(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥នេះ មានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប របាយការណ៍ ស្តីពីការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ និងរបាយការណ៍ ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការដំឡើងឋានន្តរស័ក្តិ និងថ្នាក់សម្រាប់អ្នករាជការ គ.ជ.ប ឆ្នាំ២០២៥។
ក្រោយពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាតាមរបៀបវារៈនីមួយៗ រួចហើយអង្គប្រជុំ គ.ជ.ប បានកែសម្រួលខ្លឹមសារនៃកំណត់ហេតុលើចំណុចនីមួយៗ បន្ទាប់មកអង្គប្រជុំ គ.ជ.ប បានឯកភាព ដូចខាងក្រោម៖
១៖ របៀបវារៈទី១៖ បានឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។
២៖ របៀបវារៈទី២៖ បានពិនិត្យកែសម្រួល និងសម្រេចលើរបាយការណ៍ ស្តីពីការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ ដែលមានចំនួន១៦ទំព័រ មានឧបសម្ព័ន្ធចំនួន១០។
៣៖ របៀបវារៈទី៣៖ បានសម្រេចលើរបាយការណ៍ ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការដំឡើងឋានន្តរស័ក្តិ និងដំឡើងថ្នាក់ សម្រាប់អ្នករាជការ គ.ជ.ប ចំនួន ១៨២ រូបសម្រាប់ឆ្នាំ២០២៥ រួមមានដូចខាងក្រោម៖
ក. ដំឡើងឋានន្តរស័ក្តិមានចំនួន ២១ រូប៖
* ដំឡើងឋានន្តរស័ក្តិពីអនុមន្ត្រី ក.៣.១ ទៅ ក.២.៤ មានចំនួន ១១ រូប។
* ដំឡើងឋានន្តរស័ក្តិពីវរមន្ត្រី ក.២.១ ទៅ ក.១.៦ មានចំនួន ១០ រូប។
ខ. ដំឡើងថ្នាក់មានចំនួន ១៦១ រូប៖
* ដំឡើងថ្នាក់ក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រីនៃក្របខណ្ឌមន្ត្រីបោះឆ្នោតជាន់ខ្ពស់មានចំនួន ៣១ រូប។
* ដំឡើងថ្នាក់ក្នុងឋានន្តរស័ក្តិវរមន្ត្រីនៃក្របខណ្ឌមន្ត្រីបោះឆ្នោតជាន់ខ្ពស់មានចំនួន ៣០ រូប។
* ដំឡើងថ្នាក់ក្នុងឋានន្តរស័ក្តិអនុមន្ត្រីនៃក្របខណ្ឌមន្ត្រីបោះឆ្នោតជាន់ខ្ពស់មានចំនួន ៩០ រូប។
* ដំឡើងថ្នាក់មន្ត្រីនៃក្របខណ្ឌមន្ត្រីបោះឆ្នោតបឋមមានចំនួន ១០ រូប។
លោក ប្រាជ្ញ ចន្ទ បានថ្លែងថា បន្ទាប់ពីលោកចុះពិនិត្យមើលការងារ ចុះឈ្មោះបោះឆ្នោតនៅតាមសង្កាត់មួយចំនួន ក្នុងរាជធានីភ្នំពេញ រួមទាំងព័ត៌មានដែលទទួលបាន លោកបានវាយតម្លៃថា តួលេខអ្នកមកចុះឈ្មោះបោះឆ្នោត និងតួលេខអ្នកមកធ្វើទិន្នន័យជីវមាត្រ ក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ គឺនៅទាបនៅឡើយ។
លោកប្រធាន គ.ជ.ប បានណែនាំដល់លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ត្រូវរិះរកវិធីជំរុញការងារនេះជាបន្តទៀត ដើម្បីឱ្យការចុះឈ្មោះបោះឆ្នោត រួមទាំងការធ្វើទិន្នន័យជីវមាត្រ សម្រេចបានតាមផែនការ គឺត្រូវណែនាំទៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត បន្ថែមទៀត ឱ្យសហការជាមួយអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋបានយល់ដឹង ឱ្យកាន់តែទូលំទូលាយ។
ជាពិសេសទៅទៀត គឺការធ្វើទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត (ដែលភាសាសាមញ្ញ គឺថតរូបថ្មី និងផ្តិតមេដៃឡើងវិញ) សម្រាប់អ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦៕