នាឱកាសនោះ លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុកជាសមិទ្ធិផលផ្លែផ្កា ជាលើកដំបូង និងជាគំរូ ក្នុងការរៀបចំប្រមូលផ្តុំ សហគ្រាសធុនតូច និងមធ្យម ដើម្បីធ្វើការផលិត តម្រង់ទិស ទៅរកទីផ្សារនាំចេញនូវផលិតផលដែលមានសក្តានុពល ប្រកបដោយគុណភាព និងឧត្តមភាពប្រកួតប្រជែង ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនទៀត ដូចជាៈ ទទួលបានតម្លៃបន្ថែម ទីផ្សារការងារ និងការផ្ទរបច្ចេក វិទ្យា ជាដើម ។ ម៉្យាងយើងមានជំនឿ ទៅលើការចាប់ដៃគូសហការជាមួយក្រុមហ៊ុន Worldbridge International Cambodia Ltd ដែលមានបទពិសោធន៍ ក្នុងរបរអាជីវកម្ម ទាំងក្នុង និងក្រៅប្រទេស ដោយក្រុមហ៊ុន មានទីផ្សារ មានដៃគូ មានធនធាន និងភស្តុភារគ្រប់គ្រាន់ ។
លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថាៈ ប្រទេសយើងជាប្រទេសកសិកម្ម ជាប្រភពនៃវត្ថុធាតុដើម ដូច្នេះការអភិវឌ្ឍន៍វិស័យសហគ្រាសខ្នាតតូច និងមធ្យម ជាលក្ខណៈ ចង្កោម ដើម្បីកែ ច្នៃផលិតនាំចេញ ត្រូវគិតថាជាគំនិតប្រាកដនិយមមួយ និងត្រូវធ្វើឲ្យបានសម្រេច ពីព្រោះយើងក៏មើលឃើញ នូវបទពិសោធន៍ពីប្រទេសជាច្រើនផងដែរ ។ជាពិសេស កម្ពុជា មានទំនិញសក្តានុពល មួយចំនួនដែលអាចប្រកួតប្រជែងបាន ហើយយើងត្រូវចេះកែច្នៃ ធ្វើយ៉ាងណាឲ្យស្រប និងលក្ខខ័ណ្ឌតម្រូវនៃប្រទេសអ្នកនាំចូល។ ផលិតផលទាំងនោះ មានតាំងពីបន្លែ ផ្លែឈើ ត្រី សាច់ គ្រឿងសមុទ្រ និងកៅស៊ូ ជាដើម ។
លោកឧកញ៉ា សៀ ឬទ្ធី បានបង្ហាញនូវមោទនភាពដែលគ្រោងការនេះទទួលបានការគាំទ្រសហការពេញទំហឹងពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ព្រោះគំនិតផ្តួចផ្តើមរបស់លោក ឧកញ៉ាយូរមក ហើយទើបដល់គោលដៅ នៅពេលនេះ ។ លោកឧកញ៉ា ប្តេជ្ញាសម្រេចឲ្យបានជោគជ័យនូវគ្រោងការនេះ ព្រោះក្រុមហ៊ុន មានធនធានមនុស្ស ធនធានថវិកា បទពិសោធន៍ និងដៃគូសហការជា ច្រើននៅក្រៅប្រទេស ។ យោងតាមខ្លឹមសារនៃអនុស្សារណៈ ការបង្កើតសួនអេកូសហគ្រាសធុនតូចនិង មធ្យមនេះ គឺបានជ្រើសរើសទីតាំងនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ ចំពោះការទទួលខុសត្រូវ ក្រសួងសម្របសម្រួលជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីស្វែងរកការទ្រទ្រង់ដល់ការលើកទឹកចិត្ត ក្នុងការវិនិយោគ សម្របសម្រួលរាល់បែបបទ និងស្វែងរកដៃគូអភិវឌ្ឍន៍អាជីវកម្មនានា ដើម្បីជួយសម្រួល ដល់កិច្ចដំណើរការសួនអេកូសហគ្រាសធុនតូច និងមធ្យមឲ្យបានជោគជ័យជាដើម ។
ចំណែកភាគីក្រុមហ៊ុន មានការទទួលខុសត្រូវដូចជាៈ សហការជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងការសិក្សាលើបញ្ហាប្រឈមរបស់សមាជិក ទីតាំងតំបន់ ការសិក្សាសមិទ្ធិលទ្ធភាព និងផែនការមេ រួមទាំងការវាយតម្លៃគម្រោង និងទទួលសេចក្តីណែនាំពីក្រសួង លើការផ្តល់ធាតុចូល និងការកសាងគម្រោង សំដៅធានាសុវត្ថិភាពនិងនិរន្តរភាពក្នុងសួន អេកូសហគ្រាសធុនតូច និងមធ្យម៕