(ភ្នំពេញ)៖ ដើម្បីផ្សព្វផ្សាយខ្សែភាពយន្តរបស់ខ្លួននៅកម្ពុជានោះ ជប៉ុន បានបើកមហោស្រពភាពយន្តជាលើកទីពីររបស់ខ្លួននៅក្នុងប្រ ទេសកម្ពុជា។ ក្នុងឱកាសបើកហោស្រពភាពយន្តនេះ ខ្សែភាពយន្តល្បីៗរបស់ជប៉ុន ដែលកំពុងទទួលបានការគាំទ្រខ្លាំងចំនួន ១០រឿង នឹងចាក់បញ្ចាំងជូនប្រជាពលរដ្ឋខ្មែរទស្សនាដោយសេរី និងមិនគិតថ្លៃសំបុត្រចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា នៅរោងភាព យន្ត Major នាផ្សារទំនើបអ៉ីអន រោងភាពយន្ត Legend ទួលគោក និងរោងភាពយន្ត Platinum Cineplex ក្នុងខេត្តសៀមរាប។
ភាពយន្ត ដែលនឹងចាក់បញ្ចាំងរយៈពេល៥ថ្ងៃនៅកម្ពុជានេះ ជាខ្សែភាពយន្តបានសម្រិតសម្រាំងជាពិសេសរួមាន ខ្សែភាពយន្តគំនូរជីវចល ភាពយន្តបែបមនោសញ្ចេតនា ភាពយន្តឯកសារ ភាពយន្តបែបស៊ើបអង្កេត ហើយភាពយន្តខ្លះធ្លាប់ទទួលបានពានរង្វាន់ផងដែរ។ ភាពយន្តទាំងនោះ សុទ្ធតែបានឆ្លុះបញ្ចាំងអំពីជីវិតរស់នៅរបស់ជនជាតិជប៉ុន សង្គម និងវប្បធម៌ជប៉ុន។
លោក Masafumi Konomi ប្រធានគ្រប់គ្រងគម្រោងជាន់ខ្ពស់ នៃមជ្ឈមណ្ឌលមូលនិធិជប៉ុនប្រចាំតំបន់អាស៊ីបានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្នុងពេលបើកមហោស្រពភាពយន្តជប៉ុននាព្រលប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ថា ការចាក់បញ្ចាំងភាពយន្តជប៉ុននៅកម្ពុជានេះក្នុងបំណងផ្សព្វផ្សាយពីវប្បធម៌របស់ជប៉ុន ក៏ដូចជាចង់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋខ្មែរឲ្យទស្សនាភាពយន្តជប៉ុនផងដែរ។
បើតាមលោក Masafumi Konomi ប្រសិនបើការចាក់បញ្ចាំងនេះទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋខ្មែរ ជប៉ុននឹងពិចារណាក្នុងការនាំយកភាពយន្តជប៉ុនមកចាក់បញ្ចាំងនៅតាមរោងកុននៅកម្ពុជាឲ្យមានជារៀងរាល់ថ្ងៃផងដែរ។
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជាលោក ហូរីណូអ៊ុឈិ ហ៊ីដេហ៊ីសា បានបានបង្ហាញជំនឿចិត្តថា តាមរយៈខ្សែភាពយន្តជប៉ុននឹងធ្វើឲ្យទស្សនិកជននឹងស្គាល់ពីប្រទេស និងប្រជាជនជប៉ុន។
ដោយឡែកលោកស្រី ភឿង សក្កណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញការយល់ឃើញថា តាមរយៈខ្សែភាពយន្តនេះ មិនត្រឹមតែជាការផ្សព្វផ្សាយនូវវប្បធម៌ជប៉ុននៅកម្ពុជានោះទេ តែវាក៏បានជួយធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា និងជប៉ុន បានស្វែងយល់ពីគ្នាបានកាន់តែច្បាស់ ដែលជាប្រការជួយជំរុញទំនាក់ទំនងកម្ពុជា-ជប៉ុន កាន់តែល្អប្រសើរផងដែរ។
លោកស្រីបញ្ជាក់ដូច្នេះ «តាមរយៈភាពយន្តខ្ញុំជឿជាក់ថា ប្រជាជនកម្ពុជា នឹងបានឃើញនូវទេសភាព ប្រជាជន ទិដ្ឋភាពសង្គម ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ នៃប្រទេសជប៉ុន ហើយនឹងអាចទទួលនូវគំនិតថ្មីៗ ដែលជាធាតុចូលល្អៗសម្រាប់កម្ពុជា។ តាមរយៈមហោស្រពភាពយន្តនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ប្រជាជន នៃប្រទេសយើងទាំងពីរ នឹងកាន់តែពង្រឹង និងពង្រីកនូវការយល់ដឹងពីគ្នាទៅវិញទៅមកក្នុងស្មារតីយោគយល់ អធ្យាស្រ័យ ប្រកបដោយសន្តិភាព»។
សូមបញ្ជាក់ថា នេះជាឆ្នាំទីពីរហើយ នៃការចាក់បញ្ចាំងភាពយន្តនៅកម្ពុជា ខណៈដែលឆ្នាំ២០១៥កន្លងទៅការបញ្ចាំងភាពយន្តរបស់ជប៉ុនទទួលបានអ្នកទស្សនាប្រមាណជា ៥ពាន់នាក់។ លោក Masafumi Konomi ការរៀបចំមហោស្រពភាពយន្តនេះនឹងធ្វើជាបន្តបន្ទាប់នៅឆ្នាំក្រោយៗទៀត។
ការចូលរួមទស្សនាភាពយន្តជប៉ុនរយៈពេល ៥ថ្ងៃនេះ អ្នកចូលរួម ក៏មានឱកាសឈ្នះដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន និងសំបុត្រចូលរួមទស្សនាទស្សនាមហោស្រពភាពយន្តអន្តរជាតិតូក្យូ បូករួមទាំងថ្លៃស្នាក់នៅផងដែរ ដោយគ្រាន់តែធ្វើការវាយតម្លៃទៅលើខ្សែភាព យន្ត និងកម្មវិធីមហោស្រពភាពយន្តជប៉ុននៅកម្ពុជា។
ប្រជាពលរដ្ឋខ្មែរអាចអញ្ជើញទៅទស្សនាខ្សែភាពយន្តជប៉ុនរយៈពេល ៥ថ្ងៃនេះ តាមពេលវេលា និងរោងកុនដូចមានភ្ជាប់មកជាមួយនៅ ក្នុងតារាងខាងក្រោម៖
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជាលោក ហូរីណូអ៊ុឈិ ហ៊ីដេហ៊ីសា
លោកស្រី ភឿង សក្កណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ភរិយា
លោក Masafumi Konomi ប្រធានគ្រប់គ្រងគម្រោងជាន់ខ្ពស់ នៃមជ្ឈមណ្ឌលមូលនិធិជប៉ុនប្រចាំតំបន់អាស៊ី