(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក Kim Wansup រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ ព្រមជាមួយលោកបណ្ឌិត Jungho An អនុប្រធានសាជីវកម្មធនធានទឹកកូរ៉េ ( K-water) បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងវេទិកាសហប្រតិបត្តិការឧស្សាហកម្មទឹក។

វេទិកានេះ រួមមានសិក្ខាសាលាបច្ចេកទេស ការតាំងពិព័រណ៌បច្ចេកវិទ្យាទឹក និងកិច្ចជំនួបអាជីវកម្ម ដែលរៀបចំឡើងនៅសណ្ឋាគារហៃយ៉ាតភ្នំពេញ ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល អង្គការអន្តរជាតិ និងសហគ្រាសទឹកឯកជន ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ដើម្បីជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការច្នៃប្រឌិតក្នុងវិស័យទឹក។

ថ្លែងក្នុងឱកាសបើកវេទិកា លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានមានប្រសាសន៍អំពីបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ កំណើនប្រជាជន និងការពង្រីកឧស្សាហកម្ម និងបានបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់កិច្ចសហប្រតិបត្តិការ ការច្នៃប្រឌិត និងការវិនិយោគក្នុងការគ្រប់គ្រងទឹក។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នៃក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ និងការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ជាមួយនឹងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព។

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា ក៏បានគូសបញ្ជាក់ពីការបង្កើនផលិតភាព ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅ តាមរយៈការវិនិយោគលើប្រព័ន្ធធារាសាស្រ្ត ការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព ការកែច្នៃកសិកម្មក្នុងស្រុក និងការបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា។ លោករដ្ឋមន្ត្រី ក៏បានបង្ហាញពីគោលបំណងរបស់កម្ពុជាក្នុងការរៀបចំយុទ្ធសាស្ត្រ និងផែនការមេធនធានទឹកជាតិ ដើម្បីធានាការបែងចែកទឹកប្រកបដោយសមធម៌ លើកទឹកចិត្តដល់កសិកម្មឆ្លាតវៃ និងការលើកកម្ពស់ដំណាំដែលផ្តល់ទិន្នផលហិរញ្ញវត្ថុខ្ពស់ និងបង្កើតការងារបន្ថែមទៀត។

សូមជម្រាបថា វេទិកាសហប្រតិបត្តិការឧស្សាហកម្មទឹកជាវេទិកាអន្តរជាតិ ដែលសហការរៀបចំដោយក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងពង្រឹងភាពជាដៃគូ ការចែករំលែកចំណេះដឹង និងការបង្ហាញពីបច្ចេកវិទ្យាគ្រប់គ្រងទឹកដ៏ទំនើប ព្រមទាំងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងទឹកជាសកល ប្រកបដោយភាពច្នៃប្រឌិត និរន្តរភាព និងវិបុលភាពរួមគ្នា ជំរុញវឌ្ឍនភាពឆ្ពោះទៅរកការទទួលបានទឹកស្អាត កសិកម្មដែលធន់នឹងអាកាសធាតុ និងលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាដើម្បីសន្តិសុខទឹកនៅកម្ពុជា៕