(ភ្នំពេញ)៖ ឌីជីថលនីយកម្ម អាចជាឧបករណ៍ដ៏មានឥទ្ធិពលមួយ ក្នុងការជួយកាត់បន្ថយវិសមភាពសេដ្ឋកិច្ច ដែលមានជាយូរមកនៅអាស៊ី និងប៉ាស៊ីហ្វិក ប៉ុន្តែដើម្បីទាញយកសក្តានុពល របស់វា រដ្ឋាភិបាលចាំបាច់ត្រូវបង្រួម «គម្លាតឌីជីថល» រួមទាំងគម្លាតក្នុងហេដ្ឋារចនាសម្ព័ន្ធ លទ្ធភាពប្រើប្រាស់ និងជំនាញ នេះបើយោងតាមរបាយការណ៍ថ្មីមួយ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ទោះបីជាប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក បានដើរលឿនជាងតំបន់ផ្សេងទៀត ក្នុងការអភិវឌ្ឍឌីជីថលក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះក៏ដោយ ក៏អត្ថប្រយោជន៍មិនត្រូវបាន ចែករំលែកស្មើៗគ្នា នោះទេ។ ជាឧទាហរណ៍ នៅទូទាំងតំបន់ ភាគរយនៃអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងទីក្រុងគឺខ្ពស់ជាង អ្នករស់នៅ តាមទីជនបទ១៣% នេះបើយោងតាម របាយការណ៍គោលនយោបាយអភិវឌ្ឍអាស៊ីឆ្នាំ ២០២៥៖ លើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីផលជះវិជ្ជមាន (Asian Development Policy Report 2025: Harnessing Digital Transformation for Good)ដែលចេញផ្សាយនៅថ្ងៃនេះ។

ល្បឿនទាញយកឯកសារពីអ៊ីនធឺណិតតាមទូរសព្ទដៃនៅទីក្រុងក៏លឿនជាងនៅតាមទីជនបទដល់ទៅ ៣៨% ដែរ។ ការសិក្សាពីមុនក៏បានរកឃើញផងដែរថា ប្រទេសកំពុងអភិវឌ្ឍជាច្រើននៅអាស៊ី និងប៉ាស៊ីហ្វិក មានភាពយឺតយ៉ាវក្នុងផ្នែក បរិយាបន្នឌីជីថល ហើយជាទូទៅមានកម្រិតជំនាញឌីជីថលទាប។

ទន្ទឹមនឹងនេះ បើទោះបីជាមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយ ក៏វិសមភាពសេដ្ឋកិច្ចនៅតែបន្តកើតមាននៅក្នុងតំបន់។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី មេគុណ Gini ជាមធ្យមដែលវាស់វែងដោយប្រើទំហំចំនួនប្រជាជន (population-weighted average Gini coefficient) — ដែលជាមធ្យោបាយគណនាវិសមភាពតាមប្រទេស ក្នុងឆ្នាំ២០២២ មានចំនួន៦% ខ្ពស់ជាងឆ្នាំ១៩៩០។ គិតត្រឹមឆ្នាំមុន១៨.៩% នៃចំនួនប្រជាជនក្នុងតំបន់ត្រូវបានចាត់ថ្នាក់ថាជាអ្នកក្រ ដែលរស់នៅជាមួយការចាយវាយតិចជាង៣.៦៥ដុល្លារក្នុងមួយថ្ងៃ។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានថ្លែងថា «ការរីកចម្រើនផ្នែកឌីជីថលយ៉ាងឆាប់រហ័សរបស់អាស៊ី និងប៉ាស៊ីហ្វិក ធ្វើឱ្យតំបន់នេះស្ថិតក្នុងស្ថានភាព អាចទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើន។ រដ្ឋាភិបាលដែលលើកកម្ពស់បរិយាបន្ន និងនិរន្តរភាពឌីជីថលនីយកម្ម មានឱកាសជំរុញផលិតភាពនិងនវានុវត្តន៍ទូទៅ ព្រមទាំងកាត់បន្ថយវិសមភាពសេដ្ឋកិច្ចផងដែរ»

ឌីជីថលនីយកម្មអាចកាត់បន្ថយវិសមភាព ដោយការពង្រីកលទ្ធភាពទទួលបានសេវាមូលដ្ឋានដូចជាហិរញ្ញវត្ថុ និងការអប់រំផ្ទាល់ខ្លួន ឬដោយការជួយម្ចាស់អាជីវកម្មខ្នាតតូច ក្នុងការដោះស្រាយឧបសគ្គដូចជាកង្វះលទ្ធភាពទទួលបានហិរញ្ញប្បទាន ឬបណ្តាញអាជីវកម្មជាដើម។ ការរីចម្រើនផ្នែកឌីជីថលក៏ អាចជួយពន្លឿនការផ្លាស់ប្តូរទៅរកការអភិវឌ្ឍកាបូនទាប និងធ្វើឱ្យសហគមន៍ក្នុងតំបន់កាន់តែមានភាព ធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយ ឧទាហរណ៍ តាមរយៈការគាំទ្រ គំរូនិងការវិភាគ ដើម្បីកែលម្អការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ និង ការព្យាករដំណើរអាកាសធាតុដើម្បីកំណត់ដំណោះស្រាយដូចជា ការជ្រើសរើសដំណាំដែលធន់នឹងអាកាសធាតុ។

របាយការណ៍នេះ ផ្តល់អនុសាសន៍ជូនរដ្ឋាភិបាលក្នុងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក ឱ្យប្រកាន់យកយុទ្ធសាស្រ្តឌីជីថលជាតិដែលរួមបញ្ចូលបរិយាបន្ន និង គោលដៅប្រកបដោយនិរន្តរភាព ហើយបង្កើតគោលនយោបាយ កែសម្រួលតាមមូលដ្ឋាន ដែលលើកកម្ពស់គោលបំណងទាំងនេះ។ រដ្ឋាភិបាល គួរតែចូលរួមជាមួយវិស័យឯកជន អង្គការសង្គមស៊ីវិល ក៏ដូចជាសហគមន៍ជាតិ និងអន្តរជាតិ។

ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីឈានមុខគេមួយដែលគាំទ្រកំណើនប្រកបដោយ បរិយាបន្ន ភាពធន់ និង និរន្តរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ក្នុងកិច្ចសហការជាមួយសមាជិក និងដៃគូរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ជីវិតរស់នៅ កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB គ្រប់គ្រងដោយសមាជិកចំនួន ៦៩ ដែលក្នុងនោះមាន ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕