(ភ្នំពេញ)៖ ឱកាសការងារគ្រប់ប្រភេទ ជាច្រើនមុខតំណែង សម្រាប់យុវជន-សិស្ស-និស្សិត និងអ្នកកំពុងស្វែងរកការងារ ធ្វើទូទៅជាមួយក្រុមហ៊ុនធំៗជាង៩០ មាននៅក្នុងពិព័រណ៍ការងារ ថ្នាក់ជាតិឆ្នាំ២០១៦នេះ។
ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) នៃគណៈកម្មាធិការជាតិបណ្តុះបណ្តាល សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) បានរៀបចំព្រឹត្តិការណ៍ ដ៏ធំប្រចាំឆ្នាំរបស់ខ្លួនគឺ ពិព័រណ៍ការងារថ្នាក់ជាតិលើកទី៦ ឆ្នាំ២០១៦ រយៈពេល២ថ្ងៃ ថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលពិព័រណ៍ កោះពេជ្រ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់។
យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើទាំងអស់ អាចដាក់ពាក្យដោយផ្ទាល់ នឹងត្រូវបានសម្ភាសន៍ជ្រើសរើសភ្លាមៗដោយក្រុមហ៊ុន-សហគ្រាស ដែលនឹងតាំងបង្ហាញក្នុងបញ្ជរចំនួន ១៦០ និងមកពីវិស័យសំខាន់ៗដូចជា៖ ធនាគារ, និងមីក្រូហិរញ្ញវត្ថុ, សណ្ឋាគារ និងបដិសណ្ឋារកិច្ច, ទូរគមនាគមន៍, អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ, សេវាជ្រើសរើសបុគ្គលិក និងកម្មន្តសាលជាដើម។
អ្នកចូលរួមក៏នឹងទទួលបាន នូវការប្រឹក្សាយោបល់អំពីវិធីសាស្ត្រ និងបទ ពិសោធន៍ជោគជ័យ ក្នុងការដាក់ពាក្យស្វែងរកការងារធ្វើ ការត្រៀមខ្លួនចូលទីផ្សារការងារ និងការអភិវឌ្ឍជំនាញ រួមទាំងព័ត៌មានពីស្ថានភាព ទីផ្សារការងារ នៅកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត។
ការបន្តរៀបចំពិព័រណ៍ថ្នាក់ជាតិជារៀងរាល់ឆ្នាំនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឲ្យបានជោគជ័យនូវយុទ្ធសាស្ត្រមួយ នៃយុទ្ធសាស្រ្ត ចតុកោណ គឺការបង្កើតការងារ កាន់តែប្រសើរជូនប្រជាពលរដ្ឋតាមរយៈទិសដៅអាទិភាពក្នុងការរៀបចំវេទិកាការងារ សំដៅបង្កើតឱកាស និងកន្លែងជួបជុំគ្នា ដោយងាយស្រួលសម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងអ្នកស្វែងរកការងារធ្វើទូទៅ ក្នុងការទទួលបាននូវព័ត៌មាន អំពីឱកាសការងារ ជ្រើសរើសកម្លាំងពលកម្មតម្រូវការជំនាញ ការអភិវឌ្ឍជំនាញ ព្រមទាំងការផ្សព្វផ្សាយ ដើម្បីទាក់ទាញធនធានមនុស្ស ដែលមានសក្តានុពលក៏ដូចជា ឱកាសទទួលបានការងារធ្វើដោយផ្ទាល់៕