(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ញើសារជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៥) ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយកិត្យានុភាព និងឧត្តមភាពក្រោមស្នាមព្រះហស្ដដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
ក្នុងនាមអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានសម្ដែងនូវក្តីសោមនស្សរីករាយអបអរសាទរ ជាមួយបងប្អូនកងកម្លាំងនគរបាលជាតិទូទាំងប្រទេស និងសូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីស្រលាញ់ រាប់អាន និងនឹករលឹកជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់ជាន់ថ្នាក់ ក៏ដូចជានិវត្តន៍ជននគរបាលជាតិទាំងអស់ ព្រមទាំងក្រុមគ្រួសារ ដែលបានធ្វើពលិកម្មសព្វបែបយ៉ាងរួមចំណែក ការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី នាំមកនូវស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ទន្ទឹមនេះ ក៏សូមផ្ដាំផ្ញើការសាកសួរសុខទុក្ខដល់មន្ត្រីនគរបាលជាតិ និងក្រុមគ្រួសារដែលមានជំងឺ ឬរងរបួស កំពុងសម្រាក ព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ឬតាមគេហដ្ឋាន សូមឆាប់ជាសះស្បើយ បានវិលត្រឡប់មក រួមរស់ជួបជុំក្រុមគ្រួសារ មិត្តភក្កិ សហការី និងបានចូលបម្រើការងារនៅតាមអង្គភាពវិញ។
ទិវាជាប្រវត្តិសាស្ត្រនេះ ត្រូវបានរៀបចំប្រារព្ធឡើងក្នុងគោលបំណងដើម្បីសម្តែងនូវកត្តញ្ញុតាធម៌ ចំពោះព្រះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដែលបានបង្កើតកងកម្លាំងនគរបាលជាតិ និងដើម្បីរំឭកនូវការធ្វើពលិកម្មដ៏ ធំធេងរបស់បុព្វបុរស រៀមច្បងនគរបាលជាតិគ្រប់ជំនាន់ ដែលបានតស៊ូប្រឈមមុខ ឆ្លងកាត់រាល់ការប្រែប្រួល ដ៏ស្មុគស្មាញគ្រប់និន្នាការសង្គម បង្កើតបាននូវស្នាដៃ សមិទ្ធផល បទពិសោធន៍ជាច្រើនឥតគណនា ដោយបន្សល់ទុកនូវគំរូវីរភាពដ៏ឧត្តុង្គឧត្តម សម្រាប់កងកម្លាំងនគរបាលជាតិជំនាន់ក្រោយ យកមកសិក្សារៀនសូត ដើម្បីអភិវឌ្ឍអង្គភាពឲ្យកាន់តែមានភាពរីកចម្រើន។
នាយឧត្តមសេនីយ៍ ស ថេត បានបន្ដថា បច្ចុប្បន្នមាតុភូមិកម្ពុជា កំពុងបន្តការអភិវឌ្ឍរីកចម្រើន ឈានទៅមុខឥតឈប់ឈរ ក្រោមម្លប់សន្តិភាព មានឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដីពេញលេញ ធានាបាននូវប្រក្រតីភាពនៃកិច្ច ដំណើរការស្ថាប័នជាតិ គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ព្រះរាជបេសកកម្មរបស់ ព្រះមហាក្សត្រ បេសកកម្មរបស់ឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ ក៏ដូចជាព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ ជាប្រវត្តិសាស្ត្រ សកម្មភាពជីវភាពសង្គម ត្រូវបានរៀបចំដំណើរការ និងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពទាំងស្រុង ព្រមទាំងបានលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ឲ្យលេចឡើងត្រដែតលើផ្ទៃរាបអន្តរជាតិ ដែលកត្តាវិជ្ជមានទាំងអស់នេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពម្ចាស់ការ ប្រកបដោយថាមពលក្នុងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាការរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះវីរភាពដ៏ អង់អាចក្លាហានរបស់កងកម្លាំងនគរបាលគ្រប់ផ្នែកគ្រប់ថ្នាក់ ដែលបង្កើតបានស្នាដៃ និងសមិទ្ធផលដ៏មហិមា ជូនប្រទេសជាតិ ហើយក៏សូមគាំទ្រ លើកទឹកចិត្តដល់បងប្អូនកងកម្លាំងនគរបាលជាតិទាំងអស់ បន្តនូវស្មារតី និងឆន្ទៈមុតស្រួចរបស់ខ្លួន ក្នុងកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារបាវចនាជាតិ រដ្ឋធម្មនុញ ការពារ ឧត្តមប្រយោជន៍ជាតិ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ។ ក្នុងខណៈពេលនេះផងដែរ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានលះបង់ស្វាមី ភរិយា កូនចៅ និងសមាជិកគ្រួសារ ចូលបម្រើក្នុងជួរកងកម្លាំងនគរបាលជាតិ ដោយបានបង្កលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ដល់បេសកកម្មរបស់នគរបាលជាតិ តាំងពីដើមរហូតមក។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីនាំប្រទេសជាតិយើងឆ្ពោះទៅកាន់ការអភិវឌ្ឍ និងសេចក្តីចម្រុងចម្រើន ប្រកបដោយសុខុមាលភាព និងវិបុលភាព ដែលមានវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម គឺជាបរិស្ថានគ្របដណ្តប់ និងជាបុព្វបទស្នូល នៃយុទ្ធសាស្ត្រប្រកបដោយអាទិភាពនេះ។ ដូចនេះមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ជាតួអង្គប្រតិបត្តិករទទួលខុសត្រូវចំពោះភារកិច្ចដ៏ថ្លៃថ្លា និងវិសេសវិសាលនេះ។
ក្នុងន័យដ៏មានសារៈសំខាន់ដូចពោលខាងលើ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានសម្ដែងនូវក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយម និងជឿជាក់យ៉ាងមុតមាំចំពោះឆន្ទៈ មនសិការស្នេហាជាតិ និងភក្ដីភាពចំពោះជាតិមាតុភូមិរបស់បងប្អូន និងសូមសំណូមពរដល់កងកម្លាំងនគរបាលជាតិទាំងអស់ បន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ ប្រកបដោយភាពអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ គុណធម៌ និងវិជ្ជាជីវៈខ្ពស់៕