(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា​អតីត​នាយករដ្ឋមន្ត្រីកម្ពុជា គឺជារដ្ឋបុរសរបស់អាស៊ាន។ ការចាត់ទុក​បែប​នេះ ក៏ព្រោះសម្តេចតេជោ ជាមេដឹកនាំមួយរូប ដែលបានធ្វើកិច្ច​ការ​យូរជាងគេនៅអាស៊ាន ក៏ដូចជាផ្តល់វិភាគទានគំនិត និងដំណោះ​ស្រាយជាច្រើននៅក្នុងអាស៊ាន។

លោកប្រធានាធិបតីឥណ្ឌូនេស៊ី ចាត់ទុកសម្តេចតេជោជារដ្ឋបុរស​របស់​អាស៊ាន នៅក្នុងជំនួបនាវិមានប្រធានាធិបតីនាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។

នៅថ្ងៃទី៥ ខែឧសភា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញ​ទស្សនកិច្ចជាថ្មីទៅកាន់ប្រទេសឥណ្ឌូនេស៊ី ក្នុងឋានៈជាប្រធានព្រឹទ្ធ​សភា​កម្ពុជា។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទទួលបានការ​ផ្តល់តម្លៃយ៉ាងខ្ពង់ខ្ពស់បំផុតពីសំណាក់ប្រធានាធិបតីឥណ្ឌូនេស៊ី។

ការទទួលបដិសណ្ឋារកិច្ចត្រូវបានធ្វើឡើងយ៉ាងមហោឡារិក ចាប់តាំង​ពីព្រលានយន្តហោះ រហូតដល់ពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការដោយ​លោក​ប្រធានាធិបតី។ ដំណើរអញ្ជើញដល់ ក៏ដូចជាពិធីទទួលបដិ​សណ្ឋារកិច្ចរបស់សម្តេច ត្រូវបានផ្សាយផ្ទាល់ដោយបណ្តាញផ្សព្វ​ផ្សាយ​​របស់​ឥណ្ឌូនេស៊ីថែមទៀតផង។

លោកប្រធានាឥណ្ឌូនេស៊ី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានលើកឡើងថា ជា​កិត្តិយដ៏ខ្ពង់ខ្ពស់សម្រាប់រូបលោក ដែលបានទទួល​សម្តេច​តេជោ ​នៅ​ឥណ្ឌូនេស៊ី បន្ទាប់ពីរូបលោកបានជួបសម្តេចនៅភ្នំពេញ កាលពី​ខែកញ្ញា ឆ្នាំ២០២៤ មុនស្បថចូលកាន់ដំណែង។

លោកប្រធានាធិបតីបានលើកឡើងថា ក្នុងតំបន់អាស៊ីអាគ្នេយ៍​សម្តេច​ជា​រដ្ឋបុរស ដែលមានបទពិសោធន៍ដឹកនាំប្រទេសយូរឆ្នាំ។

លោកប្រធានាធិបតីឥណ្ឌូនេស៊ី បានគូសរំលេចថា ឥណ្ឌូនេស៊ីតែងតែ​ប្តេជ្ញា​លើកកម្ពស់កិច្ចសន្ទនា ការផ្សះផ្សាជាតិ និងដោះស្រាយទំនាស់​ដោយ​សន្តិវិធីនៅកម្ពុជា កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ ដែលប្រវត្តិនេះ ជាគ្រឹះសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៊ី លើគ្រប់វិស័យ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងក្រ​ប​ខណ្ឌ​អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ឯកឧត្តមប្រធានាធិបតី ដែលជា​មិត្តចាស់ ដោយសម្តេច និងលោកប្រធានាធិបតី បានស្គាល់គ្នាជាង ៣០ឆ្នាំមក​ហើយ។ សម្តេចតេជោបន្តថា កម្ពុជាមានចំណងមិត្តភាព​ជា​មួយឥណ្ឌូនេស៊ីជាង ៣៧ឆ្នាំហើយ ចាប់តាំងពីចរចាស្វែងរកសន្តិ​ភាព​​មក។ ដូច្នេះសមិទ្ធផលកម្ពុជានៅពេលនេះ មិនអាចកាត់ផ្តាច់​ពីការ​ជួយរបស់ឥណ្ឌូនេស៊ីឡើយ។

សម្តេចតេជោ ហ៊ុន សែន បានអរគុណ និងគោរពចំពោះការ​ចូលរួម​រប​ស់​ឥណ្ឌូនេស៊ី ក្នុងការជួយដល់កម្ពុជា។ សម្តេចតេជោ បន្តថា កម្ពុជា និងឥណ្ឌូនេស៊ី ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាំង​នៅ​ក្រប​ខណ្ឌទ្វេភាគី និងអាស៊ាន។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអបអរសាទរចំពោះជោគជ័យ​នៃ​ការ​បោះឆ្នោតកន្លងទៅ ដែលលោកប្រធានាធិបតី ទទួលបានជ័យ​ជម្នះ​ភ្លូកទឹកភ្លូកដី។ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា លើកឡើងទៀតថា ថ្មីៗនេះ ឥណ្ឌូនេស៊ី បានក្លាយជាអធិរាជផ្នែកស្បៀង ហើយក៏ជា​អធិ​រាជផ្នែកសន្តិសុខឋាមពលផងដែរ តែកម្ពុជាវិញ មានសន្តិសុខស្បៀង តែខ្វះសន្តិសុខឋាមពល។

សម្តេចតេជោសង្ឃឹមថា ភាគីទាំងពីរនឹងអាចជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការហោះហើរ ឱ្យខ្លាំងក្លាថែមទៀត។

ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បាននាំយកព្រះរាជបន្ទូលព្រះមហាក្សត្រខ្មែរ អញ្ជើញលោកប្រធានា​ធិប​តី​ឥណ្ឌូនេស៊ី បំពេញទស្សនកិច្ចនៅកម្ពុជាក្នុងវេលាសមស្របផងដែរ។ សម្តេចតេជោ បញ្ជាក់ថា កន្លងទៅ ប្រធានាធិបតីឥណ្ឌូនេស៊ីជាច្រើនរូប បានទស្សនកិច្ចនៅកម្ពុជា។

លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានថ្លែងអំណរព្រះគុណ​ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ចំពោះការអញ្ជើញរូបលោក។ លោកប្រធានាធិបតី បានជម្រាបសម្តេចតេជោថា លោកសូមទទួលយកការអញ្ជើញនេះ ហើយនឹងបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលខាងមុខ។

លោកប្រធានាធិបតី ក៏បានផ្តាំតាមសម្តេចតេជោ នូវសេចក្តីនឹករលឹក​របស់លោក ថ្វាយព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ផង​ដែរ។

បន្ថែមពីលើនេះ លោក ប្រាបូវ៉ូ បានជម្រាបសម្តេចតេជោទៀតថា ក្នុង​រយៈពេល៦ខែ ដែលលោកធ្វើជាប្រធានាធិបតីឥណ្ឌូនេស៊ី ប្រទេស​ឥណ្ឌូ​​នេស៊ី បានទទួលសមិទ្ធផលខាងផ្នែកសន្តិសុខស្បៀង ជាមួយ​ការ​យកចិត្តទុកដាក់សន្តិសុខឋាមពល ជាពិសេសជំរុញការ​វិនិយោគ​ផ្នែកសន្តិសុខឋាមពល។

លោកប្រធានាធិបតីបន្តថា ឥណ្ឌូនេស៊ី ចង់ឱ្យកម្ពុជាចុះ​អនុស្សា​រណៈ​នៃ​ការយោគយល់គ្នាលើផ្នែកនេសាទ ហើយឥណ្ឌូនេស៊ី ត្រៀមឱ្យ​មាន​កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឯកជនផ្នែកនេសាទ និងឋាមពល​នៃ​ប្រទេសទាំងពីរ។

ពាក់ព័ន្ធនឹងការហោះហើរត្រង់រវាងប្រទេសទាំងពីរ លោក ប្រាបូវ៉ូ លើកឡើងថា បច្ចុប្បន្ននេះជើងហោះហើររបស់ក្រុមហ៊ុន AirAsia Cambodia មានជើងហោះហើរទៅកោះបាលី របស់ឥណ្ឌូនេស៊ី រីឯក្រុមហ៊ុនឥណ្ឌូនេស៊ី ក៏កំពុងសិក្សា ដើម្បីបើកជើង​ហោះហើរ​ទៅ​ខេត្តសៀមរាបផងដែរ។

ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងលោក ប្រាបូវ៉ូ ពេញចិត្ត​នឹង​កិច្ចសហប្រតិបត្តិការរវាងយោធា និងយោធានៃប្រទេសទាំង​ពីរដែល​មាន​សន្ទុះល្អ ហើយមេដឹកនាំទាំងពីរបន្តជំរុញឱ្យ​ពង្រីក​បន្ថែម។ លើស​ពីនេះ ភាគីទាំងពីរជជែកពីការសហការគ្នា​ដោះស្រាយ​ឧក្រិដ្ឋ​កម្មឆ្លង​ដែន លើបទឆបោកតាមអនឡាញ និងបញ្ហាគ្រឿងញៀនជាដើម៕