(ព្រៃវែង)៖ ប្រជាកសិករជាច្រើនគ្រួសារ នៅក្នុងឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បាននិងកំពុងមាញឹកក្នុងការដាំអំពៅ និងអ្នកខ្លះទៀត ប្រមូលផលអំពៅ លក់ទៅកាន់ទីផ្សារ ទោះបីជាតម្លៃអំពៅ មានការឡើងចុះយ៉ាងណាក្តី។
បើតាមកសិករឈ្មោះ ហំ សារ៉ុម រស់នៅភូមិ ធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានឲ្យដឹងថា គាត់បានដាំអំពៅនេះ ជាង២០ឆ្នាំមកហើយ។
លោកបន្ថែមទៀតថា បើសិនអំពៅបានផលល្អ លក់បានតម្លៃជាង៣០លានរៀល តែបើអំពៅមិនសូវបានផលវិញ អាចធ្លាក់ដល់ជាង១០លានរៀល ទៅជាង២០លានរៀល។ ហើយក្នុងមួយហិកតា ចំណាយដើមទុនជាង១០លានរៀលផងដែរ។
លោកថា ទោះបីជាយ៉ាងណាអំពៅអាចបន្ថែមចំណូល មួយចំណែកធំសម្រាប់ជួយដល់គ្រួសារគាត់ បានមួយកម្រិត បន្ទាប់ធ្វើស្រែចំការ។
កសិករ ហំ សារ៉ុម បន្ថែមទៀតថា អំពៅឲ្យផលយូរជាងការធ្វើស្រែបន្តិច ដោយការធ្វើស្រែ ត្រឹមរយៈពេលតែ៣ខែ អាចប្រមូលផលបាន ដោយឡែកអំពៅចាប់ពី៧ ខែទៅ ៨ ខែទើបអាចប្រមូលផលបាន។
បន្ថែមលើសពីនេះ ចំពោះការថែទាំ អំពៅ ក៏មានការលំបាកខ្លះៗដែរ ដោយត្រូវការដាក់ទឹក ប្រើជី និងសកស្លឹកអំពៅ ធ្វើឲ្យអំពៅលូតលាស់បានល្អ ដើម្បីបំពេញតម្រូវការ ដល់អតិថិជនក៏ដូចជា ឈ្មួញ ដែលមកទទួលទិញអំពៅផងដែរ៕